បុរសបង់ក្លាដេសម្នាក់ចាប់ប្រពន្ធកោរសក់ក្បាលចេញឈាមក្រោយឃើញសក់មួយសរសៃនៅក្នុងអាហារ

64

អន្តរជាតិ៖ វាពិតជាអំពើឃោរឃៅ វាជាអំពើហឹង្សាមួយដែលមិនអាចអត់អោនឲ្យបានឡើយ។

កាលពីថ្ងៃអង្គារកន្លងទៅនេះ បុរសជនជាតិបង់ក្លាដេសម្នាក់បានចាប់ប្រពន្ធកោរសក់ក្បាលទាំងកម្រោលធ្វើឲ្យក្បាលរបស់នាងមានស្នាមមុតហូរឈាមកក្លាក់បន្ទាប់ពីបុរសនេះឃើញសក់ធ្លាក់នៅក្នុងអាហារពេលព្រឹករបស់ខ្លួន។ ប៉ូលីសបានចាប់ខ្លួនបុរសម្នាក់នេះភ្លាមក្រោយពីមានបណ្តឹងពីអ្នកជិតខាងដែលបានឃើញហេតុការណ៍នេះ។

ក្រុមសិទ្ធមនុស្សបានថ្កោលទោសយ៉ាងខ្លាំងចំពោះអំពើហឹង្សាដែលតែងតែកើតមានចំពោះស្ត្រីនៅក្នុងប្រទេសមូស្លឹមអភិរក្សមួយនេះ។ ប៉ូលីសបានចេញទៅព័ទ្ធចាប់លោកបាប្ល៊ូ ម៉ុនដាល់អាយុ៣៥ឆ្នាំរស់នៅក្នុងស្រុកYupurhatនៃប្រទេសបង់ក្លាដេសនៅថ្ងៃកើតហេតុនោះតែម្តង។

ប៉ូលីសបាននិយាយប្រាប់AFPថាបុរសនេះមានកំហឹងជាមួយប្រពន្ធនៅពេលដែលគាត់បានរកឃើញសរសៃសក់នៅក្នុងអាហារពេលព្រឹករបស់គាត់ ដែលប្រពន្ធគាត់ជាអ្នកចំអិន។គាត់ខឹងខ្លាំងណាស់ក៏យកកាំបិតមកចាប់កោរសក់ក្បាលប្រពន្ធធ្វើឲ្យដាច់ហូរឈាមរហាមតែម្តង។

បាប្ល៊ូត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តហឹង្សាដោយចេតនាបណ្តាលឲ្យមានរបួសធ្ងន់ធ្ងរ ហើយគាត់អាចជាប់ពន្ធនាគារជាមធ្យមអស់រយៈពេល១៤ឆ្នាំបើសិនជារកឃើញថាមានកំហុសនោះ៕