ករណីឃាតកម្មប្តីកាប់សម្លាប់ប្រពន្ធ រួចចង.កសម្លាប់ខ្លួនឯងតាមក្រោយ

292

កំពង់ធំ៖ ករណីឃាតកម្មដ៍សាហាវមួយទៀតហើយ បានកើតឡើងនៅក្នុងខេត្តកំពង់ធំ ដោយឃាតកជាប្តីបានកាប់សម្លាប់ប្រពន្ធយ៉ាងសាហាវព្រៃផ្សៃ រួចធ្វើអត្តឃាតចង.កសម្លាប់ខ្លួនឯងតាមក្រោយ យ៉ាងរន្ធត់ នៅជិតគ្នាតែម្តង ក្រោយប្រជាពលរដ្ឋ បានឭសំឡេងប្រពន្ធស្រែកឲ្យជួយតែគ្មានអ្នកណាជួយនោះទេ បន្សល់ទុកកូនប្រុសអាយុទើបជាង១ខួបឲ្យរស់នៅកំព្រា។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលខ្លាំង កាលពីវេលាម៉ោង៩ និង៣០នាទីយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ ក្នុងភូមិគូរ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យដឹងថា សពស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះ មុំ សុខណា អាយុ ២២ឆ្នាំ ត្រូវឃាតកជាប្តីឈ្មោះ ស៊ុន សុគាន់ អាយុ ៣៨ឆ្នាំ កាប់សម្លាប់ជាច្រើនកាំបិត និងច្រើនកន្លែង រួចឃាតកជាប្តីរូបនេះ បានចង.កសម្លាប់ខ្លួន ជាប់នឹងធ្នឹមផ្ទះក្បែរសពប្រពន្ធ ខណៈដែលឃាតកម្មដែលកើតឡើងលើគ្រួសារក្រីក្រមួយនេះ ត្រូវបានអ្នកភូមិនិយាយថា តែងតែឈ្លោះគ្នាស្ទើររាល់ថ្ងៃ សង្ស័យបណ្តាលមកពី ឥទ្ធិពលគ្រឿងញៀន និងភ្លើងប្រចណ្ឌ បន្សល់ទុកកូនអាយុជាង១ខួបម្នាក់ ឲ្យនៅតែលតោល កំព្រាឪពុកម្តាយ គ្មានទីពឹង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅធ្វើកោសល្យវិច័យទៅលើសាកសពនៅកន្លែងកើតហេតុ និងបានប្រគល់សព២នាក់ប្តីប្រពន្ធនេះ ទៅឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕