អត្ថាធិប្បាយ៖ ទាត់ចោលសេចក្តីថ្លែងការណ៍ ដែលគ្មានលក្ខណៈការទូត និងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជា

0
55

ភ្នំពេញ៖ គិតពីដើមខែមករា មកដល់ដើមខែកក្កដា ឆ្នាំ២០១៩នេះ ស្ថានទូតអាមេរិកប្រចាំកម្ពុជាបានចេញសេចក្តីថ្លែងការណ៍ ចំនួន ៤លើក រួចមកហើយ ដែលក្នុងអត្ថន័យនៃសេចក្តីថ្លែងការណ៍នីមួយៗមិនមានលក្ខណៈការទូតបន្តិចណាទាល់តែសោះ ផ្ទុយទៅវិញវាមានន័យជាការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា និងមិនគោរពចំពោះអធិបតេយ្យភាពរបស់កម្ពុជាបន្តិចណាទាល់តែសោះ ។ សេចក្តីថ្លែងការណ៍ទាំង ៤លើកនេះ មានលក្ខណៈផ្ទុយទាំងស្រុងទៅនឹងកិច្ចខិតខំប្រឹងប្រែងនាពេលបច្ចុប្បន្នរវាងប្រទេសទាំង២ ក្នុងការធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងទ្វេភាគី ដែលបម្រើដល់ប្រយោជន៍រួមរបស់ប្រទេស និងប្រជាជនទាំង២ កម្ពុជា-អាមេរិក ។ សេចក្តីថ្លែងការណ៍ដែលមានលក្ខណៈគំរោះគំរើយទាំងនេះ បានធ្វើឡើងក្នុងពេលដែលទំនាក់ទំនងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន កាន់តែត្រូវបានជំរុញយ៉ាងរឹងមាំ ហើយក៏ក្នុងពេលដែលប្រទេសកម្ពុជាកំពុង មានការអភិវឌ្ឍយ៉ាងលឿន ជាពិសេសក្នុងខណៈពេលដែលកម្ពុជាប្រកាន់ខ្ជាប់គោលការណ៍ដាច់ខាតការ ពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី មិនឱនក្បាលជាមួយបរទេសណាទាំងអស់ ។

សេចក្តីថ្លែងការណ៍ដែលចេញមកពីស្ថានទូតមួយនេះ ជាការរំខានខ្លាំងណាស់ សម្រាប់កម្ពុជា ដែលកំពុងធ្វើដំណើរលើគន្លងមាគ៌ាមួយដែលត្រឹមត្រូវ ។ យើងគប្បីរំឭកឡើងវិញ អំពីសេចក្តីថ្លែងការណ៍ដែលបង្កឲ្យមានការរំខានទាំងនោះ៖
១-នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជាអះអាងថា ខ្លួនមិនមានការពាក់ព័ន្ធទៅនឹងរដ្ឋប្រហារទម្លាក់ សម្ដេចព្រះនរោត្តម សីហនុ ចេញពីព្រះប្រមុខរដ្ឋក្នុងអំឡុង ទសវត្សរ៍៧០ដែលដឹកនាំដោយ សេនាប្រមុខ លន់ នល់ ។ មិនតែប៉ុណ្ណោះស្ថានទូតសហរដ្ឋអាមេរិកអះអាងថា រដ្ឋាភិបាលចិនបានគាំទ្រយ៉ាងសកម្មដល់របបខ្មែរក្រហម ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ។

ហេតុអ្វីបានជានៅសុខៗ ស្ថានទូតអាមេរិកចេញសេចក្តីថ្លែងការណ៍បែបនេះ? វាមិនមែនត្រឹមតែធ្វើឲ្យមានការរំកាំចិត្តរវាងកម្ពុជា និងអាមេរិកទេ ប៉ុន្តែក៏បានបង្កឲ្យមានថ្នាំងថ្នាក់រវាងចិន និងអាមេរិកដែរ ។ តាមពិតអាមេរិកបានយក កម្ពុជាធ្វើជាសមរភូមិសម្រាប់បង្កជម្លោះរវាងខ្លួនជាមួយនឹងចិន ដោយមិនបានគិតទៅដល់អារម្មណ៍របស់ម្ចាស់ប្រទេសឡើយ ។

២-សេចក្តីថ្លែងការណ៍មួយរបស់ស្ថានទូតអាមេរិកប្រចាំនៅរាជធានីភ្នំពេញ នាថ្ងៃទី១២ ខែកុម្ភៈ បានធ្វើជាសំដែងការកង្វល់ជាមួយ EU ក្នុងការផ្តើមដំណើរការនីតិវិធី EBA ដោយចោទប្រកាន់ថា កម្ពុជា កំពុងដើរថយក្រោយយ៉ាងធ្ងន់ធ្ងរ ក្នុងការការពារសិទ្ធិមនុស្ស និងសិទ្ធិការងារ ។ ស្ថានទូតមួយនេះ បានចោទទាំងងងើលថា មានការរំលោភយ៉ាងធ្ងន់ធ្ងរលើសេរីភាពក្នុងការបញ្ចេញមតិ សិទ្ធិការងារ ដែលមានការទទួលស្គាល់ជាអន្តរជាតិ និងសេរីភាពទាក់ទងនឹងអង្គការសមាគម និងបានអំពាវនាវអោយថ្នាក់ដឹកនាំកម្ពុជា ស្តាឡើងវិញនូវលទ្ធិប្រជាធិបតេយ្យ ពហុបក្សពិតប្រាកដ ដូចមានចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា ។ អ្វីដែលធ្វើឲ្យយើងកាន់តែហួសចិត្ត ហើយមិននឹកស្មានដល់ទាល់តែសោះនោះគឺថា ស្ថានទូតនៃប្រទេសដែលតាំងខ្លួនថា ជាបិតាប្រជាធិបតេយ្យ បែរជានិយាយកោតសរសើរ កឹម សុខា ថាជាមនុស្សស្អាតស្អំ ត្រូវបានឃុំខ្លួនដោយអយុត្តិធម៌ ក្រោមការចោទប្រកាន់មិនពិត គ្មានភស្តុតាង គ្មានសវនាការកាត់ទោស គ្មានយុត្តិធម៌ ព្រមទាំងអំពាវនាវអោយប្រទេសកម្ពុជាទម្លាក់ចោលនូវបទចោទប្រកាន់លើលោក កឹម សុខា និងការចោទប្រកាន់ទាំងអស់ ប្រឆាំងនឹងអ្នកទោសនយោបាយដទៃទៀត ហើយអនុញ្ញាតអោយសហជីព អង្គការសារព័ត៌មានឯករាជ្យ និងក្រុមដទៃទៀតនៃសង្គមស៊ីវិល ដំណើរការដោយគ្មានការរឹតត្បិតដែលមិនត្រឹមត្រូវ ។ យើងមិនចង់បកស្រាយច្រើនពីបញ្ហានេះទេ ពីព្រោះនេះជាច្បាប់របស់កម្ពុជា ។ កម្ពុជាជាប្រទេសនីតិរដ្ឋ ប្រកាន់យកគោលការណ៍ច្បាប់ជាមូលដ្ឋាន ។

៣-នៅថ្ងៃទី១៩ ខែមេសា ស្ថានទូតអាមេរិក បានចេញសេចក្តីថ្លែងការណ៍មួយទៀត ដោយលើកឡើងថា ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មធំជាងគេរបស់ប្រទេសកម្ពុជា តែទំនាក់ទំនងនេះចំណេញខ្លាំងទៅខាងប្រទេសចិន ។ ស្ថានទូតមួយនេះ ធ្វើជាព្រួយបារម្ភជំនួសកម្ពុជាខ្លាំងណាស់ ដោយនិយាយថា ប្រហែល ៨៧% នៃទំនិញដោះដូរគ្នាគឺជាទំនិញនាំចូលមកពីប្រទេសចិន ដែលមិនជួយដល់ការធ្វើឱ្យមានការងារ ឬជួយដល់ឧស្សាហកម្មដូចទំនាក់ទំនងរបស់ប្រទេសកម្ពុជា ជាមួយសហរដ្ឋអាមេរិក ឬសហភាពអឺរ៉ុបនោះទេ ។ នេះគ្រាន់តែជាផ្លូវមួយទៀតដែលប្រទេសកម្ពុជា បានងាកចេញពីយុទ្ធសាស្រ្តសេដ្ឋកិច្ច ដែលមានតុល្យភាព និងលក្ខណៈចម្រុះច្រើនទៅរកយុទ្ធសាស្រ្តសេដ្ឋកិច្ច ដែលមានការពឹងផ្អែកច្រើនទៅលើប្រទេសចិន ។ ក្តីឈឺឆ្អាលមួយនេះ បើវាកើតចេញពីបេះដូងពិតៗរបស់មន្ត្រីស្ថានទូតអាមេរិកប៉ុន្មាននាក់នោះមែន យើងសូមអរគុណហើយ ។ ផ្ទុយទៅវិញ បើវាជាចេតនាដើម្បីជួយឃោសនាឲ្យពួកប្រឆាំង នោះគឺជា អំពើ និងជាបំណងទុច្ចរិតខាងនយោបាយដ៏អាក្រក់ជួរជាតិបំផុត ដែលប្រជាជនកម្ពុជាស្អប់ខ្ពើម ដល់ត្រកូល ។ កម្ពុជាក្នុងនាមជារដ្ឋមួយមិនល្ងង់ដល់ថ្នាក់នោះពេកទេ ។ ថ្នាក់ដឹកនាំកម្ពុជាដែលបាននាំយកប្រទេសចេញពីភ្នក់ភ្លើងសង្គ្រាមឲ្យមកទទួលបានសុខសន្តិភាពពេញលេញ និងធ្វើឲ្យប្រទេសមានការ អភិវឌ្ឍយ៉ាងលឿនដូចសព្វថ្ងៃ ក៏មានការគិតគូរពិចារណាច្បាស់លាស់ហើយ ។ យើងទទួលយកការវិនិយោគពីគ្រប់ប្រទេសទាំងអស់ ដោយមិនមានការរើសអើង មិនថាតែប្រទេសចិនមួយទេ ។

កន្លងមកក៏មានប្រទេសជាច្រើន និងវិនិយោគិនច្រើនជាតិសាសន៍បានមករកស៊ីនៅកម្ពុជា រាប់ទាំងអ្នកវិនិយោគមកពីសហរដ្ឋអាមេរិកផង ។ អ្វីដែលយើងមិនយល់ព្រម អ្វីដែលយើងមិនអនុគ្រោះ អ្វីដែលយើងប្រឆាំងដាច់ខាតតែមួយគត់នោះ គឺកុំនាំយកភ្លើងសង្គ្រាមមកដុតកំឡោចប្រទេសយើងសារជាថ្មីទៀតនោះគឺ គ្រប់គ្រាន់ហើយ ។

៤-នៅដើមខែកក្កដា ឆ្នាំ២០១៩នេះ ស្ថានទូតអាមេរិកបានចេញសេចក្តីថ្លែងការណ៍មួយទៀត ដែលខ្លឹមសាររបស់វា បង្ហាញឲ្យឃើញច្បាស់ថា មន្ត្រីដែលធ្វើការនៅស្ថានទូតនេះ មិនយល់ដឹងពីអ្វីទាំងអស់ ដោយសារគេប្រើពាក្យថា «ព្រឹត្តិការណ៍ថ្មីៗនេះ» បានធ្វើឲ្យមានការ «កាត់ស្មាន» អំពីផែនការទៅពេលអនាគតរបស់ប្រទេសកម្ពុជា សម្រាប់មូលដ្ឋាន ជើងទឹករាម ដោយរួមមានលទ្ធភាពនៃការអនុញ្ញាតឲ្យមានទីតាំង យោធារបស់ប្រទេសចិន ។ លោកមន្ត្រីទូតប៉ុន្មាននាក់នោះ ថែមទាំងអំពាវនាវឲ្យមេដឹកនាំកម្ពុជារក្សាការប្តេជ្ញាចិត្តតាមរដ្ឋធម្មនុញ្ញរបស់ខ្លួន ក្នុងការប្រកាន់យកនយោបាយការបរទេសឯករាជ្យ ហើយការរពារយ៉ាងសកម្មនូវឯករាជ្យភាព របស់ប្រទេសកម្ពុជា សម្រាប់មនុស្សជំនាន់ក្រោយៗ ។ មិនចាំបាច់ទូន្មានកម្ពុជាទេ ប៉ុន្តែអស់លោកគួរស្វែងយល់រៀនសូត្រឲ្យបានច្រើនជាងនេះ ។ គ្រាន់តែយោងលើ «ព្រឹត្តិការណ៍ថ្មីៗ» អស់លោកបែរជាហ៊ានធ្វើការ «កាត់ស្មាន» ទាំងប្រថុយប្រថានបែបនេះទៅហើយ ។ ឯព្រឹត្តិការណ៍ថ្មីនោះ គឺអ្វី? គឺមន្ត្រីក្រសួងការពារជាតិអាមេរិក ដើម្បីជួយជួសជុលអគារបញ្ជាការដ្ឋានសន្តិសុខ លំហសមុទ្ររាម ។ ប៉ុន្តែកម្ពុជាបានទទួលរងចាំស្វាគមន៍ចំពោះជំនួយសាងសង់អគារអគ្គបញ្ជាការដ្ឋាន សន្តិសុខលំហសមុទ្រថ្មី ដែលគ្រោងនឹងផ្លាស់ប្តូរទៅទីកន្លែងផ្សេងទៀត ព្រោះវាមានលក្ខណៈល្អ សមស្រប មានការរីកចម្រើន និងមានប្រសិទ្ធភាពល្អក្នុងការបំពេញការងារ ហើយយើងទុកតំបន់រាមនេះ ជាទីតាំងសម្រាប់បម្រើឲ្យការអភិវឌ្ឍន៍ ។ គ្រាន់តែរឿងប៉ុណ្ណឹង មន្ត្រីស្ថានទូតអាមេរិកហ៊ាន «កាត់ស្មាន» ថា កម្ពុជាអាចមានផែនការអនុញ្ញាតិ ឲ្យមានទីតាំងយោធារបស់ប្រទេសចិន សាងសង់មូលដ្ឋានកងទ័ពនៅទីនេះទៅវិញ ។

កម្ពុជាបានបញ្ជាក់ជំហរម្តងហើយម្តងទៀត គឺរដ្ឋធម្មនុញ្ញរបស់់យើងមិនអនុញ្ញាតិឲ្យមានការដាក់តាំងមូលដ្ឋានកងទ័ពបរទេសនៅក្នុងប្រទេសខ្លួននោះទេ ។ រឿងនេះល្មមអាចយល់បានហើយ ។ ដូច្នេះ សេចក្តីថ្លែងការណ៍ជាហូរហែរបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ពិជាបង្កប់ទៅដោយឧបាយកលអាក្រក់ជាពន់ពេក ដែលយើងមិនអាចទទួលយកបាន ។ កម្ពុជារក្សាជំហរច្បាស់លាស់គឺ ការរក្សា និងបង្កើតឲ្យមានចំណងទាក់ទងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសទាំងអស់ក្នុងពិភពលោក លើមូលដ្ឋានស្មើសិទ្ធស្មើភាព និងមិនលូកដៃជ្រៀតជ្រែកចូលកិច្ចការផងគ្នា ៕

ដោយៈ លី ទួង

Facebook Comments