ចោរសមុទ្រ វាយប្រហារនាវាដឹកទំនិញកូរ៉េខាងត្បូង នៅក្បែរច្រកសមុទ្រសិង្ហបុរី

0
70

(អន្តរជាតិ)៖ ទីភ្នាក់ងារព័ត៌មាន យ៉ុនហាប់របស់កូរ៉េខាងត្បូង បានរាយការណ៍ថា ចោរសមុទ្រ បានវាយប្រហារនាវាដឹកទំនិញ ដែលមានទង់ជាតិកូរ៉េខាងត្បូង នៅជិតច្រកសមុទ្រសិង្ហបុរី កាលពីព្រឹកថ្ងៃច័ន្ទ ទី22 ខែកក្កដា ដោយបានវាយប្រហារទៅលើនាវិក និងបានយកប្រាក់អស់រាប់ពាន់ដុល្លារ ។

មនុស្ស ២នាក់ បានរងរបួសស្រាល នៅពេលដែលចោរសមុទ្រ ៧នាក់ បានឡើងទៅលើនាវាដឹកទំនិញ CK Bluebell និងបាននាំទៅជាមួយនូវទឹកប្រាក់ចំនួន 13.000 ដុល្លារអាមេរិក (17.700 ដុល្លារសិង្ហបុរី) និងទ្រព្យសម្បត្តិមួយចំនួន រួមទាំង ទូរស័ព្ទចល័ត សំលៀកបំពាក់ និងស្បែកជើងពីនាវិកទាំង 22 នាក់ ។ ក្រុមចោរសមុទ្របានប្រដាប់ដោយកាំភ្លើង និងអាវុធផ្សេងទៀត ។ នាវា CK Bluebell បានដឹកជញ្ជូនធ្យូងថ្ម ចេញពីទីក្រុងសាំងហ្គាពួរ កាលពីរសៀលថ្ងៃសៅរ៍ ហើយត្រូវធ្វើដំណើរឆ្ពោះទៅកាន់កំពង់ផែ Incheon របស់កូរ៉េខាងត្បូង ។

មន្រ្តីកូរ៉េ បាននិយាយថា កប៉ាល់នោះ ត្រូវបានគេឃើញបើកទៅមុខជាធម្មតា បន្ទាប់ពីការប្លន់ ។ អំពើប្លន់របស់ចោរសមុទ្រ បានធ្លាក់ចុះយ៉ាងច្រើននៅតាមផ្លូវទឹកដ៏មមាញឹក ដែលរត់កាត់ប្រទេសសិង្ហបុរី ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ចំពេលដែលប៉ូលិសមានការល្បាតយ៉ាងម៉ត់ចត់ ។ កាលពីដើមខែនេះ ក្រុមហ៊ុន MPA បាននិយាយថា មិនមានព័ត៌មានអំពីការគំរាមកំហែងភ្លាមៗ ចំពោះនាវាដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រម៉ាឡាកា និងសាំងហ្គាពួរនោះទេ ។

អាជ្ញាធរបានឆ្លើយតប បន្ទាប់ពីចិនបានព្រមានសន្តិសុខកម្រិតខ្ពស់ សម្រាប់នាវាដែលធ្វើដំណើរឆ្លងកាត់ច្រកម៉ាឡាកា ។ ប្រទេសចិន មិនបានផ្តល់ហេតុផលសម្រាប់ការប្រុងប្រយ័ត្នដែលបានលើកឡើងនេះទេ ។ កាលពីខែឧសភា លោក Ng Eng Hen រដ្ឋមន្ត្រីក្រសួងការពារជាតិបានព្រមានថា ចោរសមុទ្រ និងអំពើភេរវកម្ម ស្ថិតក្នុងចំណោមការគំរាមកំហែង ដល់សន្តិសុខតាមសមុទ្រ ។

លោកបាននិយាយថា ខណៈពេលដែលចំនួននៃការលួចប្លន់ និងឧប្បត្តិហេតុប្លន់ប្រដាប់អាវុធ នៅតាមបណ្តោយច្រកម៉ាឡាកាបានធ្លាក់ចុះពី 20លើក នៅឆ្នាំ 2007 មកដល់ ៨លើក នៅក្នុងឆ្នាំនេះ “ការងារជាច្រើនទៀតត្រូវតែធ្វើ” លើការគំរាមកំហែងភេរវកម្ម ។ លោកបានបន្ថែមថា ក្រុមអ្នកជំនាញជឿជាក់ថា អាវុធភាគច្រើនដែលពួកសកម្មប្រយុទ្ធប្រើ ក្នុងអំឡុងពេលប៉ះទង្គិចគ្នានៅ Marawi បានមកពីរត់ពន្ធតាមសមុទ្រ ៕ (ដោយ៖ យុទ្ធ)

Facebook Comments