បុគ្គល ម៉ន ផល្លា ជាមេខ្លោងដាក់ផែនការអនុវត្តបន្តដល់បក្ខពួករបស់ខ្លួន ដើម្បីធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលតាមគំនិត សម រង្ស៉ី

469

(ភ្នំពេញ)៖ លោក គឹម សន្ដិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងប្រាប់បណ្ដាញព័ត៌មានមួយក្នុងស្រុក នៅយប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩នេះថា ដីកាខ្លួនឈ្មោះ ម៉ន ផល្លា ដែលជាមេខ្លោងដាក់ផែនការអនុវត្តបន្ត ដើម្បីធ្វើរដ្ឋប្រហារ ធ្វើឡើងក្រោយពីមានការសារភាពរបស់ជនត្រូវចោទ ក្នុងបទ «រួមគំនិតក្បត់» ចំពោះមុខចៅក្រមស៊ើបសួរ។

លោក គឹម សន្ដិភាព បានលើកឡើងយ៉ាងដូច្នេះថា «យើងឃើញថា តាមសម្តីសារភាពចំពោះមុខចៅក្រមស៊ើបសួររបស់ជនត្រូវចោទ ឈ្មោះ សេង សុខន អតីតចៅសង្កាត់រងផ្សារដេប៉ូទី២ នៃអតីតគណបក្សសង្គ្រោះជាតិ និងជនត្រូវចោទម្នាក់ទៀត ក្នុងសំណុំរឿងឧក្រិដ្ឋរួមគំនិតក្បត់ ដែលបានសារភាពនូវកំហុសខ្លួន និងបានលាតត្រដាងនូវផែនការឧក្រិដ្ឋក្នុងការធ្វើរដ្ឋប្រហារ ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ និងរបបរាជានិយម ដោយខ្លួនបានទទួលផែនការអនុវត្តពីឈ្មោះ ម៉ន ផល្លា អតីតប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិ ប្រចាំរាជធានីភ្នំពេញ បន្ទាប់ពីឈ្មោះនេះ បានឡើងទៅទទួលយកផែនការអនុវត្តធ្វើរដ្ឋប្រហារ ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ និងរបបរាជានិយមពីទណ្ឌិត សម រង្ស៊ី និងបក្សពួក នៅប្រទេសម៉ាឡេស៊ីនាពេលកន្លងទៅ»។

អ្នកនាំពាក្យក្រសួងយុត្តិធម៌រូបនេះ បានអះអាងទៀតថា ការចេញដីកាបង្គាប់ឲ្យចាប់ខ្លួនបុគ្គល ឈ្មោះ ម៉ន ផល្លា គឺជាការអនុវត្តតាមនីតិវិធីច្បាប់ របស់ចៅក្រមស៊ើបសួរ លើជនដែលពាក់ព័ន្ធនឹងអំពើឧក្រិដ្ឋខាងលើនេះ។

សូមជំរាបថា នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩នេះ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួន លោក ម៉ន ផល្លា អតីតប្រធានប្រតិបត្តិ អតីតគណបក្សសង្គ្រោះជាតិ រាជធានីភ្នំពេញពីបទ «រួមគំនិតក្បត់» ក្នុងផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ តាមគំនិតរបស់ឧក្រិដ្ឋជន សម រង្ស៉ី។