ថ្ងៃព្រហស្បត្តិនេះ ស្ត្រីអ៊ីរ៉ង់នឹងត្រូវបានអនុញ្ញាតឲ្យចូលទស្សនាបាល់ទាត់ជាលើកដំបូង ក្នុងពេលក្រុមជម្រើសជាតិកម្ពុជាជួបជាមួយអ៊ីរ៉ង់

60

(អន្តរជាតិ)៖ វាជាលើកដំបូងហើយនៅក្នុងប្រវត្តិសាស្ត្រ ដែលរដ្ឋាភិបាលអ៊ីរ៉ង់បានអនុញ្ញាតឲ្យស្រ្តីមានសិទ្ធគ្រប់គ្រាន់ក្នុងការចូលទស្សនាបាល់ទាត់នៅក្នុងពហុកីឡដ្ឋានដែលមិនធ្លាប់មានក្នុងរយៈពេលប៉ុន្មានទសវត្សកន្លងទៅនេះ។

អង្គការបាល់ទាត់ពិភពលោកFIFA ធ្លាប់បានព្រមានព្យួរការប្រកួតក្រុមបាល់ទាត់ជម្រើសជាតិអ៊ីរ៉ង់ប្រសិនបើប្រទេសនេះនៅតែហាមឃាត់មិនឲ្យស្ត្រីអ៊ីរ៉ងបានចូលទៅទស្សនាការប្រកួតបាល់ទាត់ទេនោះ។ រដ្ឋាភិបាលអ៊ីរ៉ង់បានចេញច្បាប់ហាមឃាត់មិនឲ្យស្ត្រីអ៊ីរ៉ង់ចូលទស្សនាការប្រកួតបាល់ទាត់និងការប្រកួតកីឡាដទៃទៀតអស់រយៈពេល៤០ឆ្នាំហើយ។

ការអនុញ្ញាតឡើងវិញនេះបានកើតមានឡើងក្រោយពីមាននារីអ៊ីរ៉ងម្នាក់បានស្លាប់បន្ទាប់ពីនាងបានដុតខ្លួនឯងដោយភ័យខ្លាចការដាក់ទណ្ឌកម្មក្រោយពីអាជ្ញាធរបានរកឃើញថានាងបានតែងខ្លួនជាប្រុសដើម្បីបានចូលមើលការប្រកួតបាល់ទាត់មួយ។ ប៉ុន្មានថ្ងៃនេះស្ត្រីអ៊ីរ៉ង់បានប្រជ្រៀតគ្នាចូលទិញសំបុត្រដើម្បីចូលទស្សនាការប្រកួតរវាងក្រុមជម្រើសជាតិកម្ពជានិងក្រុមជម្រើសជាតិអ៊ីរ៉ង់ដណ្តើមតំណែងឆ្ពោះទៅកាន់World Cup 2020នៅពហុកីឡដ្ឋានTehran Azadi Stadiumដែលការប្រកួតនឹងធ្វើនៅយប់ថ្ងៃព្រហស្បត្តិនេះតែម្តង៕