ក្រសួងធនធានទឹក៖ ឥទ្ធិពលប្រព័ន្ធសម្ពាធទាប និងព្យុះបៃលូ ធ្វើឲ្យកម្ពុជាមានភ្លៀងធ្លាក់ពីតិចទៅច្រើន ខណៈខេត្តមាត់សមុទ្រភ្លៀងធ្លាក់ពីបង្គួរទៅច្រើន

316

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩នេះ បានចេញសេចក្តីជូនដំណឹងថ្មីមួយ ពីបញ្ហាអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២៨ ខែសីហាដោយបញ្ជាក់ថា ឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាប និងព្យុះទី១១ ឈ្មោះ បៃលូ នឹងធ្វើឲ្យកម្ពុជា មានភ្លៀងធ្លាក់ពីតិចទៅច្រើន ខណៈតំបន់មាត់សមុទ្រ មានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹក ដែលបណ្តាញព័ត៌មាន ទទួលបាននៅព្រឹកថ្ងៃទី២២ ខែសីហានេះបានបញ្ជាក់ពីបញ្ហាអាកាសធាតុយ៉ាងដូច្នេះថា៖

១៖ ចាប់ពីថ្ងៃទី២២ដល់ ២៤ ខែសីហា ស្ទើរទូទាំងប្រទេស នឹងមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីតិចទៅបង្គួរ។

២៖ ចាប់ពីថ្ងៃទី២៥ ដល់ ២៨ ខែសីហា៖
* បណ្តាខេត្តនៅតំបន់មាត់សមុទ្រ ខេត្តកោះកុង និងខេត្តព្រះសីហនុ នឹងអាចមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន។ លើផ្ទៃមេឃមានខ្យល់បោកបក់ខ្លាំង និងរលកសមុទ្រខ្ពស់។
* បណ្តាខេត្តចាប់ពីតំបន់វាលទំនាប់ភាគកណ្តាលឡើងទៅលើ នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅច្រើន។ ទន្ទឹមនោះអាចមានផ្នែកមួយចំនួនភ្លៀងធ្លាក់ខ្លាំង។
* បណ្តាលរាជធានី-ខេត្តនៅបែកខាងក្រោម នឹងអាចមានភ្លៀងធ្លាក់ពីមធ្យមទៅបង្គួរ។ ទន្ទឹមនោះ អាចមានផ្នែកខ្លះភ្លៀងធ្លាក់ច្រើន។

ជាមួយគ្នានេះ ក្រសួងក៏អំពាវនាវដល់សាធារណជន មានការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូត ខ្យល់ ផ្គរ រន្ទះ និងរលកសមុទ្រ ដែលអាចកើតមានឡើងជាយថាហេតុ៕