សម្តេចតេជោ ហ៊ុន សែន ស្នើក្រុមហ៊ុនជប៉ុនចូលមកវិនិយោគលើប្រព័ន្ធដឹកជញ្ជូនក្នុងរាជធានីភ្នំពេញ ដើម្បីដោះស្រាយការកកស្ទះ

291

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើឱ្យក្រុមហ៊ុនជប៉ុនចូលមកវិនិយោគលើប្រព័ន្ធដឹកជញ្ជូនក្នុងរាជធានីភ្នំពេញ ដើម្បីជួយដោះស្រាយការកកស្ទះចរាចរណ៍ដែលជាចំណោទបញ្ហាមួយសម្រាប់រាជធានីភ្នំពេញនាពេលបច្ចុប្បន្ន។

សំណើរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅចំពោះមុខអនុរដ្ឋមន្ត្រីការបរទេសជប៉ុន លោក Norikazu Suzuki ក្នុងជំនួបពិភាក្សាការងារនៅរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩នេះ។

ក្នុងជំនួបនេះសម្តេចតេជោ ហ៊ុន សែន បានរំលឹកថា កន្លងទៅនេះជប៉ុនបានសិក្សាជាច្រើន ដើម្បីដើស្រាយលើការដឹកជញ្ជូន ក្នុងរាជធានីភ្នំពេញកើតមានការកកស្ទះចរាចរណ៍។ សម្ដេចតេជោ បានស្នើសុំឲ្យក្រុមហ៊ុនជប៉ុនមកមកធ្វើការអភិវឌ្ឍទៅលើប្រព័ន្ធដឹកជញ្ជូនក្នុងទីក្រុងភ្នំពេញនេះឱ្យឆាប់ដើម្បីបម្រើសេចក្តីត្រូវការ និងការរស់នៅរបស់ប្រជាពលរដ្ឋក្នុងទីក្រុងភ្នំពេញកាន់តែមានភាពល្អប្រសើរ។

សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណទៅដល់អនុរដ្ឋមន្ត្រីការបរទេសជប៉ុន ក៏ដូចជាប្រទេសជប៉ុនដែលកន្លងមកតែងជួយដល់ប្រទេសកម្ពុជា។ ជាពិសេសតាំងពីដំណើរការនៃការស្វែងរកសន្តិភាព ហើយប្រទេសជប៉ុនជាប្រទេសបានផ្ដល់ជំនួយច្រើនដល់ប្រទេសកម្ពុជា។