រថយន្ដដឹកស៊ីម៉ងត៍បុករះម៉ូតូជាង១០គ្រឿង

0
1800

ភ្នំពេញ ៖ រថយន្តដឹកស៊ីម៉ងត៍១គ្រឿង បើកបោះពួយយ៉ាងលឿនដូចហោះ ខ្វះការប្រុងប្រយ័ត្ន ស្រាប់តែរេចង្កូតចូលអាហារដ្ឋានមួយកន្លែង និងបុករះម៉ូតូព្រមទាំងម៉ូតូកង់៣ ជាង១០គ្រឿង បង្កឲ្យមានការភ្ញាក់ផ្អើល  កាលពីវេលាម៉ោង៩ និង៣០នាទីព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ នៅអាហារដ្ឋានម៉ូណា ស្ថិតនៅតាមបណ្តោយ ផ្លូវលេខ២០១១ ក្នុងភូមិ គោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

រថយន្តដឹកស៊ីម៉ងត៍បង្កម៉ាក KIA ពណ៌ខៀវ ពាក់ស្លាក ភ្នំពេញ 2S-3904 បើកបរដោយឈ្មោះណូ ណាក់ ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅដេប៉ូលក់គ្រឿងសំណង់ ចេង លីមអៀង ម្តុំមជ្ឈមណ្ឌពាណិជ្ជកម្មបឹងបៃតង។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តដឹកស៊ីម៉ងត៍ខាងលើ បានធ្វើដំណើរតាមផ្លូវលេខ ២០១១ ក្នុងទិសដៅពីជើងទៅត្បូង ដោយល្បឿនលឿនមកដល់កន្លែងកើតហេតុ  អ្នកបើកបរខ្វះការប្រុងប្រយ័ត្ន ស្រាប់តែរថយន្តរេចង្កូត ទៅស្តាំដៃបុកចូលអាហារដ្ឋានម៉ូណា ទាំងកំរោលតែម្តង បណ្ដាលឲ្យបាក់បង្គោលស្លាកកំណត់ល្បឿន រានទេវតា និងម៉ូតូដែលកំពុងចតនៅមុខហាងចំនួន៦គ្រឿង បុករុញទៅគរលើគ្នានៅ កៀនជញ្ជាំង ទើបរថយន្តក៏ក្រឡាប់សង្កត់ទៅលើម៉ូតូ៣គ្រឿង និងម៉ូតូកង់៣ មួយគ្រឿងទៀត ដែលឈប់ចតនៅមុខហាងលក់គ្រឿងបន្លាស់រថយន្តយីហោ «អេង ឡុង»  បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អ មិនបណ្តាលឲ្យមនុស្សណាម្នាក់ ទទួលរងគ្រោះថ្នាក់ទេ។ ចំណែក  អ្នកបើកបររថយន្តបង្កត្រូវបានប្រជាពលរដ្ឋនាំគ្នាឃាត់ខ្លួនបានភ្លាមៗ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះអន្តរាគមន៍ ធ្វើការវាស់វែង និងកំណត់ហេតុ ដកហូតមធ្យោបាយពាក់ព័ន្ធទៅរក្សាទុកជាបណ្តោះអាសន្ន រង់ចាំធ្វើការដោះស្រាយគ្នាតាមច្បាប់ តែភាគីរថយន្តបង្ក ប្រឈមនឹងប្រាក់សំណងមិនតិចឡើយ៕

Facebook Comments