ជនជាតិចិន បែកថ្នាំ ឡើងលើផ្ទះបំណងលោតសម្លាប់ខ្លួន ផ្អើលសមត្ថកិច្ចទាំងយប់

362

(ភ្នំពេញ) ៖ កាលពីវេលាម៉ោង៩យប់ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ ហេតុការណ៍​ភ្ញាក់ផ្អើលមួយ បន្ទាប់ពីបុរសជនជាតិចិនម្នាក់បានប្រើប្រាស់ថ្នាំញៀនលើសកម្រិត បែកគំនិតឡើងលើអគារបម្រុងលោតសម្លាប់ខ្លួន តែត្រូវបានសមត្ថកិច្ចសហការជាមួយអាវុធហត្ថចុះទៅអន្តរាគមន៍ នៅចំណុចមុខព្រលានយន្តហោះពោធិ៍ចិនតុង ក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។ បុរសជនជាតិចិនដែលបែកថ្នាំខាងលើ នៅមិនទាន់ស្គាល់ឈ្មោះនោះទេ ។

មុនពេលកើតហេតុគេឃើញបុរសម្នាក់ជាជនជាតិចិន បានឡើងលើអគារផ្ទះល្វែងកម្ពស់៣ជាន់ ហើយដោះអាវស្រាតខោ (នៅសល់តែលីអូ) យំស្រែក និងបំរុងលោតសម្លាប់ខ្លួន ទើបធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋ ព្រមទាំងមានជនជាតិចិនដូចគ្នាជួយស្រែក ពន្យល់ណែនាំ និងត្រៀមពូករៀបចំនៅខាងក្រោមដើម្បីទទួលកុំឲ្យធ្លាក់មករងរបួស និងប៉ះពាល់ដល់អាយុជីវិត ។

កម្លាំងអន្តរាគមន៍របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានយកឧបករណ៍សង្គ្រោះ ហើយឡើងទៅចាប់ក្រៀកចុះមកក្រោមទទួលបានជោកជ័យ ដោយមិនប៉ះពាល់ដល់អាយុជីវិតនោះឡើយ រួចបញ្ចូនទៅទីបញ្ចាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការអប់រំណែនាំ និងយកមកមណ្ឌលកែប្រែដើម្បីបន្សាបគ្រឿងញៀន ៕