ជនសង្ស័យសារភាពប្រាប់មូលហេតុប៉ូលិស ក្រោយដុតអគារស្ទូឌីយោគំនូរ​ជីវចលជប៉ុន ស្លាប់​៣៣នាក់

0
75

ជន​សង្ស័យ​ដែល​បាន​​ធ្វើ​ការ​វាយ​ប្រហារ​​​​បង្ក​ឲ្យ​មាន​អគ្គីភ័យឆាប​ឆេះ​​ក្នុង​​ស្ទូឌីយោ​គំនូរ​ជីវចល​នៅ​ក្រុង​ក្យូតូ សម្លាប់​មនុស្ស ​៣៣នាក់​នោះ ​បានសារភាព​​ប្រាប់​​មូល​ហេតុ​ដល់​សមត្ថកិច្ច​ថា ការ​ដែល​ខ្លួន​ចូល​ដុត​​នេះ គឺ​​ដោយ​សារ​ក្រុម​ហ៊ុន​ស្ទូឌីយោ​ក្យូតូ Kyoto Animation  ​បាន​លួច​យករឿង​​ប្រលោម​លោក​របស់​ខ្លួន​ដោយ​គ្មាន​ការ​អនុញ្ញាត​​ ទើប​ធ្វើ​ឲ្យ​ខ្លួន​​​មាន​ចិត្ត​ខឹង​រហូត​ឈាន​ដល់​ដុត​​អគារ​ដូច្នេះ។ នេះ​បើ​តាម​ប្រភព​ស៊ើប​អង្កេត​បានអះអាង​​ប្រាប់​សារ​ព័ត៌មានជប៉ុន ​Mainichi Shimbun នៅ​ព្រឹក​ថ្ងៃ​ទី១៩ កក្កដា​។

ទោះ​បី​ជា​យ៉ាង​នេះ​ក្តី ​ក្រុម​អ្នក​ស៊ើប​អង្កេត​ មិន​អាច​បញ្ជាក់​ពី​ការ​លួច​នោះ​បែបណា​​នៅ​ឡើយ​ទេ ហើយ​សមត្ថកិច្ច​តំបន់​​ក្យូតូ ​បាន​ដាក់​ការ​សង្ស័យ​ថា​ ទស្សនៈ​ដែល​លើក​ឡើង​ថា ​ស្ទូឌីយោ​លួច​យក​រឿង​​ប្រលោម​លោក​របស់​គាត់​ថា​នោះ ​គ្រាន់​តែ​ជា​មតិ​មួយ​ចំហៀង​តែ​ប៉ុណ្ណោះ។ ​សមត្ថកិច្ច​កំពុង​តែ​ស៊ើប​អង្កេត​ស្រាវ​ជ្រាវ​​​បន្ត​លើ​ករណី​នេះ​យ៉ាង​ក្ដៅ​គគុក។

ក្រៅ​ពី​មនុស្ស ៣៣​នាក់​បានបាត់​បង់​ជីវិត​ អគ្គិភ័យ​បាន​បណ្តាល​ឱ្យ​មនុស្ស​ ៣៥​នាក់​ផ្សេង​ទៀត​បាន​រង​របួស និង​​​កំពុង​សម្រាក​ក្នុង​មន្ទីរ​ពេទ្យ។ សមត្ថកិច្ច​កំពុង​ធ្វើ​ការ​រង់ចាំ​ពួក​គាត់​ឲ្យ​បាន​ជា​សះស្បើយ​បន្តិច​ ដើម្បី​សាក​សួរ​ពួក​គាត់​ពី​បញ្ហា​នៅ​ពី​ក្រោយ​ដែល​ឈាន​ដល់​បង្ក​ឲ្យ​មាន​ករណី​​ចូល​ដុត​អាគារ​ស្លាប់​មនុស្ស​អស់​​ច្រើន​នាក់​បែប​នេះ។ អគ្គិភ័យ​ដ៏​សន្ធោ​សន្ធៅ​ចាប់​ផ្តើម​ឆេះ​នៅ​ជាន់​ទី​មួយ​នៃ​អាគារ​ស្ទូឌីយោ​គំនូរជីវចល​ក្យូតូ ដែល​មាន​ទី​តាំង​ក្នុង​ទី​ក្រុង Fushimi-ku, Kyoto នៅ​ប៉ែក​ខាង​លិច​នៃ​ប្រទេស​ជប៉ុន ត្រូវ​បាន​ពន្លត់​រួច​រាល់​នៅ​វេលា​ម៉ោង ​៦៖២០​នាទី​ព្រឹក ថ្ងៃ​ទី​១៩ ខែ​កក្កដា ឆ្នាំ​២០១៩ ចំណាយ​ពេល​អស់ ​២០​ម៉ោង​ទើប​ពន្លត់​បាន។

នៅ​វេលា​ម៉ោង​៩៖៣០​នាទី​ព្រឹក​ថ្ងៃ​ដដែល ជន​សង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើ​ការ​ឃាត់​ខ្លួន ហើយ​បើក​ការ​ស៊ើប​អង្កេត​មួយ​នៅ​ពេល​រសៀល។ ប្រភព​ពី​ការ​​ស៊ើប​អង្កេត​បាន​ឲ្យ​ដឹង​ថា បុរស​ជា​ជន​សង្ស័យ​ដែល​បាន​ធ្វើ​ការ​វាយ​ប្រហារ​​ចូល​ដុត​អាគារ​ស្ទូឌីយោ មាន​អាយុ ៤១​ឆ្នាំ​នោះ រស់​នៅ​ក្នុង​ផ្ទះ​មួយ​នៅ​សង្កាត់ Minuma Ward ភាគ​ខាង​ត្បូង​នៃ​ទីក្រុង​តូក្យូ។ គាត់​ត្រូវ​បាន​គេ​រាយការណ៍​ថា​ មាន​​ជាប់​ពាក់ព័ន្ធ​ក្នុង​ឧប្បត្តិ​ហេតុ​មួយ​កាល​ពី​អតីតកាល​ដែល​នាំ​ឱ្យ​គាត់​ចូល​ទៅ​ក្នុង​ស្ទូឌីយោ​ ដើម្បី​ប្រព្រឹត្តិ​រឿង​ទាំង​នេះ​ឡើង។ ហើយ​ពុំ​មាន​ចំណុច​ជា​មួយ​ជាក់​លាក់​ដែល​បញ្ជាក់​គាត់​ធ្វើ​ការ​នៅ​ក្នុង​ស្ទូឌីយោ​គំនូរ​ជីវចល​ឡើយ។

ធុងសាំង ​២០​លីត្រ និង​កាំបិត ​ព្រម​ទាំង​ញញួរ​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​កន្លែង​កើត​ហេតុ ឧបករណ៍​ទាំង​នេះ​ហើយ​ដែល​ជា​ភស្តុតាង​ក្នុង​ការ​កំណត់​មុខ​សញ្ញា​ហើយ​អាច​ឈាន​ដល់​ការ​ឃាត់​ខ្លួន​ជន​សង្ស័យ​អាយុ​ ៤១​ឆ្នាំ​ខាង​លើ​បាន៕(អត្ថបទ៖និស្ស័យ)

Facebook Comments