លិខិតមិត្តអ្នកអាន៖ កម្ចាត់មាន់សំគមមួយក្បាលកំពុងសំកុក ចាំបាច់អីប្រើកាំបិតតូចធំ, មូលតែក ដកស្លាបព្រឹប ទធាក់ជើងទៅហើយ!

1480

(ភ្នំពេញ)៖ ទណ្ឌិត សម រង្ស៉ី បច្ចុប្បន្នមិនខុសអ្វីពីមាន់មួយក្បាលដែលកំពុងមានជំងឺស្គម រីងរៃ គ្មានសាច់ សល់តែស្បែកដណ្តប់ឆ្អឹង កំពុងសំកុកនៅឯក្រៅប្រទេស រង់ចាំថ្ងៃចាប់ចូលទ្រុងដើម្បីកុំឱ្យជំងឺទាំងប៉ុន្មាននៅក្នុងខ្លួនមាន់នោះឆ្លងគេតែប៉ុណ្ណោះ។ ទណ្ឌិត សម រង្ស៉ី ជាមាន់កំសាក កាលនៅមានកម្លាំង បានតែរងាវអួត តែមិនដែលហ៊ានជល់ប្រកួត អាងអីរត់តែមួយមុខតែប៉ុណ្ណោះ។

យ៉ាងណាមិញទណ្ឌិតម្នាក់នេះ មួយរយៈចុងក្រោយនេះនៅតែមិនចោលចរិតភាពក្រអឺតក្រទម ច្រងេងច្រងាង សម្បូរទៅដោយអំនួតនៅក្នុងខ្លួនដដែល។ ជាក់ស្តែងទណ្ឌិតមាន់សម្លរ សម រង្ស៉ី ធ្វើជាក្អេងក្អាងបបួលសម្តេចតេជោ ហ៊ុន សែន ភ្នាល់ពីក្រៅសង្វៀនមកថា «បើលោក ហ៊ុន សែន មិនជឿថា ខ្ញុំនឹងវិលត្រឡប់មកប្រទេសកម្ពុជាវិញមែន នៅថ្ងៃ៩ វិច្ឆិកា ២០១៩ នេះទេ។ តើលោក ហ៊ុន សែន យល់ព្រមចុះចេញពីតំណែងភ្លាមមួយរំពេចទេ នៅពេលខ្ញុំមកជាន់ទឹកដីប្រទេសកម្ពុជាយ៉ាងជាក់ស្តែង នៅថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ?»

សម្រាប់សម្តេចតេជោ ហ៊ុន សែន វិញ ដូចប្រជាពលរដ្ឋដឹងរួចមកហើយថា លោកតែងតែបកស្បែកពួកអ្នកដែលមានចរិតអាក្រក់។ ពួកអ្នកមានចេតនាបំផ្លាញសេចក្តីសុខប្រជាពលរដ្ឋ ជាពិសេសជនក្បត់ជាតិ។

សម្តេច ហ៊ុន សែន បានយល់ព្រមភ្នាល់ជាមួយ សម រង្ស៉ី «បើសិន សម រង្ស៉ី ចូលមកកម្ពុជាហើយចាប់មិនបានក្នុងរយៈពេល២៤ម៉ោង សម្តេចតេជោនឹងសុខចិត្តចុះចេញពីតំណែង»

ការប្រកាសភ្នាល់របស់សម្តេច ហ៊ុន សែន គឺស្មើនឹងការប្រកាន់យកជំហរដ៏រឹងមាំ ដាច់ខាត គ្មានការប្រែប្រួល ចំពោះជនមានទោសដូច ទណ្ឌិត សម រង្ស៉ី ដែលនឹងត្រូវចាប់ខ្លួនភ្លាមៗដោយគ្មានការបង្អង់។ ដូច្នេះវាសមចិត្តរបស់ សម រង្ស៉ី ហើយ ដែលចង់ត្រឡប់មកកម្ពុជាវិញនោះ ពោលគឺមកស្លាប់ក្នុងគុក ក្នុងទឹកដីកម្ពុជា ដើម្បីសងបំណុលដែលទណ្ឌិតរូបនេះ បានឃុបឃិតជាមួយបរទេស រៀបចំគម្រោងផែនការបំផ្លាញប្រទេសជាតិ និងប្រជាជនខ្លួនឯង ។

ទណ្ឌិត សម រង្ស៉ី ជាមនុស្សកំសាកដែលពីដើមរៀងមក គឺបានតែសំដី ប្រៀបដូចជាមាន់សម្លរបានតែរងាវអួតតែប៉ុណ្ណោះ ទណ្ឌិតម្នាក់នេះខ្លាចទ្រុងណាស់ ខ្លាចគុកណាស់ ចំណែកឯសមត្ថភាព បទពិសោធន៍គ្មានគីឡូ ខណៈប្រជាជនកម្ពុជាឈប់រំលឹកឈ្មោះទៅហើយ ដូច្នេះទណ្ឌិតមាន់សម្លរ សម រង្ស៊ី ច្បាស់ជាមានល្បិចអ្វី ក្រឡាស់សំដីមិនហ៊ានអើតក្បាលមកកម្ពុជានោះទេ។

ស្ថានភាពរបស់ ទណ្ឌិត សម រង្ស៉ី នាពេលបច្ចុប្បន្ននេះកាន់តែអាក្រក់ទៅៗ មិនអាចស្រោចស្រង់បាន ដោយថ្មីៗនេះសម្តេច ហ៊ុន សែន បានដាក់ពាក្យបណ្តឹងជាផ្លូវការ ប្តឹងទណ្ឌិត សម រង្ស៉ី ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈចំពោះបុគ្គល» ទៅកាន់តុលាការបារាំង នៅថ្ងៃទី២០ សីហា ឆ្នាំ២០១៩។ ដោយសារតែកន្លងមកទណ្ឌិតរូបនេះ បានធ្វើការចោទប្រកាន់និងមូលបង្កាច់ បង្ខូចកិត្តិយស សម្តេច ហ៊ុន សែន ព្រមទាំងក្រុមគ្រួសារ និងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ជាច្រើនលើកច្រើនសារមកហើយ ។

តើហេតុអ្វី បានជាសម្តេច ហ៊ុន សែន សម្រេចប្តឹងទណ្ឌិត សម រង្ស៉ី ទៅតុលាការបារាំង?

នោះដោយសារតែអស់ការអត់ធ្មត់ ជុំវិញទង្វើអសីលធម៌ដដែលៗ ភាពគឃ្លើនល្មើសច្បាប់ មួលបង្កាច់ បរិយារកេរ្តិ៍ ផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ និងចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់របស់ទណ្ឌិត សម រង្ស៉ី។ បណ្តឹងរបស់សម្តេច ហ៊ុន សែន ក៏ដើម្បីបង្ហាញប្រាប់សាធារណៈមតិជាតិ និងអន្តរជាតិថា លោកមិនដែលរួញរាឡើយ ក្នុងការតស៊ូរឿងច្បាប់ ដើម្បីការពារយុត្តិធម៌ និងការពារសេចក្តីសុខសាន្ត របស់ប្រទេសជាតិ និងប្រជាជនរបស់ខ្លួន ក្នុងនាមជា «មាសសុទ្ធមិនខ្លាចភ្លើង»។

ដូច្នេះសរុបមក ទណ្ឌិត សម រង្ស៉ី បច្ចុប្បន្ននេះរុំព័ទ្ធជាច្រើនបទល្មើស ហើយណាមួយពាក្យបណ្តឹងទៅដល់ប្រទេសបារាំងជាដែនដី សម រង្ស៉ី ជ្រកកោនទៀតនោះ ធ្វើឱ្យ សម រង្ស៉ី ដេកមិនលក់ រសាប់រសល់ ស្គមកាយ សតិអាម្មរណ៏មិនល្អ យីអ៊ុនដាក់ មិនខុសអ្វីពីមាន់សំគមមួយក្បាលដែលសំកុក មានជំងឺប្រចាំកាយ រង់ចាំថ្ងៃអវសាន ដោយមិនចាំបាច់ប្រើកាំបិតតូចធំឡើយ ខណៈដែលកំពុងជាប់អន្ទាក់ ហើយស្លាបរបស់ខ្លួនកំពុងត្រូវបានគេដកម្តងមួយៗដោយវិធានការច្បាប់ទៀតនោះ រង់ចាំតែថ្ងៃចាប់ដាក់ទ្រុងតែប៉ុណ្ណោះ ដើម្បីកុំឱ្យជំងឺដ៏សាហាវក្នុងខ្លួនទណ្ឌិតមាន់សម្លរនេះឆ្លងទៅកាន់អ្នកផ្សេងៗ៕

ដោយ៖ ជា ច័ន្ទបរិបូរណ៍