អាណិតខ្លោចចិត្ត! សិស្សប្រលងបាក់ឌុបជាប់២នាក់ លង់ទឹកស្លាប់អាណោចអាធម៌ មុនចេញលទ្ធផលប្រលង

761

(កំពង់ចាម)៖ បេក្ខជនប្រលងបាក់ឌុបជាប់ពីរនាក់ លង់ទឹកស្លាប់ មុនពេលចេញលទ្ធផលមួយថ្ងៃ នៅចំណុចបឹងផ្សោតចុង ភូមិអង្គរបានទី៥ ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម។

យុវជនរងគ្រោះទាំងពីរ បានបាត់ខ្លួនកាលពីថ្ងៃទី០៨ ខែកញ្ញាឆ្នាំ ២០១៩ ហើយក៏ជាបេក្ខជនប្រឡងមធ្យមសិក្សាទុតិយភូមិជាប់ បន្ទាប់ពីលទ្ធផលប្រលងចេញនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩។

តាមសមត្ថកិច្ចនគរបាលស្រុកកងមាស បានឲ្យដឹងថា យុវជនរងគ្រោះឈ្មោះ ណាត ខារី អាយុ១៩ឆ្នាំ នៅភូមិអង្គរបានទី៥ ឃុំអង្គរបាន ស្រុកកងមាស និងម្នាក់ទៀតឈ្មោះ អឿន គន្ធថៃ អាយុ១៩ឆ្នាំ នៅភូមិអង្គរបានទី៧ ឃុំអង្គរបាន។

សមត្ថកិច្ចបានខិតខំស្វែករកសាកសព ដោយប្រទះឃើញ ជនរងគ្រោះទាំងផ្នែកក្បាល-ក ដងខ្លួន និងអវៈយវៈពុំមានស្លាកស្នាមឡើយ។ ក្រោយពីពិនិត្យរួច គណៈកម្មការបានសន្និដ្ឋានថា សាកសពស្លាប់ដោយសារលង់ទឹក មិនមានជាប់ពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌឡើយ។ សាកសពត្រូវសមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕