ក្រុង​ហុងកុង ​ធ្លាក់​ចូល​ក្នុង​ភាពវឹកវរ​ជាថ្មី​

463

(អន្តរជាតិ)៖ នៅថ្ងៃទី២០ ខែតុលានេះ ​ក្រុមអ្នកតវ៉ា​បាន​គប់​គ្រាប់បែក​ដក​សាំង​ហើយ​បាន​បញ្ចេញ​កំហឹង​ដាក់​ហាង​មួយចំនួន​ដែលមាន​ទំនាក់ទំនង​ជាមួយ​ប្រទេស​ចិនដីគោក​នៅពេលដែល​ពួកគេ​បាន​ប៉ះទង្គិច​​គ្នា​។

ការប៉ះទង្គិចនៅ​ពេលយប់​ជាមួយនឹង​ក្រុម​ប៉ូលិស ដែល​បាន​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​ជាច្រើន​ទៅលើ​ក្រុមអ្នកតវ៉ា ដោយ​បាន​ធ្វើឱ្យ​ប៉ះពាល់​ដល់​ប្រជាជន​និង​អ្នកធ្វើដំណើរ​ឆ្លងកាត់​​តំបន់​នោះ​។​ ​

នេះ​ជា​ការប៉ះទង្គិច​និង​ភាពវឹកវរ​ចុងក្រោយ​បំផុត​បន្ទាប់​ពី​មាន​ការតវ៉ា​​ជា​បន្តបន្ទាប់​ដែល​បាន​រំខាន​ដល់​ជីវិត​រស់នៅ​ក្នុង​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​នេះ​ចាប់​តាំងពី​ដើម​ខែ​មិថុនា​។​

​ក្រុម​អាជ្ញាធរ​មន្ទីរពេទ្យ​បាន​និយាយថា​មនុស្ស​២៤​នាក់​បាន​រង​របួស​និង​ព្យាបាល​នៅ​មន្ទីរពេទ្យ ដោយ​ក្នុងនោះ​មាន​៦​នាក់ បាន​រងរបួស​ធ្ងន់ធ្ង​រ​នៅក្នុង​ការតវ៉ា​កាលពី​ថ្ងៃ​​អាទិត្យ​នោះ​។ ​ប៉ូលិស​មិន​បាន​ផ្តល់​តួលេខ​នៃ​ការចាប់ខ្លួន​ទេ ប៉ុន្តែ​គេ​ឃើញ​មនុស្ស​ម្នាក់​ត្រូវបាន​ដាក់​ខ្នោះដៃ​ហើយ​នាំ​យក​ទៅ​៕​