លិខិតមិត្តអ្នកអាន៖ នយោបាយវិលក្បុងរបស់ សម រង្ស៊ី ចំពោះកម្ពុជា ចិន អាមេរិក និងវៀតណាម!

1763

(ភ្នំពេញ)៖ សម រង្ស៊ី ដែលពេលនេះខំ និយាយកោកៗស្រែករិះគន់ រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ថាបានគាំទ្រចិន និងថាបានបើកដៃឲ្យចិន ចូលមករកស៊ីច្រើននៅស្រុកខ្មែរហើយ សម រង្ស៊ី ដែលពេលនេះកំពុងតែអួតអាងថា អាមេរិកជាចៅហ្វាយ របស់ខ្លួន ទន្ទឹមនឹងការបន្តនូវនយោបាយលាបពណ៌ចោទខ្មែរថាជាយួន…កំពុងវិលក្បុង បាយបិណ្ឌជាបាយបាត្រ ជុំវិញនយោបាយការបរទេសរបស់ខ្លួន នៅក្នុងទំនាក់ទំនងរវាងកម្ពុជា ចិន សហរដ្ឋអាមេរិក និងវៀតណាម។ ខ្ញុំស្តាប់យូរៗទៅទើបដឹងថា អ្នកនយោបាយជើងមិនជាប់ដី ក្បាលមិនជាប់មេឃរូបនេះ ពិតជាគ្មានជំហរ គ្មានយុទ្ធសាស្ត្រ គ្មានទស្សនៈវិស័យនយោបាយការបរទេសអ្វីទាំងអស់ ហើយនិយាយចុះនិយាយឡើង មកជាន់តែកែងខ្លួនឯង។

ដើម្បីយល់ពីអ្វីដែលខ្ញុំបានលើកឡើងនេះ យើងបែរទៅស្តាប់កិច្ចសម្ភាសន៍របស់ សម រង្ស៊ី ជាមួយទូរទស្សន៍ចិន។ សម រង្ស៊ី បាន និយាយជាមហោឡារឹកអះអាងប្រាប់ទូរទស្សន៍ចិនថា៖ «បច្ចុប្បន្ន Cnrp គឺជាសម្ព័ន្ធមិត្តរបស់ចិន។ យើងយកបញ្ហាតែមួយមក និយាយគឺ Cnrp គាំទ្រចិនទាំងស្រុងក្នុងការទាមទារនូវអាធិបតេយ្យភាពទៅលើកោះ ស៊ីសាង និងណាន់ចាង នៅក្នុងសមុទ្រចិនខាងត្បូង»! «យើងខ្ញុំមិនស្របតាមអាមេរិកនោះទេ ព្រោះអាមេរិកគាំទ្រវៀតណាម។ ផ្ទុយទៅវិញ គណបក្ស CPP របស់នាយករដ្ឋមន្ត្រី ហ៊ុន សែន គេកំពុងស្តាប់ និងធ្វើតាមមាគ៌ារបស់វៀតណាម។ ហេតុដូច្នេះហើយ CPP របស់នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងមិនអាចគាំទ្រចិនទាំងស្រុងបាន ដូច Cnrp នោះទេ»។

សម រង្ស៊ី ក៏បានបញ្ជាក់ប្រាប់ទូរទស្សន៍ចិនទៀតថា៖ «វត្តមានរបស់ចិន គឺជាការចាំបាច់ណាស់ ដើម្បីធ្វើឲ្យមានតុល្យភាព និងទប់ឥទ្ធិពលរបស់វៀតណាម។ បច្ចុប្បន្ននេះ វៀតណាមមានសម្ព័ន្ធមិត្តច្រើនដូចជា ជប៉ុន និងអាមេរិកជាដើម។ ពួកគេជា សម្ព័ន្ធមិត្ត, ពួកគេនឹងរួមគ្នាដើម្បីទប់ទលនឹងចិន ប៉ុន្តែ Cnrp ឈរនៅខាងចិន»។

តើលោកអ្នកជឿទេថា ទាំងនេះ ពិតជាសម្តីរបស់ សម រង្ស៊ី ? បើមិនជឿ សូមទស្សនាវីដេអូ នៃកិច្ចសម្ភាសន៍រយៈពេល២នាទី នេះដែលមានភ្ជាប់មកជាមួយ។

ក្រោយពីបានទស្សនាស្តាប់វីដេអូនេះរួចហើយ លោកអ្នកពិតជា ហួសចិត្តនឹងជំហរឃ្លីងឃ្លោង វិលក្បុង មិនប្រាកដប្រជានៃនយោបាយការទូតរបស់ សម រង្ស៊ី ជាក់ជាមិនខានឡើយ។ ប៉ុន្តែ សម្រាប់អ្នកស្គាល់ សម រង្ស៊ី ច្បាស់ប្រាកដជាមិនចម្លែកក្នុងចិត្តសូម្បីបន្តិច ពីព្រោះពួកគេបានយល់ច្បាស់ណាស់ថា សម រង្ស៊ី ជាមនុស្សដែលនិយាយឲ្យតែរួចពីមាត់ ឆ្អិនក្បាលស៊ីក្បាល ឆ្អិនកន្ទុយស៊ីកន្ទុយ និយាយអ្វីឲ្យតែបានប្រឆាំងជាមួយរដ្ឋាភិបាលខ្លួនឯង ទោះជាជាតិត្រូវខាតបង់អ្វី ក៏មិនដែលខ្វល់ដែរ។

បើនិយាយពីនយោបាយការបរទេស រឹតតែយ៉ាប់ គឺធ្វើយ៉ាងណាចាក់ខ្សែដោះទ័លដើម្បីយករួចខ្លួនមួយគ្រាៗប៉ុណ្ណោះ។ ពេលជួបចិន និយាយគាំទ្រចិន និងបង្អាប់សហរដ្ឋអាមេរិក ពេលជួបអាមេរិកនិយាយអែបអបអាមេរិក ហើយបង្អាប់វ៉ៃចិន។ ជាមួយពលរដ្ឋខ្មែរវិញ ខំតាំងខ្លួនជាអ្នកប្រជាធិបតេយ្យ ដោយយកអាមេរិក និងអឺរ៉ុបជាខ្នងបង្អែក ហើយនិយាយបរិហាររិះគន់ចិន និងវៀតណាម។ តែដល់ពេលទូរទស្សន៍ចិនសួរក៏អះអាងថា ខ្លួនជាសម្ព័ន្ធមិត្តចិនជាងរដ្ឋាភិបាលនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅទៀត។

អ្វីដែលធ្ងន់ធ្ងរទៅទៀតនោះគឺ សម រង្ស៊ី អះអាងថា ចង់ឲ្យមាន វត្តមានចិនច្រើននៅកម្ពុជា ដើម្បីទប់ជាមួយឥទ្ធិពលវៀតណាម។ តែនៅពេលរដ្ឋាភិបាលភ្នំពេញ បើកឲ្យមានការធ្វើវិនិយោគទុនចិនចូលមកច្រើន សម រង្ស៊ី បែរជាស្រែកថានាយករដ្ឋមន្ត្រី ហ៊ុន សែន លក់ទឹកដីឲ្យចិន។ ហើយអ្វីដែលគេរឹតតែមិនយល់ទៀតនោះ គឺ សម រង្ស៊ី ចោទរដ្ឋាភិបាលភ្នំពេញថា ជាអាយ៉ងយួនផង អាយ៉ងចិនផង ខណៈដែលចិន និងវៀតណាមជាគូបដិបក្ខយ៉ាងស្រួចស្រាល់? តើនេះមិនមែនជានយោបាយវិលក្បុងរបស់សម រង្ស៊ី ទេឬ?

សរុបទៅ សម រង្ស៊ី ជាអ្នក នយោបាយប្រឆាំង ដើម្បីតែប្រឆាំង ប្រឆាំងគ្មានទិសដៅ ប្រឆាំងលុះក្ស័យ ទីបំផុតជីវិតនយោបាយគាត់ក៏ក្ស័យមែន។ ជាការពិត អ្នកនយោបាយត្រូវចេះបត់បែន ប៉ុន្តែរបៀបដែល សម រង្ស៊ីធ្វើ មិនមែនជាការ

បត់បែនតាមបែបអ្នកនយោបាយវ័យឆ្លាត ដើម្បីប្រយោជន៍ជាតិនោះឡើយ។ តែអ្វីដែលស្តែងចេញពីមាត់ សម រង្ស៊ី គឺជាការបង្ហាញ ពីបញ្ញាគាត់ខ្លី តែមាត់គាត់វែងជាងផ្លូវ។ បើនិយាយអ្វីច្រើនៗតែជាន់កែងខ្លួនឯង។

ជាក់ស្តែង រឿងចិន កម្ពុជា និងវៀតណាម គឺជាឧទាហរណ៍ស្រាប់ដែលបញ្ជាក់ថា សម រង្ស៊ី ពិបាកស្រាយចំណោទបែបសាមីការ។ ហេតុដូច្នេះហើយបានជា ពេលឡើងសម្ភាសន៍ប៉ុស្តិ៍ទូរទស្សន៍បារាំងម្តងៗ សម រង្ស៊ី ឆ្លើយវិលក្បុងដោយសារតែអ្នកកាសែតចោទសួររឿងគាត់ និយាយជាន់កែងខ្លួនឯង។ នេះគឺជាមូលហេតុដែល សម រង្ស៊ី ខ្លាចប៉ុស្តិ៍ទូរទស្សន៍អន្តរជាតិណាស់ ពីព្រោះសំណួររបស់ពួកគេធ្វើឲ្យ សម រង្ស៊ី បែកញើសថ្ងាសរាល់លើក។

នយោបាយវិលក្បុងទាំងនយោបាយ ក្នុងស្រុក និងការបរទេសរបស់ សម រង្ស៊ី គឺជាភស្តុតាងបញ្ជាក់ថា សម រង្ស៊ី គ្មានជំហរ គ្មានគោលនយោបាយច្បាស់លាស់ឡើយ ទាំងសម្រាប់បញ្ហាចំពោះមុខ ទាំងសម្រាប់រយៈពេលមធ្យម និងរយៈពេលវែង។ អ្វីដែលច្បាស់លាស់បំផុតសម្រាប់ សម រង្ស៊ី គឺ បើបក្សកាន់អំណាចទៅស្តាំ សម រង្ស៊ី ទៅឆ្វេង បើគេទៅឆ្វេង គាត់ ទៅស្តាំ បើគេថាស គាត់ថាខ្មៅ… ត្រង់ថាលទ្ធផលទៅជាយ៉ាងណាគឺមិនដឹងអ្វីទាំងអស់។ នេះបានចំជាអ្នកនយោបាយវិលក្បុងមែន៕

ដោយ៖ អ្នកតាមដាននយោបាយតុកាហ្វេ

Loading...

Loading...