បង្ក្រាប​ទីតាំង​អាជីវកម្ម​មួយ​កន្លែង​ត្រៀម​បើកហាង​ម៉ាស្សា ស្ទី​ម​-​សូ​ណា និង​បង្កប់​សេវា​ផ្លូវភេទ

569

(​ភ្នំពេញ)​ ៖ ​ទីតាំង​អាជីវកម្ម​មួយ​កន្លែង​របស់​ជនជាតិ​ចិន​ដែល​ត្រៀម​បើកហាង​ម៉ាស្សា ស្ទី​ម​-​សូ​ណា និង​បង្កប់​សេវា​ផ្លូវភេទ ត្រូវ​បានកម្លាំង​សមត្ថកិច្ច​បង្ក្រាប​ កាលពី​វេលា​ម៉ោង​៩ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០១៩ ដែល​ស្ថិត​នៅ​ចំណុច​ផ្ទះ​លេខ​៧Eo ផ្លូវ​លេខ​១៧២ ភូមិ​១០ សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។

ក្រោយ​ចុះ​ពិនិត្យ​ជាក់ស្តែង​បាន​រក​ឃើញ​ថា ទីតាំង​ខាងលើដែល​មាន​យីហោ ឡុ​ង​ពាន អ៊ី​ឡុ​ង​វ័ន ងូតទឹក ដែលបាន​ត្រៀម​បើក​ប្រកប​អាជីវកម្ម ម៉ាស្សា ស្ទី​ម​-​សូ​ណា និង​មាន​បង្ហាញ​នូវ​ផ្ទាំង​រូបភាព អាសអាភាស​ជា​ច្រើន​ផ្ទាំង​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​វប្ប​ធ៌​ម​ជាតិ តម្លៃ​ស្ត្រី និង​គ្រួសារ​ខ្មែរ រួម​ទាំង​មាន​ស្រោមអនាម័យ ដែល​មិន​ទាន់​ប្រើ​មួយ​ចំនួន​ធំ​ផង​ដែរ​។ ក្នុង​ប្រតិបត្តិការ​នេះ​ដែរ គណ​គណៈកម្មការ​បាន​សម្រេច​ធ្វើការ​ដកហូត​វត្ថុ​តាង​មួយ​ចំនួន​មាន​ដូច​ជា​៖

១-​ដកហូត​រូបភាព​អាសអាភាស​ទាំងអស់ ដែល​បាន​ដាក់​តាំង​បង្ហាញ​នៅ​លើ​ជញ្ជាំង​។

២-​ផ្អាក​អាជីវកម្ម​នេះ​បណ្តោះអាសន្ន​រង់ចាំ​បំពេញបែបបទ និង​ច្បាប់​អាជីវកម្ម​ត្រឹមត្រូវ​ទើប​អនុញ្ញាត ឲ្យ​ប្រកប​អាជីវកម្ម​វិញ​បាន​។

៣-​មិន​អនុ​ញ្ញា​ឲ្យ​ដាក់​តាំង​រូបភាព​អាសអាភាស ឬ​ខ្លឹមសារ​ផ្សេង​ៗ ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​សីលធម៌​សង្គម​។

៤-​ហាម​ដាច់ខាត​ធ្វើ​អាជីវកម្ម​បម្រើសេវា​ផ្លូវភេទ ការ​ប្រើប្រាស់​គ្រឿងញៀន ឬ​យក​ទីតាំង​អាជីវកម្ម​ប្រព្រឹត្ត​បទល្មើស​ផ្សេង​ៗ​។

ក្រៅពី​សម្ភារ​ខាងលើ​នេះ គណៈកម្មការ​ចម្រុះ​ពុំ​បាន​ដកហូត​សម្ភារ​ផ្សេង​ៗ ដែល​មិន​ពាក់ព័ន្ធ​ឡើយ និង​បាន​ឲ្យ​ម្ចាស់​ទីតាំង​ខាងលើ ធ្វើការ​ផ្តិត​មេដៃ​លើ​កំណត់ហេតុ​ផង​ដែរ​៕