សម្តេច​តេជោ ហ៊ុន សែន​ ​ដាក់ចេញ​អនុសាសន៍៥ចំណុច​ ​សម្រាប់​ឲ្យ​ស្ថាប័ន​ធនាគារ​កណ្តាល​កម្ពុជា​

192

(ភ្នំពេញ)៖​ ​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​ ​បាន​លើកឡើង​ថា​ ​រូបិយវត្ថុ​ក្នុង​វិស័យ​សេដ្ឋកិច្ច​ ​គឺជា​ឧបករណ៍​គោលនយោបាយ​ ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ ​ពង្រឹង​ភាព​ធន់​នៃ​សេដ្ឋកិច្ច​ទៅ​នឹង​ហានិភ័យ​នានា​។​ ​ដូច្នេះ​ដើម្បីឲ្យ​ធនាគារជាតិនៃកម្ពុជា​ ​ដែល​ជា​ឆ្អឹងខ្នង​នៃ​សេដ្ឋកិច្ច​ជាតិ​ ​បន្ត​បេសកកម្ម​សម្រេច​បាន​នូវ​សមិទ្ធិ​ផល​សំ​ខាន់​ៗ​បន្ថែម​ទៀត​នោះ​ ​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​បាន​ផ្តល់​នូវ​អនុ​សា​សស​ន៍​សំ​ខាន់​ៗ​ចំនួន៥ដូច​ខាងក្រោម​៖​

​១​.​ធន​គា​រាជា​តិ​នៃ​កម្ពុជា​ ​រួម​ជាមួយ​ក្រសួង​-​ស្ថាប័ន​ ​វិស័យ​ឯកជន​ ​និង​ប្រជាពលរដ្ឋ​ទាំងអស់​ ​ត្រូវ​រួមគ្នា​បន្ត​រក្សា​រូបិយវត្ថុ​ជាតិ​ ​ប្រកបដោយ​ស្ថិរភាព​ ​និង​ទំនុកចិត្ត​ ​តាមរយៈ​ការប្រើ​ប្រាស់​ប្រាក់​រៀល​ឲ្យបាន​ទូលំទូលាយ​ ​ដើម្បី​លើកកម្ពស់​អត្តសញ្ញាណ​ ​និង​អធិបតេយ្យ​ជាតិ​ ​ជាមួយនឹង​ការ​បង្កើន​ប្រសិទ្ធភាព​គោលនយោបាយ​រូបិយវត្ថុ​ ​សារពើពន្ធ​ ​និង​ហិរញ្ញវត្ថុ​។​ ​ស្នើ​ឲ្យ​បង្កើត​គោលនយោបាយ​ថ្នាក់​ជាតិ​រយៈពេល​វែង​មួយ​ ​សំដៅលើ​ក​កម្ពស់​ការប្រើ​ប្រាស់​ប្រាក់​រៀល​ ​ប្រកបដោយ​ភាព​ប្រុងប្រយ័ត្ន​ ​មាន​សង្គតិភាព​ ​និង​ផ្អែកលើ​យន្តការ​ទីផ្សារ​។​

​២​.​ធនាគារជាតិនៃកម្ពុជា​ ​ស្ថាប័ន​ ​និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ ​ត្រូវ​បន្ត​សហការ​គាំទ្រ​ ​និង​អនុវត្ត​ផែនការ​ ​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ​ ​២០១៦​-​២០២៥​ ​និង​យុទ្ធសាស្ត្រ​ស្តី​ពី​បរិ​យា​ប័ន្​ននៅ​កម្ពុជា​ប្រកបដោយ​ប្រសិទ្ធភាព​ ​និង​សង្គតិភាព​សំដៅ​គាំទ្រ​កំណើន​សេដ្ឋកិច្ច​ជាតិ​ ​បន្ត​រួមចំណែក​កាត់បន្ថយ​ភាព​ក្រីក្រ​ ​និង​លើកកម្ពស់​ជីវភាពរស់នៅ​របស់​ប្រជាជន​ ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ ​ស្របតាម​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​។​

​៣​.​ធនាគារជាតិនៃកម្ពុជា​ ​ក៏ដូចជា​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​បន្ត​គាំទ្រ​ការប្រើ​ប្រាស់​បច្ចេក​វិទ្យា​ថ្មី​ៗ​ ​ដែល​ធ្វើឲ្យ​សេវា​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​កាន់តែ​មាន​ភាព​ទំនើប​ ​ងាយស្រួល​ទទួល​បាន​តម្លៃ​ទាប​ ​និង​ប្រសិទ្ធភាព​ខ្ពស់​។​ ​ត្រូវ​ធ្វើការ​ត្រួតពិនិត្យ​អំពី​ហានិភ័យ​នៃ​បច្ចេក​វិទ្យា​ថ្មី​ៗ​ទាំងអស់​នេះ​ ​ដើម្បី​រក្សា​បាន​នូវ​ស្ថិរភាព​ ​និង​ ​ការ​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​។​

​៤​.​ធនាគារជាតិនៃកម្ពុជា​ ​ស្ថាប័ន​ញក់​ព័ន្ធ​ ​និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ ​ត្រូវ​បន្ត​លើកកម្ពស់​ការយល់​ដឹង​ផ្នែក​ហិរញ្ញវត្ថុ​ដល់​ប្រជាពលរដ្ឋ​ ​ហើយ​ត្រូវ​បន្ត​ចូលរួម​បង្កើន​ការយល់​ដឹង​ ​និង​ពង្រឹង​វប្បធម៌​ឥណទាន​ដល់​អ្នក​ដែល​កំពុង​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ ​ជាពិសេស​នៅ​តាម​ជនបទ​ ​ដើម្បី​ទប់ស្កាត់​នូវ​ហានិភ័យ​នា​នា​ដែល​ឤ​ចកើ​ត​ឡើងជា​យថាហេតុ​ទាំង​នៅក្នុង​ពេល​បច្ចុប្បន្ន​ ​និង​ទៅ​អនាគត​។​

​៥​.​ធនាគារជាតិនៃកម្ពុជា​ ​អង្គភាព​ស៊ើបការណ៍​ហិរញ្ញវត្ថុ​កម្ពុជា​ ​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​និង​ ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ ​ក្រសួងមហាផ្ទៃ​ ​និង​ក្រសួង​យុត្តិធម៌​ ​ត្រូវ​បន្ត​សហការ​យ៉ាង​ជិតស្និទ្ធ​ ​ដើម្បី​ពង្រឹង​ ​ទប់ស្កាត់​ឲ្យបាន​ទាន់ពេល​វេលា​ ​ប្រកបដោយ​ប្រសិទ្ធភាព​នូវ​ការ​សម្អាត​ប្រាក់​ ​និង​ហិរញ្ញប្បទាន​ភេរវកម្ម​ ​ដើម្បី​ការពារ​វិស័យ​ហិរញ្ញវត្ថុ​ ​ធនាគារ​ ​ប្រកបដោយ​តម្លាភាព​ ​និង​អភិបាលកិច្ច​ល្អ​។​

​សូម​បញ្ជាក់​ថា​ ​អនុសាសន៍​ខាងលើ​នេះ​ ​ត្រូវ​បាន​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ ​បាន​ដាក់ចេញ​នៅក្នុង​ឱកាស​នៃ​ការ​អញ្ជើញ​ជា​អធិបតី​ ​ក្នុង​ពិធី​គម្រប់​ខួប​ទី៤០ឆ្នាំ​ ​នៃ​ការបង្កើត​ឡើងវិញ​នៃ​ធនាគារជាតិនៃកម្ពុជា​ ​១០​ ​តុលា​ ​ឆ្នាំ១៩៧៩​-​១០​ ​តុលា​ ​ឆ្នាំ២០១៩​ ​នា​ព្រឹក​ថ្ងៃទី១០​ ​តុលា​ ​នៅ​សាលសន្និសីទ​ចតុមុខ​៕​