លិខិតមិត្តអ្នកអាន៖ «ហេតុអ្វីនាយករដ្ឋមន្ត្រី ហ៊ុន សែន យកថ្ងៃ ៩វិចិ្ឆកា ជាទិវាអកអំបុក ដើម្បីការពារ ជាតិ សាសនា ព្រះមហាក្សត្រ?»

563

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២ តុលា ២០១៩នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសយកថ្ងៃទី ៩វិច្ឆិកា ជាទិវាអកអំបុកដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ ហើយបានអំពាវនាវឲ្យប្រជាពលរដ្ឋទូទាំងប្រទេស ពិសារអំបុកគ្រប់ៗគ្នានិងគ្រប់ទីកន្លែង។ មិនត្រឹមតែប៉ុណ្ណោះ លោកនាយករដ្ឋមន្ត្រី ថែមទាំងបានប្រកាសជាឧឡារឹកថា នឹងត្រូវតែរៀបចំពិធីបុណ្យអុំទូកនៅថ្ងៃទី១០ ដល់ ១២វិច្ឆិកា តាមការគ្រោងទុកបើទោះជាទឹក ទន្លេចតុមុខនៅសល់តែកម្ពស់មួយម៉ែត្រក៏ដោយ។

សម្រាប់ខ្ញុំ សាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពិតជាមានអត្ថន័យយ៉ាងធំធេងណាស់ ទាំងក្នុងអត្ថន័យនយោបាយផង អត្ថន័យខាងវប្បធម៌ផង និង ការបង្រួបបង្រួមជាតិផង ដើម្បីបន្តជ្រោងទង់ ជាតិ សាសនា ព្រះហាក្សត្រ ដែលជាបាវនារបស់ជាតិខ្មែរយើង។

ក្នុងអត្ថន័យនយោបាយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រើយុទ្ធសាស្ត្រ យកទឹកឃ្មុំទៅបន្សាបពិសរបស់ក្រុមប្រឆាំងក្រៅច្បាប់ដឹកនាំដោយទណ្ឌិត សម រង្ស៊ី។ ជាអត្ថន័យវប្បធម៌វិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចង់ប្រើប្រាស់ឱកាស នេះដើម្បីលើកតម្កើងតម្លៃអំបុកខ្មែរ​ដូចដែលលោកធ្លាប់បានធ្វើ​សម្រាប់នំបញ្ចុក​កាលពីពេលថ្មីៗនេះដែរ។ ចំណែកឯអត្ថន័យជាការបង្រួមបង្រួមជាតិវិញ គឺលោកចង់ឲ្យខ្មែរគ្រប់គ្នា ដែលបាននឹងកំពុងរស់នៅដោយសុខសាន្តក្រោមម្លប់សុខសន្តិភាព រួមគ្នាជ្រោងទង់ ជាតិ សាសនា ព្រះមហាក្សត្រ ឲ្យបានខ្ពស់ត្រដែតឡើងប្រឈមនឹងការគំរាមកំហែងធ្វើរដ្ឋប្រហារផ្តួលរំលំរបបរាជានិយម និងរាជរដ្ឋាភិបាល​ពីសំណាក់​ក្រុមអ្នកនយោបាយនីរទេសខ្លួនមួយ ក្តាប់តូចដឹកនាំដោយ សម រង្ស៊ី។

ដើម្បីមើលឲ្យឃើញកាន់តែ ច្បាស់អំពីអត្ថន័យនៃសាររបស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីព្រឹកមិញនេះ ខ្ញុំសូមធ្វើការវិភាគលើចំណុចសំខាន់ៗ មួយចំនួន​ដូចខាងក្រោម​នេះ៖

ទី១៖ លោកនាយករដ្ឋមន្ត្រីបានប្រកាសជាឧឡារឹកថា នឹងត្រូវតែរៀបចំពិធីបុណ្យអុំទូករយៈពេលបីថ្ងៃ តាមការគ្រោងទុក ចាប់ពីថ្ងៃទី១០ ដល់ ១២វិច្ឆិកា បើទោះជា ទឹកទន្លេចុះទាបនៅ​សល់តែមួយម៉ែត្រក៏ដោយ។ ត្រង់ចំណុចនេះ ខ្ញុំមើលឃើញយ៉ាងច្បាស់ថាសម្តេចតេជោ ហ៊ុន សែន កំពុងប្រើ«យុទ្ធសាស្ត្រ រុញទូកបណ្តោយទឹក» ដើម្បីកាត់ចោលឲ្យអស់នូវលេសរបស់ក្រុមប្រឆាំងដឹកនាំដោយ សម រង្ស៊ី កុំឲ្យមានហេតុផលចោទប្រកាន់មកលើ រដ្ឋាភិបាល ថាខ្លាចចលនាបះបោរ​ ក្នុងអំឡុងពេលបុណ្យអុំទូក ជាពិសេសថាខ្លាច លោក រង្ស៊ី វីលចូលស្រុក។ គេបានដឹងច្បាស់ថា លោក សម រង្ស៊ី និង គូកនចង់យកពិធីបុណ្យអុំទូក ដើម្បីជាឱកាសប្រមូលផ្តុំកម្លាំងដើម្បីបង្កចលនាបះបោរ ផ្តួលរំលំរដ្ឋាភិបាលពីព្រោះពួកគេយល់ថា ពិធីបុណ្យអុំទូក​មានមនុស្សរាប់​លាននាក់​មកចូលរួមដែលធ្វើឲ្យអាជ្ញាធរមានសមត្ថកិច្ចពិបាកគ្រប់គ្រងនិងធានាសន្តិសុខ។ ប៉ុន្តែខ្ញុំយល់ថា សម្រាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលមាន បទពិសោធន៍ធ្វើនយោបាយយ៉ាងចាស់វស្សា និងធ្លាប់បានរំលាយអង្គការចាត់តាំង​នយោបាយ និងយោធារ​បស់ខ្មែរក្រហម​ បានយ៉ាងងាយនោះ គាត់ពិតជាបានស្គាល់យ៉ាងច្បាស់នូវ​ល្បិចកលរាក់កំផែល​របស់ សម រង្ស៊ី ដែលគ្រាន់តែចង់គោះ​ទឹកបង្អើលត្រី រឺគោះភ្នំបង្អើលខ្លាតែប៉ុណ្ណោះ។

គេក៏គួរយល់ថា ប្រជាពលរដ្ឋដែលនឹងមកចូលរួមពិធីបុណ្យអុំទូក គឺគេមកដើម្បីកម្សាន្តសប្បាយ មិនមែនមកដើម្បីបង្កចលាចលសង្គមឡើយ។ បើទោះជាមានក្រុមជ្រុល​និយមខ្លះ​ដែលចាញ់បោកលោក សម រង្ស៊ី ចង់បង្កចលាចលក្នុងពេលនោះ ក៏អាជ្ញាធរមានសមត្ថកិច្ចនៅ​តែអាចគ្រប់គ្រង​ស្ថានការសន្តិសុខ និងសណ្តាបធ្នាប់​បានជាធម្មតា ហើយជនដែលប៉ុនប៉ងបង្កបញ្ហាច្បាស់ជាត្រូវអាជ្ញាធរចាប់ឃាត់ ខ្លួននិងបញ្ជូនពួកគេទៅមន្ទីរឃុំឃាំង ដើម្បីទទួលទោសតាមច្បាប់ជាធម្មតា​ដែរ។ និយាយដោយខ្លី លោកនាយករដ្ឋមន្ត្រីមានជំនឿច្បាស់ថា ពលរដ្ឋខ្មែរទូទៅគាំទ្រ​សន្តិភាព ហើយកម្លាំងសមត្ថកិច្ចក៏មានសមត្ថភាពនិង បទពិសោធន៍​គ្រប់គ្រាន់ក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងពេលបុណ្យអុំទូកព្រោះនេះជាពិធីបុណ្យប្រពៃណីខ្មែរដែលតែងតែរៀបចំធ្វើជារៀងរាល់ឆ្នាំ។

ដូច្នេះគ្មានហេតុផលអ្វីដែលរដ្ឋាភិបាលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី រារែកដកថយរឺត្រូវខ្លាចការឃោសនាគំរាមសំឡុត បំភ័យតាមខ្យល់របស់ លោក សម រង្ស៊ីនោះឡើយ។

ទី២៖ ការប្រកាសយកថ្ងៃទី៩វិច្ឆិកា ជាថ្ងៃអកអំបុកទូទាំងប្រទេសដើម្បីការពារ ជាតិ សាសនា ព្រះមហាក្សត្រ គឺជាការប្រែក្លាយថ្ងៃដែលក្រុមអ្នកនយោបាយ​ក្រៅច្បាប់កំណត់យកដើម្បីផ្តួលរំលំរបបរាជានិយម និងរាជរដ្ឋាភិបាល ឲ្យទៅជាថ្ងៃដែលប្រជាពលរដ្ឋគ្រប់គ្នាចូលរួមការពារ ជាតិ សាសនា ព្រះមហាក្សត្រ វិញ។ នេះគេហៅថាជា «យុទ្ធសាស្ត្រ ប្រើប្រាស់ដាវរបស់សត្រូវដើម្បីចាក់ទៅលើសត្រូវវិញ» តាមវិធីត្រជាក់តាមបែបយកទឹកឃ្មុំទៅបន្សាបពិស។ នរណាក៏បានមើលឃើញដែរថា នយោបាយរបស់ សម រង្ស៊ី ដែលដើរប៉ុន្មានជំហ៊ានចុងក្រោយនេះកំពុងតែធ្វើឲ្យខ្លួនគាត់ឯកោកាន់តែខ្លាំងដោយសារតែកំហុសខាង យុទ្ធសាស្ត្រ។

កំហុសធំបំផុតទី១៖ គឺការបើកសមរភូមិវាយប្រហារ ប្រមាថ ព្រះមហា្សត្រដែលជាទីគោរពស្រឡាញ់របស់ប្រជាពលរដ្ឋ។ សមរភូមិនេះបានធ្វើឲ្យសម រង្ស៊ី បាត់បង់ការគាំទ្រទាំងស្រុងពី សំណាក់អ្នករាជានិយមនិងប្រជាពលរដ្ឋដែលគោរពស្រឡាញ់ព្រះមហាក្សត្រទាំងក្នុងនិងក្រៅប្រទេស។

កំហុសធំបំផុតទី២៖ គឺការអំពាវនាវអោយកងទ័ពងើបបះបោរនិងការប្រើវិធីទិញទឹកចិត្តកងទ័ពដើម្បីឲ្យចូលរួមក្នុងផែនការធ្វើរដ្ឋប្រហាររបស់ខ្លួនដែលជាវិធី ហិង្សា មិនប្រជាធិបតេយ្យ ដែលធ្វើឲ្យ លោក សម រង្ស៊ី បាត់បង់ការគាំទ្រពីសហគមន៍អន្តរជាតិ អង្គការសង្គមស៊ីវីល រាប់ទាំងអង្គការសហប្រជាជាតិជាពិសេសគឺក្រុមកឹម សុខានិយមតែម្តង។ ក្នុងន័យនេះ លោកហ៊ុន សែន ដែលមានបទពិសោធយ៉ាងជោគជាំ និងធ្លាប់ប្រើនយោបាយ ឈ្នះឈ្នះដើម្បីបញ្ចប់ចលនា​ខ្មែរក្រហមដោយ​មិនចាំបាច់ធ្វើ សង្គ្រាមក៏បានប្រើយុទ្ធសាស្ត្រស្រដៀងគ្នានេះដែរ ពោលគឺ លោកមិនចាំបាច់ចំណាយកម្លាំងឡើយក្នុងការវាយបកទៅលើ សម រង្ស៊ី គឺដោយគ្រាន់តែ​យកកាំបិតដែល​ សម រង្ស៊ី ហុចដងឲ្យទៅប្រើដើម្បី​ចាក់សម រង្ស៊ី វិញជាការគ្រប់​គ្រាន់ពេក។

កំហុសធំមួយទៀតរបស់ សម រង្ស៊ី៖ គឺការវាយទៅលើចំណុចខ្លាំងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅត្រង់ការចង់ទិញទឹកចិត្តទ័ព។ អ្នកណាក៏ដឹងដែរថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមេទ័ពជើងចាស់ ជាអ្នកបង្កើតទ័ព ជាអ្នកយល់ចិត្តយល់សុខទុក្ខ ថែទាំនិងបណ្តុះបណ្តាលទ័ព និងជាអ្នកបញ្ជាកងទ័ពទាំងមូល។ ដូច្នេះ សម រង្ស៊ី ដែលមិនយល់អ្វីសោះពីយុទ្ធសាស្ត្រទ័ពបែរទៅវាយលើចំណុចខ្លាំងបំផុតរបស់គូបដិបក្ខ​ទៅវិញជំនួសឲ្យការវាយទៅលើ ចំណុចខ្សោយ​ដែលជាតំណមដែលត្រូវជៀសវាង។

ដូច្នេះ ការប្រកាសយកថ្ងៃ ៩វិច្ឆិកាជាថ្ងៃអកអំបុក ដើម្បីការពារ ជាតិ សាសនា និងព្រះមហាក្សត្រ មានអត្ថន័យគ្រប់គ្រាន់ដើម្បីបំបាក់បំផ្លាញផែន​ការផ្តួលរំលំ រដ្ឋាភិបាល និងផ្តួលរំលំរាជានិយមនៅកម្ពុជា បានយ៉ាងងាយ និងអាចប្រែក្លាយថ្ងៃដែល សម រង្ស៊ី គ្រោងអោយមានអំពើហិង្សានេះ ឲ្យទៅជាថ្ងៃសាមគ្គីគ្នាវិញតាមវិធីទន់បង្ក្រាបរឹង។

ទី៣៖ ដូចដែលលោកនាយករដ្ឋមន្ត្រីធ្លាប់បានធ្វើរួចហើយ កាលពីខែមិថុនាកន្លងទៅនេះ ក្នុងការបង្វែថ្ងៃហូបនំបញ្ចុកនយោបាយបំបែកបំបាក់ជាតិរបស់ក្រុម ប្រឆាំង​ឲ្យទៅជា ថ្ងៃហូបនំបញ្ចុក ដើម្បីផ្សះផ្សារជាតិដែលធ្វើឲ្យនំបញ្ចុកខ្មែរល្បីពេញប្រទេស និងក្រៅប្រទេសផង។ ពេលនេះ លោកនាយករដ្ឋមន្ត្រី ក៏សំរេ ប្រែក្លាយថ្ងៃ ៩វិច្ឆិកា ដែលក្រុមប្រឆាំងដឹកនាំដោយ សម រង្ស៊ី ចង់យកជាថ្ងៃធ្វើរដ្ឋប្រហារបង្ហូរឈាម ឲ្យទៅជាថ្ងៃសម្រាប់លើកស្ទួយអំបុករបស់ខ្មែរវិញ។

ខ្ញុំហ៊ានវាយតំលៃទុកជាមុនថា នៅថ្ងៃទី ៩វិច្ឆិកា ខាងមុខនេះ ពលរដ្ឋទូទាំងនគរក៏ដូចជាខ្មែរនៅក្រៅប្រទេសផង នឹងនាំគ្នាទទួលទានអំបុកតាមការអំពាវនាវ របស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយដែលនឹងធ្វើឲ្យអំបុកខ្មែរល្បីសុះសាយទាំងនៅក្នុងប្រទេស ទាំងនៅក្រៅប្រទេស។ នេះពិតជាកំពូលយុទ្ធសាស្ត្រដែលអាច បង្វែរថ្ងៃអាក្រក់ឲ្យទៅជាថ្ងៃល្អ និងបានជួយលើកស្ទួយផលិតផលខ្មែរថែមទៀត។ ម៉្យាងទៀត ក៏ពិតជាមិនខុសពី យុទ្ធនាការហូបនំបញ្ចុកលើកមុនដែរ ការប្រកាសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នេះពិតជានឹងធ្វើអោយអ្នកលក់អំបុក ដូង ស្ករស នៅទូទាំងប្រទេសមុខរីកដូចគ្រាប់ជី​ដោយសារត្រូវប៉ាន់​ហើយលក់មិនទាន់តម្រូវការផង។

សរុបមកវិញ មួយក្បាច់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុងក្រោយនេះ ពិតជាធ្វើឲ្យផែនការរបស់លោក សម រង្ស៊ី រលាយខ្សុលដូចអំបិលត្រូវទឹក។ ផែនការធ្វើរដ្ឋប្រហារនៅថ្ងៃ ៩វិច្ឆិកា បានក្លាយជាថ្ងៃលើកស្ទួយ អំបុកខ្មែរ និងជាថ្ងៃការពារជាតិ សាសនា ព្រះមហាក្សត្រ ទៅវិញ ដែលចំណុចពិសេសបែបនេះហើយបានជាជនបរទេសសំរេចចិត្តផ្តល់ងារជូនសម្តេចតេជោ ហ៊ុន សែន ថាជាបុរសខ្លាំងដែលសម្បូរដោយយុទ្ធសាស្ត្រ រាប់ទាំង យុទ្ធសាស្ត្រ ចាប់ដងកាំបិតរបស់ខ្មាំងប្រឆាំងនឹងសត្រូវវិញយ៉ាងទាន់ហន់។

និយាយជារួម ល្បែងនយោបាយរបស់ សម រង្ស៊ី ដែល «ចង់ដុតផ្ទះចោលដើម្បីចំអិនពងមាន់របស់ខ្លួនមួយ» គឺពិតជាបរាជ័យទាំងស្រុងព្រោះការប្រកាសរបស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាឧឡារឹក ក្នុងការរៀបចំបុណ្យអំទូកឆ្នាំនេះ និងការប្រកាសយកថ្ងៃ ៩វិច្ឆិកា ជាថ្ងៃទទួលទានអំបុកទូទាំងប្រទេស​ដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ គឺជាវិធានការ «យកដែកគោលវាយលើគម្របម្ឈូស» ដើម្បីបញ្ចប់ជាស្ថាពរនូវផែនការរបស់ សម រង្ស៊ី ក្នុងការធ្វើប្រហារថ្ងៃ ៩វិច្ឆិកា៕

ដោយ៖ អ្នកតាមដាននយោបាយតុកាហ្វេ

Loading...