សិស្សថ្នាក់ទី១២ ផ្ទុះការតវ៉ាមិនពេញចិត្តលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ,តែក្រសួងអប់រំ មិនមានគោលការណ៍ បើកចំហរជូនបេក្ខជន ដូចឆ្នាំ២០១៨នោះទេ

786

(ភ្នំពេញ)៖ បន្ទាប់ពីប្រកាសលទ្ធផលប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ រួចនាពេលថ្មីៗនេះ សិស្សានុសិស្សថ្នាក់ទី១២ ជាច្រើននាក់បាននាំគ្នាប្រមូលផ្តុំ ធ្វើការតវ៉ា សុំឲ្យខាងក្រសួង អប់រំ យុវជន និងកីឡា ពិសេសគឺ លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មេត្តាជួយបើកការត្រួតពិនិត្យទៅលើកំណែឯកសារដែលបេក្ខជនប្រលងឡើងវិញ ។

សិស្សានុសិស្សទាំងនោះ បានអះអាងថា លទ្ធផលដែលចេញមក មិនអាចឲ្យពួកគាត់ទទួលយកបាន សិស្សខ្លះថាខ្លួនធ្វើត្រូវនឹងចម្លើយ ដែលជឿជាក់លើខ្លួនឯង៨០% ថាធ្វើត្រូវ តែបែរជាចេញលទ្ធផលមក ធ្លាក់ទៅវិញ សិស្សខ្លះទៀត មិនពេញចិត្តចំពោះលទ្ធផលប្រឡង ដែលចេញមកទៅលើមុខវិជ្ជារផ្សេងៗគ្នា ទើបថ្ងៃនេះ ក៏ប្រមូលផ្តុំគ្នាសុំធ្វើការតវ៉ាតែម្តង ។ ក្នុងនោះ ក្នុងចំណោមសិស្សជាច្រើននាក់ ដែលមកតវ៉ានេះ បាននិយាយថា មុខវិជ្ជាខ្លះ ធ្វើបានល្អស្ទើរតែទាំងអស់ និទ្ទេសបានសុទ្ធតែE តែលទ្ធផលបែរជា បាននិទ្ទេសធ្លាក់ទៅវិញ។

នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩នេះ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានឆ្លើយតបវិញថា ក្រសួងមិនមានគោលការណ៍ បើកចំហរជូនបេក្ខជន ដូចឆ្នាំ២០១៨នោះទេ ព្រោះមានការសម្រិតសម្រាំង យ៉ាងច្បាស់លាស់ ហើយក្រសួងក៏យល់ពីមនោសញ្ចេតនារបស់បេក្ខជន និងក្រុមគ្រួសារក្រោយពីទទួលលទ្ធផលប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនីមួយៗ ខណៈដែលកាលពីឆ្នាំ២០១៨ មានបេក្ខជនប្រឡងជាប់បានមកតវ៉ា ពាក់ព័ន្ធនឹងបញ្ហាពិន្ទុ ពេលនោះក្រសួងបានយល់ព្រម ធ្វើការបូកសរុបសារជាថ្មី ហើយក្រសួងបានបកស្រាយថា បណ្តាលមកពីបញ្ហាបច្ចេកទេសកុំព្យូរទ័រ៕