តើវៀតណាម ទទួលបានផលចំណេញអ្វីខ្លះ ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសហភាពអឺរ៉ុប

845

អន្តរជាតិ៖ វៀតណាម និងសហភាពអឺរ៉ុបបានចុះកិច្ចព្រមព្រៀង​ចំនួនពីរ កាលពីថ្ងៃអាទិត្យ ទី៣០ ខែមិថុនា ឆ្នាំ២០១៩ គឺកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អឺរ៉ុប-វៀតណាម (EVFTA) និងកិច្ចព្រមព្រៀងការពារអ្នកវិនិយោគ អឺរ៉ុប-វៀតណាម (EVIPA) ។

តាមរយៈការសិក្សាស្រាវជ្រាវ ដោយក្រសួងផែនការ និងវិនិយោគរបស់វៀតណាម​រំពឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ អាចជួយឱ្យការនាំចេញរបស់វៀតណាមកើនឡើង ២០ភាគរយ នៅឆ្នាំ២០២០ កើនឡើង ៤២,៧ភាគរយ នៅឆ្នាំ២០២៥ និង៤៤,៤ភាគរយ នៅឆ្នាំ២០៣០ ។ ​ក្រៅពីការទទួលបានផលប្រយោជន៍ជាក់ស្តែង ផ្នែកសេដ្ឋកិច្ច ប្រទេសវៀតណាម​ក៏នឹងទទួលបានក្តេរ៍ឈ្មោះនៅលើឆាកអន្តរជាតិ ជាប្រទេសដែលមានស្តង់ដារទាំងច្បាប់ ទាំងគុណភាពទំនិញ និង លក្ខខណ្ឌផ្សេងៗទៀត ឈានដល់ការចាប់ដៃគូជាមួយសហភាពអឺរ៉ុប ដែលមានសមាជិកជាប្រទេសរីកចម្រើនចំនួន ​២៨ ។ ​កិច្ចព្រមព្រៀងនេះនឹងធ្វើឲ្យវៀតណាម មានឱកាសក្នុងការពង្រឹង និងពង្រីកសហគ្រាសធន់តូច និងមធ្យម SME នឹងក្លាយជាគោលដៅ នៃអ្នកវិនិយោគបរទេស ។​

សហភាពអឺរ៉ុប និងវៀតណាម បានចំណាយពេលតាំងពីឆ្នាំ២០១២មកម៉្លេះ ដើម្បីជជែកគ្នា ហើយឈានដល់ការចុះហត្ថលេខា លើកិច្ចព្រមព្រៀងទាំងពីរ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩កន្លងមក មិនមានកំណត់ពីលក្ខខណ្ឌ ប៉ះពាល់ដល់កិច្ចការផ្ទៃក្នុងវៀតណាមនោះទេ ។​ លក្ខខណ្ឌគោលមួយចំនួន ដែលសហភាពអឺរ៉ុបកំណត់ រួមមាន ត្រូវធានានូវការគោរពកម្មសិទ្ធិបញ្ញា លើផលិតផល លក្ខខណ្ឌសិទ្ធិមនុស្ស បរិស្ថាន និងលក្ខខណ្ឌគ្រប់គ្រងអនាម័យ តាមបែបបច្ចេកទេស ជាដើម ។ ​នៅក្នុងលក្ខខណ្ឌនៃការព្រមព្រៀង មិនបានផ្តល់សិទ្ធិពិសេសណាមួយដល់សហភាពអឺរ៉ុប ជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងវៀតណាមនោះទេ ។​

ចំណែកអឺរ៉ុប ក៏ត្រូវរក្សាតម្លៃរបស់ខ្លួន ក្នុងការគោរពទៅតាមកិច្ចព្រមព្រៀងដែរ ។ ​ម្យ៉ាងទៀត ធម្មនុញ្ញនៃអង្គការសហប្រជាជាតិ ច្បាប់អន្តរជាតិ និងស្ថាប័នអន្តរជាតិផ្សេងៗទៀតក៏មិនបណ្តោយឱ្យសហភាពអឺរ៉ុប អាចជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងប្រទេសណាមួយ ដោយសេរីនោះដែរ ។​ (យុទ្ធ)

Loading...