នារដូវបុណ្យភ្ជុំ! មន្រ្តីសាខាកាំកុងត្រូលខេត្តព្រៃវែង រកឃើញ គុយទាវ២៧.៥ គីឡូក្រាម និងទំនិញខូចគុណភាពចំនួន ២៩៣.៦ គីឡូក្រាម មានសារធាតុគីមីប៉ះពាល់ដល់សុខភាព

1464

(ព្រៃវែង)៖ មន្រ្តីសាខាកាំកុងត្រូលខេត្តព្រៃវែង ដោយការសហការពីមន្រ្តីមន្ទីរពាណិជ្ជកម្ម អាជ្ញាធរដែនដី និងគណៈកម្មការផ្សារ បានចុះត្រួតពិនិត្យផលិតផលម្ហូបអាហារ ដែលដាក់តាំងលក់នៅក្នុងផ្សារព្រៃព្នៅចាស់។

ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យនៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩នេះ ផ្សារព្រៃព្នៅចាស់ ស្ថិតនៅភូមិព្រៃព្នៅ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង។

ក្នុងការត្រួតពិនិត្យ មន្រ្តីជំនាញបានធ្វើការវិភាគបឋមទៅលើផលិតផលទំនិញចំនួន ៥ មុខ ស្មើនឹង ៦ គំរូ មានដូចជា៖ គុយទាវ ខ្ញី សណ្តែកបណ្តុះ ស្ករត្នោត និងនំចាក់ក្រចាន់ ដើម្បីរកសារធាតុគីមីហាមឃាត់ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។

ជាមួយគ្នានោះ មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារបានជាច្រើនមុខទៀតផងដែរ។

ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញមានវត្តមានសារធាតុគីមីហាមឃាត់ ប៉ូរ៉ាក់ នៅលើគុយទាវចំនួន ២៧.៥ គីឡូក្រាម និងបានរកឃើញទំនិញខូចគុណភាពហួសថ្ងៃកំណត់ប្រើប្រាស់ជាច្រើន មុខសរុបចំនួន ២៩៣.៦ គីឡូក្រាម ដូចជា÷

ចាហ៊ួយដូងចំនួន ១៥ គីឡូក្រាម, នំចម្រុះចំនួន ៣៦ គីឡូក្រាម, ភេជ្ជសះចម្រុះចំនួន ១៤៩.៦ គីឡូក្រាម, ស្រាបៀរចំនួន ៨៣.៥ គីឡូក្រាម, គ្រឿងផ្សំកញ្ចប់ចំនួន ១ គីឡូក្រាម, កាហ្វេកំប៉ុងចំនួន ៦ គីឡូក្រាម, ទឹកគោខាប់ចំនួន ១.៥ គីឡូក្រាម, ពោតកំប៉ុងចំនួន ១ គីឡូក្រាម និងសរុបទំនិញខូចគុណភាព ដែលមន្ត្រីជំនាញដកហូត បានចំនួន ២៩៣.៦ គីឡូក្រាម។

បន្ទាប់មកមន្ត្រីកាំកុងត្រូលបានធ្វើការណែនាំដល់អាជីវករ ហើយឱ្យម្ចាស់ទំនិញធ្វើកិច្ចសន្យា ផ្តិតមេដៃ ដើម្បីបញ្ឈប់ការប្រើប្រាស់សារធាតុគីមីនិងបញ្ឈប់ការដាក់តាំងលក់នូវផលិតផលម្ហូបអាហារ ដែលហួសថ្ងៃកំណត់ប្រើប្រាស់បន្តទៀត និងបានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅកម្ទេចចោលផងដែរ៕

Loading...