ថោកហួសថ្លែង! ជំពាក់លុយថ្លៃសាច់គោគេមិនព្រមសងហើយ យកកាំបិតដេញចាក់ និងគំរាមសម្លាប់គេទៀត …….

1114

(កណ្តាល)៖ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបញ្ជូនជនសង្ស័យរូបនេះមកតុលាការ​ ករណីប៉ុនប៉ងប្រើអំពើហិង្សាដោយចេតនា និងគំរាមសម្លាប់មិត្តភក្តិនៅស្រុកកោះធំ ។

ជនរងគ្រោះឈ្មោះ ទ្រី សារ៉ន ភេទប្រុស អាយុ៣៧ឆ្មាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិព្រែកតាមេម ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ លក់ដូរ ចំណែកជនសង្ស័យឈ្មោះ កែវ សេរីរ័ត្ន ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅៗ ភូមិប្រធាតុ(ក) ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ ចិញ្ចឹមមាន់ (ឃាត់ខ្លួន)។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះ និងជនសង្ស័យ គឺជាមិត្តភក្ដិជាមួយគ្នា ហើយធ្លាប់ស្នាក់ នៅផ្ទះជាមួយគ្នាទៀតផង ដោយមិនដែលមានទំនាស់ទ្បើយ។ លុះនៅវេលាថ្ងៃ កើតហេតុ ជនសង្ស័យ បានជិះម៉ូតូមកដល់ក្នុងផ្ទះជនរងគ្រោះ ហើយបានកម្មង់ ទិញសាច់គោ តែជនរងគ្រោះពុំទទួលទេ ដោយសារជនសង្ស័យ ជំពាក់ប្រាក់ខ្លួនសង មិនទាន់អស់នៅឡើយ ទើបធ្វើឲ្យពួកគេ ទាស់ពាក្យសម្ដីគ្នា រហូតឈានដល់ ជនសង្ស័យ រត់ទៅយកកាំបិតចុងស្រួច នៅលើគ្រែក្បែរម៉ូតូ មកដេញចាក់ជនរងគ្រោះ តែពុំត្រូវ រួចបានយកដុំថ្ម និងមួកសុវត្ថិភាពគប់ទៅលើជនរងគ្រោះ ត្រូវចំដៃ។

ភ្លាមៗនោះ ក៏មានអ្នកជិតខាង និងប្រពន្ធជនរងគ្រោះចូលមកឃាត់ តែជនសង្ស័យ ពុំស្ដាប់ឡើយ ហើយថែមទាំងបានស្រែកគំរាមសម្លាប់ ប្រពន្ធជនរងគ្រោះទៀត បន្ទាប់មកក៏ជិះម៉ូតូចេញទៅបាត់តែម្ដង ។

ក្រោយកើតហេតុជនរងគ្រោះ បានទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្ដិ៍នគរបាលរដ្ឋបាល ព្រែកស្ដី ឲ្យជួយអន្តរាគមន៍ ដោយភ្លាមៗនោះ សមត្ថកិច្ច បានចុះស្រាវជ្រាវរហូត នាំខ្លួនជនសង្ស័យ មកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីបន្តចាត់ការ តាមនីតិវិធី៕