រាជ រដ្ឋាភិបាលកម្ពុជាបានហាមឃាត់ជាបន្ទាន់ក្នុងការលក់ និងការប្រើប្រាស់ឱសថឌីក្លហ្វេណាក់(Diclofenac) នៅក្នុងប្រទេសកម្ពុជា

0
2843

ភ្នំពេញ៖ រដ្ឋាភិបាលបានចាត់វិធានការនេះដើម្បីការពារសត្វត្មាតមានសេសសល់នៅកម្ពុជាហើយស្ថិតក្នុងស្ថានភាពកំពុងតែថយចុះ និងមានការគំរាមកំហែងឈានទៅរកការផុតពូជ។

លោកស្រីវេជ្ជបណ្ឌិត Julia Stenkat បសុពេទ្យ ប្រចាំអង្គការ ACCB បានបញ្ជាក់ថា “ថ្នាំព្យាបាលសត្វឌីក្រូហូក់ (Diclofenac) មិនបង្កគ្រោះថ្នាក់ចំពោះសត្វពាហនៈ និងសត្វចិញ្ចឹម ដទៃទៀតនោះទេ ប៉ុន្តែជាមូលហេតុធ្វើឱ្យសត្វត្មាតស្លាប់បានប្រសិនបើពួកគេទៅស៊ីសាកសពសត្វពាហនៈដែលមុនពេលស្លាប់បានព្យាបាលដោយប្រើថ្នាំប្រភេទនេះ”។

ប្រភេទសត្វត្មាតទាំងអស់ដែលមាន វត្តមាននៅក្នុងប្រទេសកម្ពុជាត្រូវបានការពារដោយច្បាប់កម្ពុជា ហេតុនេះវិធានការដែលចែងក្នុងសេចក្តីប្រកាសចេញដោយរាជរដ្ឋាភិបាលកម្ពុជានេះ គឺដើម្បីកាត់បន្ថយហានិភ័យនៃការពុលដោយសារធាតុឌីក្រូហូណាក់ (Diclofenac) ទៅលើពួកវា ខណៈដែលសារធាតុពុលនៃថ្នាំគីមីកសិកម្មដទៃទៀតដូចជាប្រភេទថ្នាំកាបូហ្គន (carbofuran) នៅតែបង្កហានិភ័យខ្ពស់ធ្វើឱ្យថយចុះនូវចំនួនសត្វត្មាតក្នុងប្រទេសកម្ពុជា។

លោកបណ្ឌិត នូ វរនីកា ប្រធាននាយកដ្ឋានសុខភាពសត្វ និងសុខភាពសាធារណៈបសុព្យាបាល នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានថ្លែងថា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានយល់យ៉ាងច្បាស់អំពីកត្តាអវិជ្ជមាននៃបសុឱសថឌីក្លហ្វេណាក់ (Diclofenac) ចំពោះសត្វត្មាតនៅកម្ពុជា ក៏ដូចជាផលវិបាកដែលអាចកើតមានចំពោះសុខភាពមនុស្សផងដែរ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានសេចក្តីសោមនស្សរីករាយដែលក្រមការងារអភិរក្សសត្វត្មាតកម្ពុជាបានធ្វើកិច្ចសហការក្នុងការចេញជាសេចក្តីប្រកាសនេះ”។

កញ្ញា នី ណែគឺ អ្នកសម្របសម្រួលក្រុមការងារអភិរក្សសត្វត្មាតកម្ពុជានិងជាមន្ត្រីជាន់ខ្ពស់របស់អង្គការជីវិត សត្វស្លាបអន្តរជាតិបានមានប្រសាសន៍ថា “កិច្ចបន្តចាប់ពីពេលនេះ គឺត្រូវធានាថាអាជ្ញាធរខេត្តដែលពាក់ព័ន្ធ មានការយល់ជ្រួលជ្រាបអំពីសេចក្តីប្រកាសហាមឃាត់នេះ និងដោយមានការគាំទ្រពីក្រមការងារអភិរក្សត្នោត កម្ពុជា អនុវត្តតាមវិធានដែលមានចែងក្នុងសេចក្តីប្រកាសនេះឱ្យមានប្រសិទ្ធភាព”។

កញ្ញាបានបន្តថា “សេចក្តីប្រកាសដែលចេញដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នេះគឺជាវិធានការដែលមានសារៈសំខាន់ណាស់ក្នុងការអភិរក្សសត្វត្មាត ប៉ុន្តែយើងក៏នៅតែបន្តធ្វើការយ៉ាងសកម្មថែមទៀតដើម្បីទប់ស្កាត់ការបំពុល សត្វត្មាតដោយថ្នាំគីមីកសិកម្មផ្សេងទៀត ដែលក្នុងនោះរួមមានៈ កាបូហូរាន(carbofuran) និងថ្នាំសម្លាប់សត្វល្អិតកាបូម៉ែត(carbomate) ព្រោះវាជាបញ្ហាប្រឈមដ៏ធំផងដែរ”៕

ក្រុមការងារអភិរក្សសត្វត្មាតកម្ពុជា (CvWG) ដែលជាក្រុមការងារដែលមានការរួមផ្ដុំដោយអង្គការមិនមែនរដ្ឋាភិបាលអភិរក្សមួយចំនួនដើម្បីធ្វើការអភិរក្សសត្វត្មាតនៅកម្ពុជាចាប់តាំងពីឆ្នាំ២០០៤មកម្លេះ។ សត្វត្មាតនៅកម្ពុជាកំពុងប្រឈមមុខនឹងហានិភ័យឈានទៅរកការវិនាសផុតពូជយ៉ាងខ្ពស់ ដោយផ្អែកលើកលទ្ធផលនៃការអង្កេតតាមដានចាប់ពីផ្តើមគម្រោងរហូតដល់បច្ចុប្បន្នយើងឃើញថាសត្វត្មាតនៅប្រទេសកម្ពុជាមានធ្លាក់ចុះប្រមាណជា ៥០%។ ការបំពុល និងការបាត់បង់ទីជម្រក គឺជាមូលហេតុចម្បង ដែលបណ្តាលឱ្យសត្វត្មាតនៅប្រទេសកម្ពុជាមានការធ្លាក់ចុះ។ យោងតាមលទ្ធផលជំរឿនថ្នាក់ជាតិក្នុងឆ្នាំ២០១៩នេះបានបង្ហាញថា សត្វត្មាតតែ ១២០ក្បាលប៉ុណ្ណោះត្រូវបានកត់ត្រាក្នុងតំបន់សំខាន់ៗទាំងអស់ដែលមាននៅកម្ពុជា។

Facebook Comments