អន្តរជាតិ៖ ឥណ្ឌា ស្នើឲ្យអ៊ីរ៉ង់ ដោះលែងជនជាតិឥណ្ឌា ១៨ នាក់ ដែលចាប់ខ្លួននៅលើនាវាអង់គ្លេស

106

អន្តរជាតិ៖ ឥណ្ឌាបាននិយាយថា ខ្លួនកំពុងទំនាក់ទំនងជាមួយទីក្រុងតេអេរ៉ង់ ដើម្បីធានាឲ្យមានការដោះលែង ជនជាតិរបស់ខ្លួន ១៨ នាក់ ដែលធ្វើការនៅលើនាវាអង់គ្លេស ដែលត្រូវអ៊ីរ៉ង់ ចាប់នៅច្រកសមុទ្រ Hormuz ។

ប្រទេសហ្វីលីពីន ក៏បាននិយាយថា ខ្លួនក៏បានស្នើឲ្យអ៊ីរ៉ង់ ដោះលែងជនជាតិហ្វីលីពីនម្នាក់ ដែលជាសមាជិកនាវិក ធ្វើការនៅលើនាវា Stena Impero របស់ស៊ុយអែត ដែលត្រូវកងការពារបដិវត្តន៍អ៊ីរ៉ង់ចាប់ កាលពីថ្ងៃសុក្រ ខណៈភាពតានតឹងកើនឡើង នៅតាមផ្លូវទឹកសម្រាប់ការផ្គត់ផ្គង់ប្រេងដ៏មមាញឹករបស់ពិភពលោកមួយនេះ ។

លោក Raveesh Kumar អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា បានថ្លែងប្រាប់ AFP ថា ជនជាតិឥណ្ឌា ១៨នាក់ នៅលើនាវានោះ ហើយបានបន្ថែមថា ក្រុងញូវដេលី កំពុងធ្វើការទំនាក់ទំនងជាមួយរដ្ឋាភិបាលអ៊ីរ៉ង់ ដើម្បីធានាឲ្យដោះលែង និងធ្វើមាតុភូមិនិវត្តន៍ពួកគេ ។

ក្រុមអាជ្ញាធរអ៊ីរ៉ង់ បាននិយាយថា នាវាត្រូវបានចាប់ឃាត់ទុកនៅកំពង់ផែ Bandar Abbas ពីបទរំលោភបំពានច្បាប់ដែនសមុទ្រអន្តរជាតិ ក្រោយពីបុកជាមួយទូកនេសាទមួយគ្រឿង ៕ (AFP ថ្ងៃទី២២ ខែកក្កដា)