ដល់ករគ្រឿងញៀន២១គីឡូក្រាម ត្រូវនគរបាលខណ្ឌដង្កោបង្ក្រាបបាន

3016

Loading...

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌដង្កោបានឃាត់ខ្លួនបុរសជនជាតិស្បែកខ្មៅ៣នាក់ ដោយដកហូតបានគ្រឿងញៀន ប្រមាណជា២១គីឡូក្រាម កាលពីយប់ម៉ោង២១និង៣០នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩ នៅផ្ទះសំណាក់ឈ្មោះ តូនី ស្ថិតនៅភូមិចំរើនផល សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

មុននិងឈានដល់ការឃាត់ខ្លួនជនសង្ស័យ៣នាក់ខាងលើ គឺមានឈ្មោះ ហ៊ុំ ស្រីភាស់ និងឈ្មោះ ហ៊ុំ សាវឿន ភេទប្រុស អាយុ២៩ ឆ្នាំ ត្រូវជាបងបង្កើតរបស់ឈ្មោះ ហ៊ុំ ស្រីភាស់ បានដាក់ពាក្យបណ្ដឹងទៅលើឈ្មោះ ដេវីត (DAVIS CANKWDO) ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរ លក់ដូរ ជនជាតិនីហ្សេរីយ៉ា ស្នាក់នៅផ្ទះជួលលេខ១៥១ ផ្លូវបេតុងលេខ៣ បុរីពិភពថ្មី ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ពីបទ ប្រព្រឹត្តអំពើហិង្សា មកលើឈ្មោះ ហ៊ុំ ស្រីភាស់ ដោយសារឈ្មោះ ហ៊ុំ ស្រីភាស់ ត្រូវសង្សាររបស់ឈ្មោះ ដេវីត(DAVIS CANKWDO) រយៈពេលប្រហែល ០២ឆ្នាំហើយ។

ហើយនៅថ្ងៃខែឆ្នាំដដែល ឈ្មោះ ហ៊ុំ ស្រីភាស់ និងឈ្មោះ ហ៊ុំ សាវឿន ក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចយើង ឲ្យដឹងថា ឈ្មោះ ដេវីត (DAVIS CANKWDO) និងបក្ខពួក ជាជនជាតិនីហ្សេរីយ៉ា ដូចគ្នាចំនួន០២នាក់ទៀតឈ្មោះជនជាតិនីហ្សេរីយ៉ា MADUKA JONAS CHIBUDO ភេទប្រុស អាយុ ៣៥ឆ្នាំ និងឈ្មោះ OBIESIE CHIKA ODIDAKA CHIEMERIE ភេប្រុស អាយុ ២៥ឆ្នាំ ជនជាតិនីហ្សេរីយ៉ា បានធ្វើសកម្មភាពជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។

បន្ទាប់មកសមត្ថកិច្ចនគរបាលខណ្ឌដង្កោ ដោយដឹកនាំបញ្ជាផ្ទាល់លោកវរេសនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានឲ្យកម្លាំងតាមឃ្លាំមើលក្រុមជនសង្ស័យខាងលើរហូតដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ៧ និង៣០នាទីព្រឹក ក្រុមជនសង្ស័យបានឲ្យរថយន្ដឈ្នួល ០១គ្រឿង ម៉ាក ស៊ីណា ពណ៌ស ពាក់ស្លាកលេខ 2AN-1557 ចេញពីភ្នំពេញទៅយកជនសង្ស័យនៅព្រំដែន ប្រទេសឡាវ។

លុះដល់វេលាម៉ោង២១និង៣០នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩ដដែល ក្រុមជនសង្ស័យបានត្រឡប់មកដល់រាជធានីភ្នំពេញវិញ ក្នុងគោលបំណងមកផ្ទះរបស់ឈ្មោះ ហ៊ុំ ស្រីភាស់ ស្ថិតនៅផ្ទះជួលលេខ១៥១ ផ្លូវបេតុងលេខ៣ បុរីពិភពថ្មី ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ លុះមកដល់ស្ពានដែកចំការដូង កម្លាំងសម្ងាត់យើងបានរាយការណ៍ថា ក្រុមជនសង្ស័យបានប្ដូរទិសដៅ ទៅជួលផ្ទះសំណាក់ឈ្មោះ តូនី ស្ថិតនៅភូមិចំរើនផល សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញវិញ រួចកម្លាំងសមត្ថកិច្ចបានធ្វើការឡោមព័ទ្ធ និងឆែកឆេរ ទៅលើជនសង្ស័យខាងលើ រកឃើញមានកញ្ចប់ប្លាស្ទិចពណ៌លឿងចំនួន២១កញ្ចប់ធំ (២១គីឡូក្រាម) (សង្ស័យជាសារធាតុញៀន) យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោតាមនីតិវិធីច្បាប់តែម្ដង៕(FB)

Loading...

Loading...