បង្កើតគណៈកម្មការស្រាវជ្រាវករណីឧត្តមសេនីយ៍ សៀក សុជាតិ-សុខ សាកល

1824

ភ្នំពេញៈ អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានសម្រេចបង្កើតគណៈកម្មការការងារចំពោះកិច្ច ត្រួតពិនិត្យ អង្កេតស្រាវជ្រាវ លោកឧត្តមសេនីយ៍ឯក សៀក សុជាតិ នាយរងសេនាធិការចម្រុះ នាយកទីចាត់ការព្រំដែន និងលោកឧត្តមសេនីយ៍ទោ សុខ សាកល អតីតមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ បច្ចុប្បន្នជាមេបញ្ជាការរងយោធភូមិភាគទី៣។ នេះបើយោងតាមសេចក្តីសម្រេចកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ ចុះហត្ថលេខាដោយនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ដែលរស្មីកម្ពុជា ទទួលបានកាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩។

ប្រភពច្បាស់ការណ៍បានឲ្យដឹងថា លោកឧត្តមសេនីយ៍ឯក សៀក សុជាតិ និងលោកឧត្តមសេនីយ៍ទោ សុខ សាកល គឺពាក់ព័ន្ធភាពមិនប្រក្រតីមួយចំនួន និងជាពិសេសពាក់ព័ន្ធករណីអំពើពុករលួយ ដែលមានបណ្តឹងប្តឹងទៅស្ថាប័នពាក់ព័ន្ធមួយចំនួនផងដែរ។

យោងតាមសេចក្តីសម្រេចបានឲ្យដឹងថា គណៈកម្មការការងារចំពោះកិច្ចមានសមាសភាពចំនួន៩រូប ក្នុងនោះមានប្រធានមួយរូប អនុប្រធានមួយរូប និងសមាជិកចំនួន៧រូប។ នាយឧត្តមសេនីយ៍ គឹម ប៊ុនថាន ជាប្រធាន និងលោកឧត្តមសេនីយ៍ឯក គឹម សំអាន អនុប្រធាន។

នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានថ្លែងប្រាប់រស្មីកម្ពុជា តាមទូរស័ព្ទកាលពីល្ងាចថ្ងៃទី០៤ ខែកក្កដា ថា ការបង្កើតគណៈកម្មការការងារចំពោះកិច្ច ត្រួតពិនិត្យ អង្កេតស្រាវជ្រាវ លោកឧត្តមសេនីយ៍ឯក សៀក សុជាតិ និងលោកឧត្តមសេនីយ៍ទោ សុខ សាកល គឺបន្ទាប់ពីមានបណ្តឹងរបស់អង្គភាពប្រឆាំងអំពើពុករលួយប្តឹងចូលមកក្រសួងការពារជាតិ។ ដោយលោកបានបញ្ជាក់យ៉ាងដូច្នេះថា “អង្គភាពប្រឆាំងអំពើពុករលួយ ប្តឹងចូលមកក្រសួងការពារជាតិ ហើយក្រសួងការពារជាតិ បានបញ្ជូនកិច្ចការងារនេះ មកឲ្យអគ្គបញ្ជាការ ហើយមនុស្សទាំងពីរនាក់នឹងស្ថិតនៅក្នុងការងាររបស់អគ្គបញ្ជាការគ្រប់គ្រង ចឹងអគ្គបញ្ជាការបង្កើតគណៈកម្មការចំពោះកិច្ចមួយដើម្បីត្រួតពិនិត្យ និងដើម្បីឆ្លើយតបទៅនិងខាងអង្គភាពប្រឆាំងអំពើពុករលួយវិញ ហើយការរកឃើញហេតុផលយ៉ាងម៉េចជារឿងរបស់គេ”។
អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានបន្តថា គណៈកម្មការការងារចំពោះកិច្ចកំពុងតែរៀបចំធ្វើកិច្ចការងារនេះហើយ។
ទាក់ទងករណីនេះ លោកឧត្តមសេនីយ៍ឯក សៀក សុជាតិ និងលោកឧត្តមសេនីយ៍ទោ សុខ សាកល មិនអាចសុំការអត្ថាធិប្បាយបានទេ៕