មនុស្សតិចណាស់ស្គាល់លោក ចាំងឈាន (Zhang Qian) ប៉ុន្តែចិនបានចាត់លោកជាវីរបុរសជាតិ

96

លោកគឺជាអ្នកបើកផ្លូវអោយប្រទេសចិនមានទំនាក់ទំនងទៅទិសខាងលិច ពោលគឺលោកជាអ្នកបើក«វិថីសូត»ដំបូងបង្អស់របស់ចិន ។ ដើម្បីតទល់នឹងការគំរាមកំហែងរបស់សាសន៍ Xiongnu ដែលជាកុលសម្ព័ន្ធដ៏ខ្លាំងក្លានៅទីវាលម៉ុងហ្គោលីសម័យនោះ ព្រះអធិរាជចិនបានចាត់អោយលោក ចាំងឈាន ទៅទិសខាងលិចដើម្បីទាក់ទងជាមួយកុលសម្ព័ន្ធ Yuezhi ដែលត្រូវពួក Xiongnu សំលាប់ស្តេច (ពួក Xiongnu បានយកលលាដ៍ព្រះកេសស្តេចនេះ ធ្វើជាក្លាំផឹកស្រា) ហើយបំបែកខ្ចាត់ខ្ចាយរត់ទៅរស់នៅក្នុងតំបន់ តាស៊ា (ចន្លោះប្រទេស Afghanistan, Tadjikistan និង Ouzbekistan បច្ចុប្បន្ននេះ) ។

លោក ចាំងឈាន ត្រូវពួក Xiongnu ចាប់បានហើយស្ថិតនៅជាអ្នកទោសរបស់ពួក Xiongnu ជាង ១០ ឆ្នាំ រហូតដល់រៀបការជាមួយនារី Xiongnu ម្នាក់ឈ្មោះ Nanuo និងបានកូនប្រុសមួយ និង ស្រីមួយ ។

ក្រោយមក លោក ចាំងឈាន បានលួចរត់ដោយចេញតាមជ្រលង Ferghana ប្រទេស Afghanistan រហូតដល់ប្រទេស តាយាន់ ដែលនៅទីនោះស្តេចប្រទេសនេះផ្តល់អ្នកនាំផ្លូវឆ្លងកាត់តំបន់អាសុីកណ្តាល រហូតដល់ជួបប្រជាជន Yuezhi ដែលបានវាតទីនៅតំបន់ តាស៊ា (ខាងជើងតំបន់ Hindu Kush ជាទីដែលស្តេច Alexander the Great បានឆ្លងកាត់) ។ នៅក្នុងតំបន់ដែលមានដីប្រកបដោយជីរជាតិនេះ ជនជាតិ Yuezhi បានតាំងនៅស៊ប់ហើយមិនមានបំនងអ្វីធ្វើចំបាំងសងសឹកនឹងពួក Xiongnu ទៀតទេ ។
លោក ចាំងឈាន ក៏វិលត្រលប់វិញដោយកាត់តាមតំបន់ខាងត្បូងតំបន់ Yangzi និង តាមភាគនីរតីនៃប្រទេសចិនដែលមិនដែលមានជនជាតិចិនណាម្នាក់បានមកដល់ ។ លោកបានប្រមូលព័ត៌មានយ៉ាងច្រើនពីតំបន់ទាំងនេះ ជាពិសេសលទ្ធភាពដែលប្រទេសចិនអាចឈានទៅខាងលិចដោយមិនបាច់ឆ្លងកាត់តាមតំបន់ដែលត្រួតត្រាដោយពួក Xiongnu ។ លោកត្រូវពួក Xiongnu ចាប់បានម្តងទៀត តែមួយឆ្នាំក្រោយមកលោកបានរត់រួចទៀតដោយនាំទាំងប្រពន្ធកូនមកជាមួយផង ។

នៅពេលទៅដល់ចាងអានវិញ ស្តេច វូទី មិនគ្រាន់តែមិនបន្ទោសពីបរាជ័យនៃបេសកកម្មរបស់លោកទេ តែព្រះមហាក្សត្ររីករាយដោយតាមរយៈរបាយការណ៍របស់លោក ប្រទេសចិនដឹងពីប្រទេសនៅជ្រលង Ferghana ប្រទេសនៅអាសុីកណ្តាល រួមទាំងប្រទេសពែក្សផង ។ មិនគ្រាន់តែផ្តល់ព័ត៌មានពីភូមិសាស្ត្រប៉ុណ្ណោះទេ លោក ចាំងឈាន បាននាំទៅដល់ប្រទេសចិននូវផលិតផលមួយចំនួនដែលចិនមិនដែលស្គាល់ពីមុនមក ដូចជាផ្លែទទឹម ទំពាំងបាយជូរ ក្រចៅ ឳឡឹក ល្ងរ …. (ឆ្នាំ ១២៦ មុន គ.ស.) ។

អ្វីដែលសំខាន់ជាងនេះទៅទៀត គឺប្រវត្តិវិទូ បានកំនត់ថាការបើកផ្លូវនេះហើយ មិនគ្រាន់តែចិនអាចនាំចេញផលិតផលសូតរបស់ខ្លួនទៅដល់ចក្រភពរ៉ូមប៉ុណ្ណោះទេ តែក៏បានធ្វើអោយចិនបានទទួលឥទ្ធិពលព្រះពុទ្ធសាសនា មកវិញផងដែរ ៕