ចិនទើបចុះយន្តហោះ ចោរចិត្តខ្មៅឆក់កាបូបទៅបាត់!

381

ភ្នំពេញ៖ ជនជាតិចិនគ្នា២នាក់ ទើបតែចុះពីលើយន្តហោះ ឡើងជិះម៉ូតូកង់បី ចេញពីរបងព្រលានមិនទាន់ដឹងអីផង ត្រូវលោកចោរឆក់កាបូបទៅបាត់ដោយសុវត្ថិភាព ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១២និង៣០នាទីរសៀល ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅលើផ្លូវសហព័ន្ធរុស្សី ត្រង់ចំណុចមុខស្តុបព្រលានថ្មី ភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រជាពលរដ្ឋឃើញហេតុការណ៍បានឲ្យដឹងថា មុនកើតហេតុ គេឃើញជនជាតិចិន ២នាក់ ជិះម៉ូតូកង់បី ទើបចេញផុតពីរបងព្រលាន ឡើងលើផ្លូវសហព័ន្ធរុស្សី ឆ្ពោះទៅកើត ស្រាប់តែមានជនសង្ស័យម្នាក់ ជិះម៉ូតូមកអែបខាងស្តាំម៉ូតូកង់បី ហើយធ្វើសកម្មភាពឆក់យកកាបូបស្ពាយ ពីជនជាតិចិនម្នាក់ បានសម្រេច ជិះគេចខ្លួនទៅបាត់ ។

តាមកាយវិការបស់ជនរងគ្រោះ ព្រោះមិនអាចទំនាក់ទំនង ភាសារកើត ជនរងគ្រោះបង្ហាញ ថាខ្លួនទើបតែចុះពីលើយន្តហោះ ជិះម៉ូតូកង់បី ទៅរកផ្ទះសំណាក់ គ្រាន់តែម៉ូតូកង់បី បត់ឡើងផ្លូវសហព័ន្ធរុស្សី ស្រាប់តែជនសង្ស័យ ឆក់យកកាបូបស្ពាយចំហៀងទៅបាត់ ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅដល់់ធ្វើការសាកសួរ ពិនិត្យដល់ចំណុចកើតហេតុ រួចនាំជនរងគ្រោះទៅប៉ុស្តិ៍កាកាប២ រងចាំរកអ្នកបកប្រែ មកជួយ ទំនាក់ទំនងដើម្បីដាក់ពាក្យបណ្តឹង ៕