លោក ហ៊ុន ម៉ានី៖ ទោះបីជាពេលនេះ ខ្ញុំកំពុងមានបេសកកម្មនៅក្រៅប្រទេស ក៏ខ្ញុំនៅតែបន្តតាមដានស្ថានភាពទឹកជំនន់ នៅក្នុងប្រទេសដែរ

145

(ភ្នំពេញ)៖ កាលពីរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ លោក ហ៊ុន ម៉ានី ដែលជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានបង្ហាញនូវក្តីកង្វល់ ចំពោះបងប្អូនប្រជាពលរដ្ឋដែលកំពុងរងគ្រោដោយសារទឹកជំនន់ បើទោះបីជាលោក និងក្រុមការងារកំពុងជាប់បេសកកម្មនៅក្រៅប្រទេសក៏ដោយ។

តាមសារលិខិតដោយបង្ហាញពីក្តីបារម្ភ ដែលប្រធានខាងលើបញ្ជាក់តាមបណ្តាញសង្គមហ្វេសប៊ុក បានឲ្យដឹងថា “ដ្បិតថាពេលនេះ ខ្ញុំ និងក្រុមការងារកំពុងមានបេសកកម្មនៅក្រៅប្រទេសក៏ពិតមែន ក៏យើងខ្ញុំនៅតែបន្តតាមដានស្ថានភាពទឹកជំនន់ ដែលកំពុងតែជន់ជោរតាមបណ្តាខេត្តនានា ទូទាំងប្រទេស´ ។

លោកបានចូលរួមសោកស្តាយចំពោះបងប្អូនប្រជាពលរដ្ឋ ដែលខូចខាតទ្រព្យសម្បត្តិ និងផលដំណាំដោយសារគ្រោះធម្មជាតិនេះ និងថ្លែងអំណរគុណដល់អាជ្ញាធរពាក់ព័ន្ធ កងកម្លាំង និងសប្បុរសជននានា ដែលបានធ្វើសកម្មភាពជួយសង្គ្រោះប្រជាពលរដ្ឋរបស់យើងក្នុងគ្រាលំបាក ក្រោមស្មារតីខ្មែរតែមួយ ហើយក៏សង្ឃឹមថាទឹកជំនន់ឆាប់បានស្រក ស្រាកស្រាន្តដើម្បីបងប្អូនបានប្រកបរបរ កិច្ចការងារដូចដើមវិញ។

ឆ្លៀតក្នុងឱកាសនេះ លោក ហ៊ុន ម៉ានី បានអំពាវនាវដល់បងប្អូន បន្តស្មារតីប្រុងប្រយ័ត្នខ្ពស់ចំពោះសុខភាព ប្រយ័ត្នប្រយែងចំពោះសត្វអសិរពិសផ្សេងៗ ក៏ដូចជាឧបទ្ទវហេតុ ដែលនឹងអាចកើតឡើងដោយចៃដន្យ ជាពិសេសយកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភាពកុមារតូចៗគ្រប់ពេលវេលា។

ដោយឡែកកាលពីម្សិលមិញ ដោយសារតែជំនន់ទន្លេមេគង្គ បានបង្កឲ្យមានការលិចលង់យ៉ាងធ្ងន់ធ្ងរនៅបណ្តាខេត្តស្ថិតនៅតាមដងទន្លេមេគង្គខាងលើ ទោះបីជាទឹកចាប់ផ្តើមស្រកចុះ ប៉ុន្តែការស្រកនេះហាក់មាននៅភាពយឺត ខណៈបរិមាណជំនន់ទឹកដែលកើតឡើងមានបរិមាណទឹកច្រើនលើសលប់ក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា ចេញសារាចរណែនាំបន្ថែមស្តីពី ការបន្តវិធានការត្រៀមទប់ទល់នឹងគ្រោះទឹកជំនន់ ដោយអំពាវនាវឲ្យអាជ្ញាធរដែនដីបង្កើនស្មារតីប្រុងប្រយ័ត្នដើម្បីបង្ការផលប៉ះពាល់ពីគ្រោះធម្មជាតិជាយថាហេតុ ៕ ដោយ៖Fox Hot News