មនុស្ស 45 នាក់ រងរបួស បន្ទាប់ពីការប៉ះទង្គិចគ្នា នៅស្ថានីយ៍រថភ្លើង MTR ក្នុងទីក្រុងហុងកុង កាលពីយប់ថ្ងៃអាទិត្យ

0
78

(អន្តរជាតិ)៖ យ៉ាងហោចណាស់ មានមនុស្ស 45 នាក់ បានរងរបួស ដោយមានម្នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ បន្ទាប់ពីបុរសពាក់មួកសុវត្ថិភាពមួយក្រុម បានវាយប្រហារក្រុមអ្នកតវ៉ាប្រឆាំងនឹងរដ្ឋាភិបាល និងអ្នកដំណើរនៅស្ថានីយរថភ្លើងហុងកុង កាលពីយប់ថ្ងៃអាទិត្យ ទី21 ខែកក្កដា ។

ក្រុមនេះ ដែលមានដំបងវែងៗ ជាច្រើន និងស្លៀកពាក់អាវយឺតពណ៌ស បានសម្រុកចូលស្ថានីយរថភ្លើងដ៏ធំមួយ នៅសង្កាត់ Yuen Long នេះបើយោងតាមរូបភាព ដែលថតដោយអ្នកធ្វើដំណើរ និងអ្នកតំណាងរាស្ត្រមកពីគណបក្សប្រឆាំងលោក Lam Cheuk- ting ។

រូបភាពផ្សាយតាមហ្វេសប៊ុក បានបង្ហាញថា មនុស្សបានស្រែកយំ ពេលបុរសពាក់មួកបានវាយអ្នកតវ៉ា និងអ្នកកាសែតច្រើននាក់ នៅស្ថានីយ៍ដោយមានថ្លុកឈាម នៅជាប់ជាន់ផ្ទាល់ដី។បុរសស្បែកសមួយចំនួន ត្រូវបានគេថតនៅពេលចាកចេញពីកន្លែងកើតហេតុ នៅក្នុងរថយន្តដែលមានស្លាកលេខចិនដីគោក ។ លោក Lam Cheuk- ting ជាសមាជិកសភានិយមលទ្ធិប្រជាធិបតេយ្យ គឺជាជនម្នាក់ក្នុងចំនោមអ្នកដែលត្រូវបានរងរបួស នៅក្នុងការវាយប្រហារ ។

លោកបានប្រាប់ក្រុមអ្នកយកព័ត៌មាន កាលពីព្រឹកថ្ងៃចន្ទថា “ទង្វើដ៏ព្រៃផ្សៃ និងអំពើហិង្សារបស់ពួកគេ បានរំលោភបំពានទាំងស្រុង នូវសិទ្ធិនៃសង្គមស៊ីវិលរបស់ហុងកុង” ។ ប៉ូលិសប្រឆាំងកុប្បកម្មដែនដីហុងកុង បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងបាញ់គ្រាប់ជ័របំបែកហ្វូងបាតុករ គាំទ្រលទ្ធិប្រជាធិបតេយ្យ កាលពីយប់ថ្ងៃអាទិត្យ ។

ក្រុមបាតុកររាប់ម៉ឺននាក់ បានធ្វើការតវ៉ាប្រឆាំងអស់រយៈពេល ៧សប្តាហ៍ ជាប់គ្នា ហើយខ្លះបានធ្វើឲ្យខូចខាតនិមិត្តរូបប្រទេសចិន ។ អ្នកខ្លះបានចោលពងមាន់ ដាក់អាគារនោះ និងបាញ់ថ្នាំពណ៌នៅកន្លែងកាមេរ៉ាសុវត្ថិភាពផងដែរ ។ ឧស្ម័នបង្ហូរទឹកភ្នែកដែលមានពពុះ និងក្លិនមិនល្អ បានគ្របដណ្តប់នៅក្នុងសង្កាត់ពាណិជ្ជកម្មធំបំផុតមួយនោះ ។ ក្រុមបាតុករបានប្តូរពីការទាមទារឲ្យបញ្ចប់សេចក្តីស្នើច្បាប់ ដែលបានលុបចោលទៅហើយនោះ បែរទៅជាធ្វើបាតុកម្ម ទាមទារឲ្យមានការកែទម្រង់លទ្ធិប្រជាធិបតេយ្យ និងបញ្ចប់ការក្តោបក្តាប់អំណាចរបស់រដ្ឋាភិបាលក្រុងប៉េកាំង លើដែនដីហុងកុងទៅវិញ ។ មានក្រុមបាតុករជាច្រើន បានស្រែកថា ចូរផ្តល់សេរីភាពឲ្យដែនដីហុងកុង ។

បាតុកម្មនេះ គឺជាការរំជើបរំជួលដ៏ធ្ងន់ធ្ងរបំផុត នៅដែនដីអតីតអាណានិគមពីអង់គ្លេស ចាប់តាំងពីក្រុងហុងកុង បានក្លាយជាផ្នែកមួយនៃដែនដីគ្រប់គ្រង ដោយប្រទេសចិន កាលពី ២២ឆ្នាំមុន ៕ (ដោយ៖ យុទ្ធ)

Facebook Comments