សរុបដំណើរការសំណេរ នាព្រឹកថ្ងៃទី២ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

417

ដំណើរការសំណេរព្រឹកថ្ងៃទី២ បានប្រព្រឹត្តទៅដោយរលូនល្អ មិនមានបាតុភាពកើតឡើង ភាពមិនប្រក្រតីណាមួយគួរឲ្យកត់សម្គាល់ឡើយ។ បើទោះបីមានភ្លៀងធ្លាក់នៅតាមមណ្ឌលមួយចំនួន ក្នុងខេត្តព្រះវិហារ ស្ទឹងត្រែង រតនគិរី និងកោះកុង ប៉ុន្តែដំណើរការសំណេរនៅតែ មានដំណើរការល្អ មានសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ ដោយមានការយកចិត្តទុកដាក់ និងទំនួលខុសត្រូវខ្ពស់ពី គណៈមេប្រយោគទូទាំងប្រទេស គណៈអប្បមាទទូទាំងប្រទេស ជំនួយការអប្បមាទទូទាំងប្រទេស ប្រធាន អនុប្រធានមណ្ឌល គណៈកម្មការកណ្ដាល គណៈកម្មការត្រួតពិនិត្យអគារ គណៈកម្មការអនុរក្ស ដោយមានការចូលរួមសហការដោយ សហភាពសហព័ន្ធយុវជនកម្ពុជា អង្គភាពប្រឆាំងអំពើពុករលួយ មន្ត្រីសុខាភិបាល និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ។ ដោយឡែកបេក្ខជន បានគោរពបទបញ្ញត្តិនៃការប្រឡងបានយ៉ាងល្អ និងប្រឹងប្រែង ក្នុងការធ្វើកិច្ចការតាមសមត្ថភាពរៀងៗខ្លួន ដោយគ្មានយកសំណៅឯកសារ ឬឧបករណ៍អេឡិចត្រូនិកចូលក្នុងមណ្ឌលប្រឡងឡើយ។

ក្នុងដំណើរការសំណេរនាព្រឹកថ្ងៃទី២នេះ មានពីរមុខវិជ្ជា សម្រាប់ថ្នាក់វិទ្យាសាស្ត្រ (អក្សរសាស្ត្រខ្មែរ និងរូបវិទ្យា) និងសម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម (គណិតវិទ្យា និងសីលធម៌ ពលរដ្ឋវិជ្ជា)។ ចំនួនបេក្ខជនអវត្តមាននាពេលព្រឹកចំនួន ១៨១៨ នាក់ ស្រី ៦៩៦នាក់ ជាភាគរយ ១.៥៥%។ បេក្ខជនមានបញ្ហាសុខភាពចំនួន៦៣ករណី ក្នុងនោះមិនអាចវិលត្រឡប់មកប្រឡងវិញ ៣ករណី ចំណែកបេក្ខជនផ្សេងទៀតបន្តប្រឡងជាបន្តទៀតបាន បន្ទាប់ពីទទួលបានការសង្គ្រោះបឋម។

សូមជម្រាបថា បេក្ខជនប្រឡងឆ្នាំនេះ មានចំនួន ១១៧ ០៤៣ នាក់ ស្រី ៦០៤២៧ នាក់ មាន ២០២ មណ្ឌល ចែកជាថ្នាក់វិទ្យាសាស្ត្រមានបេក្ខជនចំនួន៤៤៦៩០នាក់ មាន ៧៥ មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គមមានបេក្ខជនចំនួន ៧២៣៥៣នាក់ មាន ១២៧ មណ្ឌល៕

២០ សីហា ២០១៩ | មណ្ឌលសំណេរគ្រប់រាជធានី – ខេត្ត

#BacII #BacII2019