លោកបង្វឹកកម្ពុជា Felix អះអាងថា ជំនួបជាមួយក្រុមបារ៉ែន កម្ពុជានឹងធ្វើបានល្អជាងប៉ះជាមួយ ហុងកុង ទៅទៀត​ ….

3142

(ភ្នំពេញ)៖ គ្រូបង្វឹកគោព្រៃកម្ពុជា លោក Felix បង្ហាញពីជំនឿយ៉ាងមុតមាំថា ជម្រើសជាតិកម្ពុជានឹងធ្វើបានល្អជាងប៉ះជាមួយ ហុងកុង ទៅទៀត ដោយសារកីឡាករមានការខិតខំយ៉ាងខ្លាំង និងព្យាយាមលេងតាមយុទ្ធសាស្ត្រ។

គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះ លើកឡើងថា “ពិតណាស់ខ្ញុំជឿជាក់ថាកីឡាករទាំងអស់នឹងធ្វើបានល្អជាងប្រកួតជាមួយហុងកុង ពីព្រោះយើងបានខិតខំខ្លាំងណាស់ អ្វីដែលសំខាន់យើងនៅតែព្យាយាមលេងជាមួយអ្វីដែលយើងចង់លេង ការប្រកួតជាមួយហុងកុងកីឡាករយើងពិតជាលេងបានល្អដូចអ្វីដែលយើងបានរៀបចំ តែមិនមែនលទ្ធផលទេ គឺរបៀបលេងដែលយើងចង់បាន”។

សំរាប់ការប្រកួតជាមួយក្រុមហុងកុងនោះ គោព្រៃកម្ពុជា បានបង្ហាញទម្រង់លេងយ៉ាងល្អ ពិសេសការសហការជាក្រុម ទាំងតំបន់ប្រយុទ្ធ បម្រើ ការពារ ល្អទាំងព្រម និងទទួលបានការកោតសរសើរពីអ្នកគាំទ្រផ្ទាល់នៅកីឡដ្ឋានជិត ៥ម៊ឺននាក់។ ជាមួយគ្នាដែរ អ្នកគាំទ្រនៅតែបន្តចង់ឃើញទម្រង់លេងល្អបែបនេះបន្តទៀត។

សូមជម្រាបថា ក្រុមជម្រើសជាតិកម្ពុជា នឹងបើកទ្វាកីឡដ្ឋានជាតិអូឡាំពិក ទទួលក្រុមភ្ញៀវ ជម្រើសជាតិបារ៉ែន នៅថ្ងៃទី១០ ខែកញ្ញា ស្អែកនេះ វេលាម៉ោង ៦៖៣០នាទីយប់ ក្នុងការប្រកួតវគ្គជម្រុះជុំទី២ នៃពានរង្វាន់បាល់ទាត់ពិភពលោក សម្រាប់ឆ្នាំ២០២២ នៅប្រទេសកាតា៕

Loading...