ភាពស្ងប់ស្ងាត់ បានកើតមានឡើងវិញនៅហុងកុង បន្ទាប់ពីការតវ៉ាដោយហិង្សា

99

(អន្តរជាតិ)៖ ភាពស្ងប់ស្ងាត់ បានកើតមានឡើងវិញនៅទីក្រុងហុងកុងកាលពីព្រឹកថ្ងៃអង្គារ ទី០២ ខែកក្កដា ក្រោយពីប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកក្រុមអ្នកតវ៉ារាប់ពាន់នាក់ ដែលបានវាយលុកចូលកាន់កាប់អគារសភា ក្នុងការប្រឆាំងនឹងច្បាប់បត្យាប័នមួយ ដែលជាបញ្ហាប្រឈមដោយផ្ទាល់ ចំពោះទីក្រុងប៉េកាំង ។

ប៉ូលិសបានបោសសំអាតផ្លូវថ្នល់ នៅជិតបេះដូងមជ្ឈមណ្ឌលហិរញ្ញវត្ថុ ដើម្បីបើកផ្លូវឱ្យអាជីវកម្មវិលត្រឡប់មករកភាពធម្មតាឡើងវិញ បន្ទាប់ពីមានអំពើហិង្សាដ៏ឃោរឃៅ នៅខួបនៃការប្រគល់ទីក្រុងហុងកុងឆ្នាំ1997 ទៅឲ្យប្រទេសចិនគ្រប់គ្រងវិញ ។

ទោះជាយ៉ាងណាក៏ដោយ ការិយាល័យរដ្ឋាភិបាលអាណានិគមអង់គ្លេស ជាកន្លែងដែលក្រុមអ្នកតវ៉ា បានវាយកំទេចកុំព្យូទ័រ និងបាញ់ថ្នាំប្រឆាំងនឹងច្បាប់ធ្វើបត្យាប័ន ទៅលើជញ្ជាំងបន្ទប់ត្រូវបានបិទ ។ មនុស្សរាប់លាននាក់ បាននាំគ្នាដើរតាមផ្លូវនៅក្នុងរយៈពេលពីរបីសប្តាហ៍កន្លងមកនេះ ដើម្បីតវ៉ាប្រឆាំងនឹងច្បាប់បត្យាប័ន ដែលនឹងអនុញ្ញាតឱ្យប្រជាជន ត្រូវបានបញ្ជូនទៅចិនដីគោក ដើម្បីប្រឈមនឹងការកាត់ក្តីនៅតុលាការ ដែលគ្រប់គ្រងដោយបក្សកុម្មុយនិស្ត ។ មេដឹកនាំទីក្រុងហុងកុង លោកស្រី Carrie Lam បានពន្យារពេលច្បាប់នេះ កាលពីថ្ងៃទី15 ខែមិថុនា ។

លោកស្រី Lam បានធ្វើសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី២ ខែកក្កដានេះ ដើម្បីថ្កោលទោសនូវអ្វីដែលជាបាតុកម្មហិង្សា ធ្វើឱ្យរង្គោះរង្គើរទីក្រុងមួយនេះ ។ ច្បាប់ធ្វើបត្យាប័ន ដែលនឹងគ្របដណ្តប់លើអ្នកស្រុកចំនួន 7 លាននាក់ របស់ទីក្រុងហុងកុង ក៏ដូចជាជនបរទេស និងជនជាតិចិន ត្រូវបានគេមើលឃើញថាជាការគំរាមកំហែងដល់នីតិរដ្ឋ នៅក្នុងទីក្រុងដ៏មានប្រជាប្រិយភាពមួយនេះ​ ដែលបានប្រគល់ការគ្រប់គ្រង ទៅឲ្យចិនដីគោកវិញក្រោម “ប្រទេសមួយ” ប្រព័ន្ធពីរ ” ៕