លោក Felix ៖ ទោះគេនាំមុខ១គ្រាប់ តែកីឡាករកម្ពុជាយើងនៅតែលេងល្អ ស៊ីចង្វាក់គ្នា ចេះជួយគ្នាពេលដែលបាត់បាល់

610

(កីឡា)៖ បន្ទាប់ពីចប់ការប្រកួត កម្ពុជា ០:១ បារ៉ែន នាព្រឹត្តការណ៍ FIFA World Cup Qatar 2022 វគ្គជម្រុះ Preliminary Qualification Round 2 នៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០១៩ នៅពហុកីឡដ្ឋានជាតិ លោក Felix  គ្រូបង្វឹកកម្ពុជា មានចំណាប់អារម្មណ៍ចំពោះក្រុមកីឡាករកម្ពុជា ដែលមានការសហការ និងលេងស៊ីចង្វាក់គ្នា។

លោក Felix បានលើកឡើថា «ទោះបីជាយើងត្រូវបានគេនាំមុខយើង១គ្រាប់ក៏ដោយ តែយើងឃើញថាកីឡាកររបស់យើងនៅតែលេងតាមរបៀបរបស់យើងដោយមានការប្រកួតប្រជែងខ្លាំង និងព្យាយាមរក្សាបាល់។»

លោកបន្តថា យើងឃើញចំនុចល្អរបស់ក្រុមយើង គឺលេងស៊ីចង្វាក់គ្នាចេះជួយគ្នាពេលដែលបាត់បាល់ ទោះបីជាប៉ះជាមួយក្រុមខ្លាំងក៏ដោយ តែយើងនៅតែលេងដោយភាពក្លាហាន និងមានឆន្ទះមោះមុត។

ទោះបីជាយើងមិនទទួលបានលទ្ធផលល្អក៏ដោយ ប៉ុន្តែការប្រមូលផ្តុំកីឡាករលើកនេះគឺពិតអស្ចារ្យទាំងក្នុងទីលាន និងក្រៅទីលាន ហើយជាចុងក្រោយពួកយើងពិតជាអរគុណដល់ទឹកចិត្តអ្នកគាំទ្រកម្ពុជា ដែលតែងតែមកគាំទ្រផ្ទាល់ និងទស្សនាការប្រកួតតាមកញ្ចក់ទូរទស្សន៍នៅគេហដ្ឋាន៕

Loading...