ឈរ​យំ​​សំពះ​​ទេវតា​ រក​អ្នក​មាន​បុណ្យ​មេត្តា​​ជួយ​ផង​​

401

(ប៉ៃលិន) ៖ ​ពលរដ្ឋ​រស់នៅ​ក្នុងភូមិ​ផ្សារ​ព្រំ​ជើង បាន​នាំ​គ្នា​ហួសចិត្ត​គ្រប់​ៗ​គ្នា នឹក​អាណិតអាសូរ​ចំពោះ​ស្ត្រី​មេម៉ាយ​ក្រ​ខ្សត់​ម្នាក់​យ៉ាង​ខ្លោចចិត្ត ខណ​:​ដី​ជាង​១​ហិ​កតា ដែល​គាត់​ខំ​កាប់​ឆ្កា​ព្រៃ​ជាមួយ​ប្តី​រហូត​ស្រឡះ​ល្អ​ដែល​ពេល​នេះ​ប្តី​គាត់​បាន​ស្លាប់​ហើយ បែរជា​ត្រូវ​ក្រុម​ឈ្មួញ​បោក​យក​ទៅ​លក់​ឱ្យ​អ្នកមាន​លុយ​ឧកញ៉ា​ម្នាក់ បាន​ប្រាក់​រាប់​សែន​ដុល្លារ តែ​មិន​បានឱ្យ​ថ្លៃ​ដី​គាត់​សូ​ម្បី​តែ​១០០​រៀល​នោះ​ឡើយ ។ ពេល​នេះ​គាត់​មាន​តែ​ឈរ​យំ​បង្ហូរទឹកភ្នែក​លើកដៃ​សំពះ ស្រែក​ប្រាប់​លោកា និង​សុំ​អង្វរ​ឱ្យ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ជួយ​អន្តរាគមន៍​ផង គេ​ព័ទ្ធ​របង​យក​អស់ហើយ ។

ហេតុការណ៍​ស្ត្រី​មេម៉ាយ​ឈរ​យំ​នៅ​ក្បែរ​ដី​ដែល​ខ្លួន​ធ្លាប់​អាស្រ័យ​ផល​បាន​កើតឡើង កាលពី​រសៀល​ថ្ងៃ​ទី​៨ តុលា ស្ថិត​នៅ​ក្នុងភូមិ​ផ្សារ​ព្រំ​ជើង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។ ស្ត្រី​មេម៉ាយ​ដែល​ក្រុម​ឈ្មួញ​យក​ដី​លក់​ឱ្យ​ក្រុមហ៊ុន​លោក​ឧកញ៉ា​នេះ​ឈ្មោះ ឡុ​ង នឿ​ន អាយុ​៥៥​ឆ្នាំ ជា​ស្រី្ត​មេម៉ាយ​ក្រខ្សត់ មាន​ជំងឺ​ប្រចាំ​កាយ ហើយ​ប្តី​ក៏​ស្លាប់​ចោល​កាលពី​៨​ឆ្នាំ​មុន មានកូន​៦​នាក់ ប្រុស​៣​នាក់ ស្រី​៣​នាក់ រស់​ក្នុងភូមិ​ផ្សារ​ព្រំ​ជើង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។ បច្ចុប្បន្ន គាត់​ទុក​ផ្ទះ​ខ្ទម​ដ៏​តូច​កម្សត់​មួយ​ខ្នង​នេះ ឱ្យ​កូន​ៗ​ស្នាក់​នៅ ។ រីឯ​ខ្លួន​គាត់​សុខចិត្ត​ទៅ​សុំ​វត្ត (​វត្ត​សារ​វណ្ណ​)​ក្បែរ​នោះ ដើម្បី​ស្នាក់​អាស្រ័យ​បណ្តោះអាសន្ន​ទម្រាំ​តែ​អស់​ជីវិត​ពីលើ​ផែនដី ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​ស្ត្រី​មេម៉ាយ​ខាងលើ បាន​និយាយ​ទាំង​អួល​ដើម​ក និង​ទឹកភ្នែក​ហូរ​រហាម រៀបរាប់​ប្រាប់​​ថា មាន​ឈ្មួញកណ្តាល​រកស៊ី​ដី​១​ក្រុម ដែល​គាត់​ស្គាល់​បុរស​ម្នាក់ ឈ្មោះ ឈី​វ វ៉ា​ន់​សែត រស់នៅ​ក្នុង​ខេត្ត​ប៉ៃលិន បាន​ឃុបឃិត​គ្នា​ជាមួយ​អ្នកមាន​អំណាច​ក្នុង​ខេត្ត​ប៉ៃលិន​មួយ​ចំនួន លួច​ធ្វើ​ប្លង់​ដី​របស់​គាត់ រួច​យក​ទៅ​លក់​ឱ្យ​ក្រុមហ៊ុន​ឯកជន​របស់​លោក​ឧកញ៉ា​ម្នាក់ រស់នៅ​រាជធានី​ភ្នំពេញ ក្នុង​តម្លៃ​រាប់​សែន​ដុល្លារ ។

គាត់​មិនដឹង​បាន​ថ្លៃ​ប៉ុន្មាន​ច្បាស់លាស់​ទេ ដោយសារ​បន្ទាប់​ពី​ទទួល​បាន​ប្រាក់​មក ពួក​គេ​មិន​បាន​ចេញថ្លៃ​សំណង​ឱ្យ​គាត់ សូ​ម្បី​តែ​មួយ​រយ​រៀល​សោះឡើយ ។ ដោយសារ​តែ​ទទួល​រង​ការ​ឃុបឃិត​គ្នា​លួច​យក​ដី​គាត់​លក់​ដោយ​គ្មាន​ក្តី​មេត្តា​បែប​នេះ ។ គាត់​យំ​មិន​ស្តាយ​ទឹកភ្នែក​ទេ លើកដៃ​សំពះ​បណ្តើរ​សុំ​ក្តី​សណ្តោស​ជួយ​អន្តរាគមន៍ ពី​លោក​អភិបាលខេត្ត​ខណ​:​នឹក​ស្តាយស្រណោះ​ដី​ដែល​ខ្លួន​ធ្លាប់​អាស្រ័យ​ផល សម្រាប់​ចិញ្ចឹមជីវិត​ម្តាយ​និង​កូន​ៗ ។

គាត់​បន្ត​ឱ្យ​ដឹង​ទៀត​ថា កាលពី​ប៉ុន្មាន​ខែ​មុន​នេះ ខាង​លោក​ឧកញ៉ា​ដែល​ទិញ​ដី​នេះ​បាន​ហ៊ុម​ព័ទ្ធ​របង​ស័ង្កសី​យ៉ាង​រឹង​មាំ​ជិតឈឹង​អស់រលីង​ទៅ​ហើយ គ្មាន​សង្ឃឹម​អ្វី​ទៀត​ទេ គឺ​មិន​អាច​ឱ្យ​គាត់​ចូល​ទៅ​បង្កបង្កើត​ផល​ដាំ​បន្លែ ល្ពៅ ពោត ត្រសក់ សម្រាប់​បេះ​លក់​យក​លុយ​ទិញ​អង្ករ​ច្រក​ឆ្នាំង​ដូច​មុន​ទៀត​បាន​ឡើយ ។

អ្នកស្រី ឡុ​ង នឿ​ន បាន​រៀបរាប់​ពី​ប្រវត្តិ​ទុក្ខ​លំបាក​របស់​ខ្លួន ឱ្យ​ដឹង​ដែរ​ថា គាត់​បាន​ដាំ​បន្លែ​លក់ បាន​ប្រាក់​បន្តិចបន្តួច ដើម្បី​ចិញ្ចឹម​កូនចៅ ដោយ​ទូល​នឹង​កញ្ច្រែង​ដើរ​លក់​ត្រុ​ក​ៗ តាំងពី​ដើមភូមិ​រហូត​ដល់​ចុង​ភូមិ ពី​ព្រឹក​ព្រលឹម​រហូត​ដល់​ថ្ងៃត្រង់ មិន​បាន​បាយ​ចូល​ពោះ​សូ​ម្បី​១​គ្រាប់​នោះ​ឡើយ ទាល់តែ​លក់ដាច់​បាន​ប្រាក់ ទើប​យក​ទៅ​ទិញ​អង្ករ​ដាំបាយ​ហូប​ជួបជុំ​កូន​បាន ។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ គាត់​គ្មាន​សល់​អ្វី​ទៀត​ទេ លែង​មានការ​ដាំ​ដុះ​ទៀត​ហើយ ព្រោះ​គេ​យក​ស័ង្កសី​ទៅ​ហ៊ុម​ព័ទ្ធ​ធ្វើ​ជា​របង​ជិត​អស់រលីង ។

អ្នក​មីង​បាន​អះអាង​ទៀត​ថា ដី​នៅ​ចំណុច​ខាងលើ គឺ​គាត់​និង​ប្តី (​កាល​នៅ​រស់​) បាន​នាំ​គ្នា​កាប់​ឆ្ការព្រៃ​តាំងពី​ឆ្នាំ​២០០៧-២០០៨​មក​ម្ល៉េះ ហើយ​ក៏​បាន​ដាំ​ដំណាំ​ផ្សេង​ៗ​ជា​ច្រើន ដូច​ជា​ខ្នុរ ស្វាយ និង​បន្លែ​ជា​ច្រើន​មុខ​បេះ​លក់ បាន​ប្រាក់​ចិ​ញ្ចិ​ម​កូន​ទាំង​៦​នាក់ តែ​ពេល​នេះ​ត្រូវ​បាន​គេ​ឈូស​ឆាយ​ខ្ទេចខ្ទី​អស់ សូ​ម្បី​តែ​ផ្នូរខ្មោច​ប្តី​របស់​គាត់​នៅ​ក្នុង​ដីចម្ការ​នេះ ក៏​ត្រូវ​ឈូស​ខ្ទេច​អស់​ដែរ គឺ​លួច​យក​ដី​គាត់​លក់​ហើយ​ឈូស​ទាំង​ផ្នូរខ្មោច​ប្តី​គាត់​ចោល​ទៀត ។

អ្នកស្រី​បន្ថែម​ថា តាំងពី​គេ​យក​ដី​គាត់​លក់ គាត់​មិន​បាន​ដាំ​ដុះ​នៅ​កន្លែង​នោះ​ទៀត​ទេ ព្រោះ​ត្រូវ​បាន​គេ​ហាមឃាត់ ហើយ​គាត់​និង​កូន​ៗ មាន​តែ​ដើរ​ធ្វើ​កម្មករ​ស៊ីឈ្នួល​គេ​ដើម្បី​រក​ប្រាក់​ចិញ្ចឹមជីវិត ។ អ្នក​មីង​ក៏​សុំ​អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ​ខេត្ត គឺ​លោក ផា​ន់ ចាន់​ធុ​ល អភិបាលខេត្ត​ប៉ៃលិន លោក​ជំទាវ បាន ស្រី​មុំ អ្នក​តំណាង​រាស្ត្រ​មណ្ឌល​ប៉ៃលិន ព្រមទាំង​សម្តេច​តេ​ជោ ហ៊ុន សែន ជាទី​គោរព​ដ៏​ខ្ពង់ខ្ពស់​ឱ្យ​ជួយ​អន្តរាគមន៍ និង​ដោះស្រាយ​ជូន​គាត់​ផង ព្រោះ​ដី​ខាងលើ​នេះ គាត់​បាន​កាន់កាប់​ជាង​១០​ឆ្នាំ​មក​ហើយ ។ ម្យ៉ាងវិញទៀត ជីវ​ភាព​ពេល​នេះ​ក្រីក្រ​លំបាក​តោកយ៉ាក​វេទនាណាស់ ដោយ​មាន​ជំងឺ​ប្រចាំ​កាយ​មិន​អាច​ធ្វើការ​ធ្ងន់​អ្វី​បាន​នោះ​ទេ ។

ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ​លោកប៉ា​ង គឹ​ម​អេ​ង ជំទប់​ទី​១ ឃុំ​ស្ទឹង​កាច់ លោក ព្រាប​សា​រុន មេ​ភូមិ​ផ្សារ​ព្រំ​ជើង​បានឱ្យ​ដឹង​ដូច​ៗ​គ្នា​ថា ដី​ខាងលើ​ពិតជា​ដី​របស់​ស្ត្រី​ឈ្មោះ ឡុ​ង នឿ​ន កាន់កាប់​ពី​មុន​មក​ប្រាកដ​មែន ព្រោះ​គាត់​បាន​ឆ្កា​ព្រៃ និង​អាស្រ័យ​ផល​តាំងពី​យូរណាស់​មក​ហើយ តែ​ដល់​ពេល​ដី​ឡើងថ្លៃ​មានការ​លក់ដូរ ប្រហែលជា​គាត់​ធ្វើការ​ដោះ​ដូរ​ជាមួយ​ឈ្មួញ​យ៉ាងណា​នោះ​ហើយ ខាង​លោក​ក៏​មិនសូវ​បានដឹង​ច្បាស់​នោះ​ដែរ ។

ចំណែក​លោក ឈី​វ វ៉ា​ន់​សែត ជា​ឈ្មួញកណ្តាល ដែល​រៀបចំ​ដី​ខាងលើ​នេះ​លក់ ភ្នាក់ងារ​យើង​បាន​ទាក់ទង​សួរនាំ ដើម្បី​បំភ្លឺ​ជា​ច្រើន​ដង​ដែរ តែ​ខាង​លោក​បាន​បិទ​ទូរស័ព្ទ មិន​អាច​ទាក់ទង​បាន​ឡើយ គឺ​ស្ងាត់​ដូច​លួច​ដី​គេ​លក់​មែន​ទេ​ដឹង ។ បើ​ដូច្នោះ​មែន អត់​រួចខ្លួន​ទេ ។ ទោះបីជា​យ៉ាងណា​ក៏​ដោយខាងសារព័ត៌មាន​បាន​ទាក់ទង​ទៅ​លោក​ឧកញ៉ា ហេង ហាក់​ម៉ុង ដើម្បី​បំភ្លឺ​ចំពោះ​បញ្ហា​នេះ​ដែរ ដោយ​លោក​បាន​រៀបរាប់​ឱ្យ​ដឹង​ថា ខាង​ក្រុមហ៊ុន​លោក​បាន​ទិញ​ដី​ខាងលើ តាម​ឯកសារ​ដែល​ឈ្មួញ និង​អាជ្ញាធរ​ខេត្ត​រៀបចំ​ជូន​ប៉ុណ្ណោះ ហើយ​ក៏​បាន​ប្រគល់​ប្រាក់​ឲ្យ​ម្ចាស់​ដី​ដែល​ជាប់​ពាក់ព័ន្ធ​ទាំង​អស់នោះ រួចរាល់​អស់ហើយ​ដែរ ។

លោក​ឧកញ៉ា​បន្ត​ទៀត​ថា ចំណែក​មាន​អ្នក​មក​អះអាង​ថា មាន​គេ​យក​ដី​របស់​ខ្លួន​លក់ តែ​មិន​ទាន់​បាន​ទទួល​ប្រាក់​ថ្លៃ​ដី​នោះ សូម​ឱ្យ​ខាង​លោក ឈី​វ វ៉ា​ន់​សែត ធ្វើការ​ដោះស្រាយ​ជាមួយនឹង​ប្រជាពលរដ្ឋ​ទាំងនោះ​ទៅ ចំណែក​ខាង​លោក​មិន​ពាក់ព័ន្ធ​នោះ​ឡើយ ៕