អគ្គិភ័យឆាប់ឆេះសណ្ឋាគារ «ស៊ីនយ៉ុងនី» របស់ជនជាតិចិនដែលកំពុងតែសាងសង់ នៅខេត្តព្រះសីហនុ

68

ខេត្តព្រះសីហនុ: អគ្គីភ័យត្រូវបា គ្រប់គ្រងស្ថានការណ៍ទាំងស្រុង ក្នុងរយៈពេលមួយម៉ោង ដោយកម្លាំងអន្តរាគមន៍ ពីក្រុមពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងក្រុមពន្លត់អគ្គីភ័យ របស់កងរាជអាវុធហត្ថខេត្តព្រះសីហនុ បន្ទាប់ពីត្រូវបានឆាប់ឆេះបន្ទប់ នៃសណ្ឋាគារមួយកន្លែងដែលទើបសាងសង់ ឈ្មោះ ស៊ីនយ៉ុងនី ក្នុងក្រុងព្រះសីហនុ នាវេលាម៉ោង ១និង៣០នាទីរំលងអធ្រាត្រ ឈានចូល ថ្ងៃទី១១ ខែកក្កដា ឆ្នាំ ២០១៩ ស្ថិតក្នុងក្រុមទី ១៧ ភូមិ៤សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ។

យោងតាមប្រភពសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា នៅវេលាម៉ោង ១រំលងអាធ្រាត ឈានចូលថ្ងៃទី ១១ ខែកក្កដានេះ មានអគ្គីភ័យ១បានឆាប់ឆេះ នៅក្នុងសណ្ឋាគារ ដែលកំពុងសាងសង់ ប៉ុន្តែអគ្គីភ័យនេះ ពុំបណ្ដាលឱ្យមានគ្រោះថ្នាក់ ឬបាត់បង់អាយុជីវិតមនុស្សណាម្នាក់ឡើយ។

ចំពោះមូលហេតុដែលបណ្ដាលឱ្យឆាប់ចេះ បន្ទប់នៃសណ្ឋាគារនេះ សមត្ថកិច្ចនៅពុំទាន់ដឹងនៅឡើយទេ គិតមកដល់ ម៉ោង៣និង០០នាទី ថ្ងៃទី១១ កក្កដានេះ។ ប្រភពដដែលបានបន្តថា បន្ទប់ដែលត្រូវ អគ្គីភ័យឆាបឆេះនេះ ស្ថិតនៅជាន់ទី ១២ របស់សណ្ឋាគារ ដែលមានចំនួន ១៥ ជាន់ ដូច្នោះជាហេតុធ្វើឲ្យសមត្ថកិច្ច ដែលចុះអន្តរាគមន៍ មានការលំបាកក្នុងការជួយពន្លត់ ប៉ុន្តែបើទោះបីជាមានការលំបាកយ៉ាងណាក៏ដោយ ក៏សមត្ថកិច្ច ជំនាញយើង បានគ្រប់គ្រងទាំងស្រុងនៅត្រឹមរយៈពេល ជិតមួយម៉ោង។

យោងតាមប្រភព ពីសមត្ថកិច្ចដដែលបានឲ្យដឹងថា ក្នុងយុទ្ធនាការ អគ្គីភ័យនេះផងដែរ សមត្ថកិច្ចបានប្រើរថយន្តចំនួន ៤គ្រឿង មកជួយអន្តរាគមន៍ ក្នុងនោះ មានរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចំនួន ២គ្រឿង រថយន្តពន្លត់អគ្គីភ័យ របស់កងរាជអាវុធហត្ថខេត្តព្រះសីហនុ ចំនួន ២គ្រឿង ប៉ុន្តែមិនបានយកទឹករបស់រថយន្តទាំងនោះប្រើការទេ ព្រោះដោយសារកម្ពស់ខ្ពស់ពេក ទុយោពន្លត់ របស់រថយន្តពុំអាចឡើងទៅដល់ ទើបសមត្ថកិច្ចយកទុយោ របស់រថយន្តតទឹកពីរអាចទប់ទឹករបស់សណ្ឋាគារមកពន្លត់វិញ។