រក​ស៊ីដឹកអនឡាញយប់ៗប្រយ័ត្ន!!! បុរសអ្នកដឹកឥវ៉ាន់តាមអនឡាញម្នាក់ត្រូវបានក្រុមជនសង្ស័យធ្វើសកម្មភាពប្លន់ចាក់សម្លាប់

1332

(ភ្នំពេញ) ៖ បុរសអ្នកដឹកឥវ៉ាន់តាមអនឡាញម្នាក់ត្រូវបានក្រុមជនសង្ស័យធ្វើសកម្មភាពប្លន់ចាក់សម្លាប់ នាវេលាម៉ោង១២និង១៥នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី ១០ ខែ​​ កញ្ញា ២០១៩នេះ។

ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅក្នុងសំណង់ផ្ទះល្វែងមួយកន្លែង ស្ថិតក្នុងភូមិក្បាលដំរី សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សពបុរសរងគ្រោះឈ្មោះ ជីន សុភា ភេទប្រុសមានអាយុ៣២ឆ្នាំ មានមុខរបរជាអ្នកដឹកឥវ៉ាន់តាមអនឡាញ និងមានស្រុកកំណើត ស្ថិតនៅភូមិខ្សាច់ឆេះក្រោម ឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារខេត្តត្បូងឃ្មុំ។ បច្ចុប្បន្នស្នាក់នៅផ្ទះជួលមួយកន្លែង ស្ថិតនៅភូមិត្រពាំងល្វា សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ មធ្យោបាយធ្វើដំណើរម៉ូតូ HONDA DREAM 125 ពណ៌ខ្មៅស៊េរីឆ្នាំ២០០៧ ពាក់ស្លាកលេខ ភ្នំពេញ1R-8743។

ប្រភពព័ត៌មានពីអ្នកឃើញហេតុការណ៍បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសខាងលើ បានរត់ចេញពីកន្លែងសំណង់ផ្ទះល្វែង ទុកចោលខាងលើចម្ងាយ ជាង១០០ម៉ែត្រ ហើយបានស្រែកហៅឲ្យគេជួយផងមានគេប្លន់គាត់ ហើយរត់មកទាំងខ្លួនត្រូវគេចាក់ចំជើងទាំងសងខាង រត់មកដួលក្នុងថ្លុកទឹក។

ភ្លាមៗនោះបងប្អូនប្រជាពលរដ្ឋ បាននាំគ្នាខលហៅរថយន្តសង្រ្គោះបន្ទាន់ ដើម្បីដឹកបញ្ជូនទៅសង្គ្រោះ នៅឯមន្ទីរពេទ្យផងដែរ តែដោយសារជនរងគ្រោះ ហូរឈាមច្រើនពេកពិបាក ក្នុងការក្នុងការជួយសង្គ្រោះ បណ្ដាលឲ្យជនរងគ្រោះស្លាប់បាត់បង់ជីវិត យ៉ាងអាណោចអាធ័ម។

ដោយឡែកជនសង្ស័យ សមត្ថកិច្ចជំនាញកំពុងតែធ្វើការស្រាវជ្រាវ និងតាមចាប់យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕