ហួសចិត្ត! ក្មេងប្រុសម្នាក់ត្រូវខ្យល់គរស្លាប់ទាំងកណ្ដាលថ្ងៃក្ដៅ ដោយសារគាត់មករៀនយឺតពេល ហើយត្រូវបានគ្រូដាក់ទោសឱ្យរត់ ២០ជុំ

471

ឥណ្ឌូនេស៊ី៖ ក្មេងប្រុសអាយុ ១៤ឆ្នាំម្នាក់ មកពីកោះ Sulawesi ប្រទេសឥណ្ឌូនេស៊ី បានស្លាប់បាត់បង់ជីវិតយ៉ាងមិនគួរឱ្យជឿ បន្ទាប់ពីគាត់ត្រូវបានបង្ខំឱ្យរត់ ២០ជុំក្រោមពន្លឺព្រះអាទិត្យ ដោយសារគាត់មករៀនយឺត ២៥នាទី ។ និស្សិតក្រីក្រនោះមានឈ្មោះថា Fanly Lahingide ត្រូវបានគេរាយការណ៍ថា បានវិលមុខនៅជុំទី២​ របស់គាត់ ហើយបានសុំគ្រូសម្រាកសិន ប៉ុន្តែគ្រូបានបដិសេធ។ នៅពេលកំពុងទទួលយកទណ្ឌកម្មមិនសមហេតុផលនោះ ក្មេងប្រុសមានការនឿយហត់យ៉ាងខ្លាំង ហើយក៏ដួលខ្យល់គរនៅពីក្រោមកម្ដៅដ៏សែនក្ដៅនៅថ្ងៃនោះ។

យោងទៅតាមសារព័ត៌មាន Guanghua Daily បានឱ្យដឹងថា គាត់ត្រូវបានគេបញ្ជូនទៅផ្នែកសង្គ្រោះបន្ទាន់ ប៉ុន្តែមិនអាចរក្សាជីវិតរបស់គាត់បាននោះទេ។ ចំណែកម្តាយរបស់ Fanly ដែលមានអាយុ ៤៦ឆ្នាំ បាននិយាយថា គាត់មិនអាចទទួលយកបាននូវការស្លាប់នេះទេ ហើយកូនប្រុសរបស់គាត់ក៏មិនដែលមានប្រវត្តិជាមួយការខ្យល់គរនេះដែរ។ ហើយឪពុករបស់ក្មេងប្រុសក៏បាននិយាយថា Fanly បានសុំគ្រូសម្រាកសិនព្រោះមេឃក្ដៅពេក ប៉ុន្តែគ្រូនោះមិនព្រមនោះទេ។

យ៉ាងណាមិញខណៈពេលនេះ លទ្ធផលនៃការធ្វើកោសល្យវិច័យរបស់ Fanly នៅមិនទាន់ត្រូវបានចេញផ្សាយនោះទេ ប៉ុន្តែត្រូវបានគេសង្ស័យថា ទាក់ទងទៅនឹងការពិតដែលគាត់ត្រូវបានបង្ខំឱ្យទទួលយកទណ្ឌកម្ម នៅក្រោមលក្ខខណ្ឌអាកាសធាតុដ៏អាក្រក់។ ឪពុកម្តាយរបស់ក្មេងប្រុសក៏កំពុងស្ថិតនៅក្នុងដំណើរការស្វែងរកយុត្តិធម៌សម្រាប់កូនប្រុសរបស់ពួកគេ។ ពួកគេសម្រេចចិត្តចាត់វិធានការតាមផ្លូវច្បាប់ចំពោះសាលារៀន ដោយការដាក់ពាក្យបណ្តឹងទៅមន្ដ្រីផងដែរ៕