ផ្ទុះ​កំប៉ុង​ហ្គាស​ ឆេះទូក​នេសាទ​មួយ​គ្រឿង​ នៅ​លើ​ផ្ទៃ​សមុទ្រ​ឃ្លង​កោះពស់​ មនុស្ស​ពីរ​នាក់​រង​របួស​

240

(ព្រះសីហនុ) ៖ ការិយាល័យនគរបាលចរាចរណ៍ផ្លូវទឹក បានឲ្យដឹង​ថា រសៀល​ម៉ោង​១៣:៣០នាទី​ ថ្ងៃ​ទី​៩​ ខែ​តុលា​ឆ្នាំ​២០១៩​ នេះ​ទូក​នេសាទ​មួយ​គ្រឿង​បាន​ឆេះ​នៅលើផ្ទៃសមុទ្រចំណុច​ឃ្លង​កោះពស់​ ខេត្ត​ព្រះសីហនុ​ ។

ប្រភពបាន​បញ្ជាក់​ថា ក្រោយពេល​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម​ កម្លាំង​សមត្ថកិច្ច ចេញ​ទៅ​ជួយ​សង្គ្រោះ​ជនរងគ្រោះ​ជាបន្ទាន់​ ដោយ​មាន​ការ​ជួយ​ផ្តល់​មធ្យោបាយ​អូ​រប័រ ពីរ​គ្រឿង​របស់​លោក​ឧកញ៉ា​ទៀ​ វិចិត្រ​ និង​មាន​ការ​ចូល​រួម​ពី​ប្រជា​នេសាទ​ផង​ដែរ។

ជាប្រភេទទូកនេសាទក្តា​៨គូ ពណ៌ខៀវ ទទឹង២.៥ម៉ែត្រ បណ្តោយប្រវែង១២ម៉ែត្រ​ នៅលើទូកមាន ម៉ាស៊ីនចំនួន​២គ្រឿងម៉ាកអ៉ីស្គី និងម៉ាកហុងដា មានមនុស្ស​៣នាក់នៅលើទូក​៖ ១.ឈ្មោះម៉ម ប៊ុនធឿន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរនេសាទ រស់នៅភូមិព្រែកអំពិល ឃុំកោះតូច ខេត្តកំពត ជាម្ចាស់ទូក។, ២.ឈ្មោះហៀក បឿន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ​កម្មករ​នេសាទ។, ៣.ឈ្មោះស៊ុន ផាន់ណា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ​កម្មករ​នេសាទ ។

តាមចម្លើយរបស់ម្ចាស់ទូក មូលហេតុដែលបណ្តាលអោយឆេះ​ មកពីផ្ទុះកំប៉ុងហ្គាស​ដែល​ទុក​នៅ​ក្បែរ​ម៉ាស៊ីន​ ពេល​ដែល​ទូក​រត់​ក្តៅ​ម៉ាស៊ីន​ កំប៉ុង​ហ្គាស​មួយ​ស្បោង​ដែល​នៅ​ក្បែរ​នោះ​ បាន​ផ្ទុះ​ឡើង​ ហើយ​ឆេះ​ពីដុងសាំង​។ សម្ភារៈ នេសាទ​នៅលើទូកខូចខាតទាំងស្រុង តែមិនបណ្តាលអោយរងគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ ដោយសារតែនៅពេលកើតហេតុមានទូកនេសាទនៅក្បែរនោះ និងអូប័រ លោកឧកញ៉ា ទៀ វិចិត្រ ចំនួន២គ្រឿងចុះជួយអន្តរាគមន៍ទាន់ពេលវេលា ៕