TOP NEWS: សម្តេចតេជោ ហ៊ុន សែន ចេញសារាចរណែនាំបន្ថែម ឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរបន្តបង្កើនវិធានការ ទប់ទល់គ្រោះទឹកជំនន់

511

(ភ្នំពេញ)៖ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានចេញសារាចរណែនាំបន្ថែមទៀត ឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ រួមទាំងអាជ្ញាធរដែនដីទាំងអស់ បន្តបង្កើនស្មារតីប្រុងប្រយ័ត្ន និងដាក់ចេញវិធានការចាំបាច់នានា ដើម្បីត្រៀមទប់ទល់នឹងគ្រោះទឹកជំនន់ ដែលអាចនឹងកើនឡើងជាថ្មីក្នុងពេលដ៏ខ្លីខាងមុខ។

ក្នុងសារាចរណែនាំរបស់ រាជរដ្ឋាភិបាល បានបញ្ជាក់ថា ក្នុងរយៈពេលជិត១សប្តាហ៍កន្លងមកហើយ ដែលជំនន់ទន្លេមេគង្គ បានបង្កឲ្យមានការលិចលង់យ៉ាងធ្ងន់ធ្ងរ នៅបណ្តាខេត្តស្ថិតនៅតាមដងទន្លេមេគង្គផ្នែកខាងលើ។ បើទោះបីជា ទឹកបានចាប់ផ្តើមស្រកចុះ ប៉ុន្តែការស្រកចុះនេះ មានសភាពយឺត ជាក់ស្ដែងខេត្តស្ទឹងត្រែង ដែលចាប់តាំងពីពេលស្រកចុះ នៅយប់ថ្ងៃទី០៦ មកដល់ព្រឹកថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០១៩ មានរយៈពេល ៤ថ្ងៃកន្លះ ស្មើនឹង១០៨ ម៉ោង ទឹកស្រកចុះបានត្រឹមតែ០,៦០ ម៉ែត្រ ប៉ុណ្ណោះ។ ការស្រកចុះយឺតនេះ គឺដោយសារបរិមាណទឹក ដែលកើតឡើងដោយសារជំនន់ នាពេលកន្លងមកមានបរិមាណទឹកដ៏ច្រើនលើសលប់ ទន្ទឹមនឹងភ្លៀងនៅបន្តធ្លាក់ពីតិចទៅបង្គួរក្នុងតំបន់ផ្ទៃរងទឹកភ្លៀងរបស់ទន្លេមេគង្គបន្ថែមទៀត។

នៅក្នុងសារាចរនេះថា យោងតាមការព្យាករណ៍លើ ស្ថានភាពអាកាសធាតុ របស់ក្រសួងធនធានទឹក និងឧតុនិយម បានបង្ហាញថា ចាប់ពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០១៩តទៅ នឹងមានប្រព័ន្ធសម្ពាធទាប (ITCZ) ថ្មីមួយកើតឡើង ហើយប្រព័ន្ធសម្ពាធទាបនេះ នឹងរំកិលខ្លួនចុះមកក្រោម (ចន្លោះស្ទឹងត្រែង-ប៉ាក់ សេ)។ ប្រព័ន្ធសម្ពាធទាបថ្មីនេះ នឹងបង្កឲ្យមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន ជំរុញឲ្យទឹកទន្លេមេគង្គហក់ឡើងជាថ្មី ដែលធ្វើឲ្យជំនន់ឆ្នាំ២០១៩ នេះ ចាត់ទុកចំណាត់ថ្នាក់ជាជំនន់ធំ។

យោងលើស្ថានភាពកម្ពស់ទឹកទន្លេនាពេលបច្ចុប្បន្ន និងស្ថានភាពអាកាសធាតុ ដូចបានព្យាករណ៍ និងបញ្ជាក់ជូនខាងលើ រាជរដ្ឋាភិបាល ក៏បានធ្វើការណែនាំដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ និង អាជ្ញាធរដែនដីទាំងអស់ ត្រូវបន្តបង្កើនស្មារតីប្រុងប្រយ័ត្ន និងវិធានការចាំបាច់នានា ត្រៀមទប់ទល់នឹងគ្រោះទឹកជំនន់ ដែលអាចនឹងកើនឡើងជាថ្មីក្នុងពេលដ៏ខ្លីខាងមុខ កាត់បន្ថយឲ្យបានជាអតិបរមានូវការលំបាក និងការប៉ះពាល់ដល់ទ្រព្យសម្បត្តិ អាយុជីវិតរបស់ប្រជាពលរដ្ឋ។

*សូមភ្ជាប់ឯកសារសារាចរណែនាំខាងក្រោម៖