តុលាការកំពូល​​​ នឹងបើកសវនាការរឿងក្តីយុវជន​ គង់​ រ៉ៃយ៉ា​ ពាក់ព័ន្ធការប្រកាសលក់អាវលោកបណ្ឌិត​ កែម​ ឡី​ នាថ្ងៃទី២៨ ខែតុលា ខាងមុខ

364

(ភ្នំពេញ) ៖ តុលាការកំពូល​​​ នឹងបើកសវនាការរឿងក្តីយុវជន​ គង់​ រ៉ៃយ៉ា​ ករណីញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍​ ពាក់ព័ន្ធការប្រកាសលក់អាវលោកបណ្ឌិត​ កែម​ ឡី​ នៅព្រឹកថ្ងៃទី២៨​ ខែតុលា​ ខាងមុខនេះ។ មេធាវីការពារក្តីយុវជន​ គង់​ រ៉ៃយ៉ា​ ថ្លែងប្រាប់​នៅរសៀលថ្ងៃទី១១​ ខែតុលា​ ថា​ សវនាការនេះ​ ជាការស្នេីសុំនៅក្រៅឃុំបណ្តោះអាសន្ន​ ហេីយលោកសង្ឃឹមថាតុលាការកំពូល​ នឹងអនុញ្ញាតអោយកូនក្តីនៅក្រៅឃុំ​ ។

លោកមេធាវី​ បន្តថា​ មានមូលហេតុច្រេីនយ៉ាងដែលតុលាការកំពូល​ គប្បីអនុញ្ញាតអោយកូនក្តីនៅក្រៅឃុំ​ ដោយលោក​ គង់​ រ៉ៃយ៉ា​ មានក្រុមគ្រួសារ​ មានកូនតូច​ និង​ សំណុំរឿងនេះ​ ត្រូវបានចៅក្រមស៊េីបសួរសាលាដំបូងរាជធានីភ្នំពេញ​ បិទការស៊េីបសួរហេីយ​ ។

យុវជន​ គង់ រ៉ៃយ៉ា អាយុ២៨ឆ្នាំ ត្រូវដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ប្រព្រឹត្តនៅចំណុចផ្ទះលេខ៤ ផ្លូវបេតុងភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ​ កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ បទល្មើសព្រហ្មទណ្ឌដែលមានចែងមាត្រា៤៩៤និងមាត្រា៤៩៥នៃក្រមព្រហ្មទណ្ឌ​ ។

សូមបញ្ជាក់ថា​ កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩​ ប៉ូលិស បានចាប់ខ្លួនយុវជន៤នាក់ មានស្រី២នាក់​និងប្រុស២នាក់​ ដឹកនាំដោយយុវជន គង់ រ៉ៃយ៉ា ដែល បានប្រកាសលក់ អាវយឺត ដែលមានរូបលោក កែម ឡី ។ ប៉ុន្តែក្រោយការសាកសួរសមត្ថកិច្ចបានដោះលែង៣នាក់ឲ្យមានសេរីភាពវិញគឺបញ្ជូនតែយុវជន គង់ រ៉ៃ យ៉ា ម្នាក់ប៉ុណ្ណោះមកតុលាការ​ ៕