ផ្អើលទាំងយប់ អគ្គិភ័យឆាបឆេះផ្សារឃ្លាំងរំសេវ បំផ្លាញតូចលក់ទូរស័ព្ទ អស់ជាច្រើនតូច

135

(ភ្នំពេញ)៖ នាម៉ោង១១៖២០នាទីយប់ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ មានអគ្គិភ័យបានឆេះតូបក្នុងផ្សារឃ្លាំងរំសេវ យ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញអគ្គិភ័យបានឆេះផ្តើមចេញពីតូប ដែលជាតូបលក់ទូរស័ព្ទភ្លាមៗនោះ ក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ហៅរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង មកអន្តរាគមន៍បាញ់ពន្លត់ តែអគ្គិភ័យនៅតែបន្តឆាបឆេះកាន់តែខ្លាំងឡើងៗ ដោយក្រុមពន្លត់អគ្គិភ័យពិបាកបាញ់ ព្រោះតូបនីមួយៗជាប់សោរ។

សមត្ថកិច្ចបានឲ្យដឹងថា រហូតមកដល់វេលាម៉ោង១២៖២០នាទី ទើបអគ្គិភ័យរលត់ទៅវិញទាំងស្រុង។ ពាក់ព័ន្ធនឹងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ តាមការសន្និដ្ឋានរបស់សមត្ថកិច្ចថា តូបលក់ទូរស័ព្ទប្រហែលជាង៤០ ត្រូវបានលេបត្រជាក់ដោយអគ្គិភ័យមួយនេះ៕