មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ និងអាជ្ញាធរស្រុកអូររាំងឪ បន្តចុះធ្វើយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺគ្រុនឈាម ដោយលុបបំបាត់ជំរកមូសខ្លា ជាប្រភពនៃជំងឺគ្រុនឈាម

0
823

ខេត្តត្បូងឃ្មុំ៖ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩នេះ លោកវេជ្ជបណ្ឌិត កែវ វណ្ណ: ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ និងលោក ងួន ប៊ុណ្ណាន អភិបាលស្រុកអូររាំងឪ បានដឹកនាំ មន្ត្រីសុខាភិបាល លោកគ្រូអ្នកគ្រូពេទ្យ អាជ្ញាធរពាក់ព័ន្ធ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ចុះធ្វើយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនឈាម ដោយលុបបំបាត់ជម្រកមូសខ្លា ដាក់ថ្នាំអាបែតតាមអាងទឹក ពាងទឹក និងប្រភពដក់ទឹកនានា និងចុះពន្យល់ណែនាំប្រជាពលរដ្ឋពាក់ព័ន្ធនឹង ប្រភព និងផលប៉ះពាល់ នៃជំងឺគ្រុនឈាមក្នុងភូមិសាស្ត្រស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

លោក កែវ វណ្ណ: បានលើកឡើងថា សត្វមូសខ្លាញីដែលបង្កើតកូនក្នុងទឹកដក់ ក្នុងសំបកកង់ឡាន និងកង់ម៉ូតូចាស់ៗ វាមានកំណើនខ្ពស់ជាង១១ដង ច្រើនជាងវត្ថុដក់ទឹកផ្សេងៗ ទៀត។ ហើយបើសិន កំដៅថយចុះត្រឹម១ដឺក្រេ ស្មើនឹងជំងឺគ្រុនឈាម កើនឡើង៣០%។

លោក ប្រធានមន្ទីរសុខាភិបាលខេត្តរូបនេះ គូសបញ្ជាក់ថា បើសិនទឹកភ្លឿងធ្លាក់ក្នុង១មីលីម៉ែត្រ ស្មើនឹងកើតជំងឺគ្រុនឈាម១១% ក្នុងករណីកំណើនធ្លាក់ទឹកភ្លៀង១ថ្ងៃ កើនជំងឺគ្រុនឈាម ៨% នេះជាចំនុចមួយដែលត្រូវព្រួយបារម្ភបំផុត ក្នុងរដូវវស្សា ហើយដឺក្រេ និងកំដៅថ្ងៃចុះទាប បានន័យថា កម្រិតធម្មជាតិបានផ្តល់ភាពអំណោយផល ដល់មូលខ្លា បង្កកើតកូនចៅ ជាដង្កូវទឹក ដង្កូវទឹកកើតជាមូលខ្លា ហើយមូលខ្លា បង្កជាជំងឺគ្រុនឈាម ដែលវាកើមានកំណើនខ្ពស់ជាង២ដង នៃរដូវប្រាំង។ ទាំងនេះយើងមិនគិត នូវរដូវកាលនៃការរីករាលដាល នៃជំងឺគ្រុនឈាមនៅឡើយទេ។ បើសិនកើតនូវរដូវដែលផ្ទូះជំងឺ គ្រុនឈាម គឺវាកើនរហូតទៅ១០ដង ក្នុង១រដូវកាល នៃការវិវត្តន៍ជំងឺគ្រុនឈាម។

ក្នងឱកាសនោះ លោក កែវ វណ្ណ: និងលោក ងួន ប៊ុណ្ណាន បានធ្វើការអំពាវនាវដល់ពលរដ្ឋទូទៅ នាំគ្នាស្វែងយល់អំពីវិធានការការពារ ពាក់ព័ន្ធជុំវិញជំងឺគ្រុនឈាមនេះ ដោយរួមគ្នាលុបបំបាត់ជម្រកមូស ទីតាំងនៅជុំវិញផ្ទះរបស់ពួកគាត់ ឲ្យមានអនាម័យស្អាតកុំឲ្យមានទឹកដក់ ពីព្រោះមូសខ្លា ជាប្រភពចម្លងដ៏សំខាន់នៃជំងឺគ្រុនឈាម។ មួយវិញទៀត ត្រូវស្លៀកសំលៀកបំពាក់ដៃវែងជើងវែង នាពេលថ្ងៃ និងសម្រាន្តក្នុងមុងជាប់ជាប្រចាំ ។

លោក ប្រធានមន្ទីរសុខាភិបាលខេត្ត និងលោកអភិបាលស្រុកអូររាំងឪ ក៍បានសំណូមពរដល់អាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ សង្កាត់ ឲ្យជួយសហការ អប់រំ ទៅដល់អ្នកធ្វើអជីកម្ម ដែលពាកព័ន្ធ ជុំវិញការផ្ទុកសំបកកង់រថយន្ត កង់ម៉ូតូ ដែលជាប្រភពចម្លងយ៉ាងចម្បងបំផុត ជាភ្នាក់ងារចម្លងធំ ដែលបង្កើតជម្រកមូសខ្លា ហើយបង្កើតជាបញ្ហានៃជំងឺគ្រុនឈាម ជាពិសេសដើម្បីរួមគ្នាការពារសុខភាព បង្ការ ការឈឺនិងស្លាប់ ដោយសារជំងឺគ្រុនឈាមឲ្យកាន់តែមានប្រសិទ្ធភាព៕

Facebook Comments