អបអរសាទរ! លោក គួច ចំរើន និងលោក សាយ សំអាល់ អញ្ជើញប្រគល់រង្វាន់ម៉ូតូ១គ្រឿង​រួមទាំងថវិកា១០០០ដុល្លា ជូនក្មួយៗប្រលងជាប់សញ្ញាបត្រមធ្យមសិក្សាទុរតិយភូមិ​ និទ្ទេសAចំនួ​ន១៣នាក់

501

(ព្រះសីហនុ)៖ នាព្រឹកថ្ងៃសៅរ៍ ទី១២ ខែតុលា ឆ្នាំ២០១៩ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំពិធីសំណេះសំណាលជាមួយបេក្ខជនប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនិទ្ទេស “A” នៅវិទ្យាល័យ ហ៊ុន សែន ក្រុង ស្ថិតនៅសង្កាត់លេខ៣ ក្រុង ខេត្តព្រះសីហនុ ក្រោមអធិបតីពីលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ ។

គ្រឹះស្ថានសិក្សាមានសិស្សប្រឡងទទួលបាននិទ្ទេសA មានចំនួន៥ ក្នុងនោះ ៖ វិទ្យាល័យក្រុងព្រះសីហនុ មាននិទ្ទេស A ៥នាក់ ស្រី ២នាក់ , វិទ្យាល័យជីវិតចំនួន ៣នាក់ ស្រី , វិទ្យាល័យហ៊ុនសែនមិត្តភាពចំនួន ២នាក់ ប្រុសទាំង២ , វិទ្យាល័យហ៊ុនសែនវាលរេញ ២នាក់ ប្រុស និងវិទ្យាល័យហ៊ុនសែនព្រៃនប់ ០១នាក់ ស្រី ។

លោក គួច ចំរើន អភិបាលខេត្ត ព្រះសីហនុ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំមន្ត្រីការិយាល័យជំនាញ គណៈគ្រប់គ្រងវិទ្យាល័យមលោកគ្រូ អ្នកគ្រូ គ្រឹះស្ថានសាធារណៈ និងឯកជនបានខិតខំបង្ហាត់បង្រៀនក្មួយៗសិស្សជ័យលាភីក្នុងសម័យប្រឡង១៩ សីហា ២០១៩ បានទទួលលទ្ធផលល្អយ៉ាងត្រចេះត្រចង់ ក្នុងការកសាងសមត្ថភាព និងអភិវឌ្ឍធន ធានមនុស្សប្រកបដោយគុណភាពសមត្ថភាព និងគុណធម៌ ជាកត្តាគន្លឹះសម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ច និងភាពប្រកួតប្រជែង ពិសេសក្នុងពេលដែលកម្ពុជាឈានចូលជាប្រទេសចំណូលមធ្យមកម្រិតទាបក្នុងពេលដ៏ខ្លីខាងមុខ ហើយបន្តឡើងទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ តាមចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាល ។

លោក សាយ សំអាល់ ក៏បានជំរុញឲ្យមន្ត្រីអប់រំខេត្តព្រះសីហនុ បង្កើតចលនាប្រឡងប្រណាំងគ្រូគំរូ សាលារៀនគំរូ និងការប្រឡងប្រណាំងតាមសាលានីមួយៗផងដែរ ដើម្បីពង្រឹងគុណភាពសិក្សា ស្រប តាមចក្ខុវិស័យរបស់ក្រសួងអប់រំ និងរាជរដ្ឋាភិបាលកម្ពុជា ។
ក្នុងឱកាសនោះក៏ចែករង្វាន់សិស្ស ជ័យលាភីនិទ្ទេស A ១៣នាក់ ក្នុងម្នាក់ទទួលបានម៉ូតូ ០១គ្រឿង និងថវិកា ១.០០០ដុល្លា ដោយឡែកសិស្សនិទ្ទេស B បានទទួលបណ្ណសរសើរ ជាការលើកទឹកចិត្ត និងផ្តល់លិខិតសរសើរដល់សាលា ដែលមានសិស្សប្រឡងបាននិទ្ទេស A និងថវិកាមួយចំនួនផងដែរ ៕