លិខិតមិត្តអ្នកអាន៖ «កងកម្លាំងប្រដាប់អាវុធកំពុងត្រៀមជាស្រេចដើម្បីចាត់ការធម៍ក្តៅចំពោះសម រង្ស៊ី ? »

167

ភ្នំពេញ៖ ជាថ្មីម្តងទៀត កាលពីយប់មិញ ខ្ញុំបានលឺការអំពាវនាវ បែបវង្វេងស្មារតីរបស់ លោក សម រង្ស៊ី ទៅកាន់កងកម្លាំងប្រដាប់អាវុធឲ្យងើបឡើងបះបោរប្រឆាំងរដ្ឋាភិបាលដើម្បីទម្លាក់មេដឹកនាំដែលកើតចេញពីការបោះឆ្នោតតាមរយៈការប្រើកម្លាំងក្រៅច្បាប់។ ជាច្រើនលើកមកហើយដែលលោក សម រង្ស៊ី តែងតែបានខ្ជាក់ពាក្យសម្តីមិនចេះអៀនខ្មាស ជាសម្តីរបស់មេដឹកនាំចលនាឧទ្ទាមហើយ ដែលស្តាប់ទៅគឺពិតជាសម្តីរបស់មនុស្សទាល់ច្រក អស់ក្រឡាដើរ និងវង្វេងស្មារតីគិតអ្វីមិនចេញ។ ហេតុអ្វីបានជាខ្ញុំហ៊ានអះអាង និយាយបែបនេះ?

ទី១៖ ក្នុងដំណើរជីវិតនយោបាយកម្ពុជា គឺ លោក សម រង្ស៊ី នេះហើយគឺជាអ្នកនយោបាយដែលបានប្រមាថមាក់ងាយកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទយ៉ាងខ្លាំងបំផុត។ ខ្ញុំចាំច្បាស់ណាស់គឺមិនដឹងជាប៉ុន្មានសិបដងទេដែលសម រង្ស៊ីបានចាត់ទុកកងកម្លាំងប្រដាប់អាវុធរបស់ជាតិ (ទាំងនគរបាល អាវុធហត្ថ យោធា និងកងអង្គរក្ស) ថាជាកម្លាំងស៊ីឈ្នួល។ គឺសម រង្ស៊ី នេះហើយដែលបាន បន្ថោកបន្ទាបតម្លៃកម្លាំងប្រដាប់អាវុធដែលធ្វើឲ្យពួកគេឈឺចាប់បំផុត។ លុះឥឡូវ ដល់ពេលទាល់ច្រកអស់ក្រឡាដើរ ស្រាប់តែ សម រង្ស៊ី បែរជាមកធ្វើការ សម្តែងតួជាអ្នកស្រឡាញ់យកចិត្តទុកដាក់ចំពោះកម្លាំង ប្រដាប់អាវុធនិងអំពាវនាវឲ្យពួកគេឈរ នៅខាងខ្លួនដែលកំពុងមានចេតនាបង្កចលាចលសង្គម បំផ្លាញសណ្តាប់ធ្នាប់សាធារណៈ និងបំផ្លាញសន្តិសុខជាតិ ទាំងមូល។

ប៉ុន្តែ សម រង្ស៊ី ដូចជាភ្លេចគិតថា កងកម្លាំងប្រដាប់អាវុធត្រូវបាន បង្កើតឡើងដើម្បីការពារជាតិ  ការពាររដ្ឋាភិបាលស្របច្បាប់ រក្សាសណ្តាប់ធ្នាប់សាធារណៈ ជាពិសេសគឺការពារសន្តិសុខជាតិ។ ដូច្នេះ តាមខ្ញុំយល់គឺអ្នក ដែលកងកម្លាំងប្រដាប់អាវុធតាម រកមុខបំផុតគឺអ្នកបំផ្លាញសន្តិសុខជាតិ បំផ្លាញភាពសុខសាន្តរបស់ប្រជាជន ហើយនោះគឺគ្មានអ្នកណាក្រៅពី សម រង្ស៊ី ខ្លួនឯង  នេះហើយដែលកម្លាំងប្រដាប់ អាវុធរកមុខបំផុត និងកំពុងត្រៀមខ្លួនជាស្រេចដើម្បីចាត់ការតាម បទបញ្ជារបស់រដ្ឋាភិបាល។

ទី២៖ សម រង្ស៊ី ពិតជាអស់សង្ឃឹមលើអ្នកគាំទ្ររបស់ខ្លួនដែលកំពុងបែកបាក់យ៉ាងខ្លាំងនិងក៍លែងរវីរវល់ក្នុងរឿងគាំទ្រនយោបាយបំបែកបំបាក់ជាតិរបស់ខ្លួនតទៅ ទៀតហើយដែរ។ កាលពីមុននេះ លោកសម រង្ស៊ី អួតអាងថា ខ្លួនមានអ្នកគាំទ្ររាប់លាននាក់រង់ចាំទទួលស្វាគមន៍ រាប់ទាំងពលករនៅកូរ៉េ នៅថៃផង។ ប៉ុន្តែ ក្រោយពីការស្ទង់កម្លាំងជាច្រើនលើកមក សម រង្ស៊ី ពិតជាយល់និងដឹងច្បាស់ណាស់ថា ពេលនេះ នៅមានមនុស្សតិចតួចបំផុតដែលនៅដើរតាមនយោបាយបោកប្រាស់រកស្រោមសំបុត្ររបស់ខ្លួនទៀត។ ហេតុដូច្នេះហើយបានជា សម រង្ស៊ី ងាកមកលួងលោមកងកម្លាំងប្រដាបអាវុធវីញម្តងដោយប្រើភាសាចាស់គំរឹលដែលខ្លួនធ្លាប់ប្រើរយៈពេលជាងពីរទសវត្សរ៍មកហើយរហូតធ្វើឲ្យពលរដ្ឋខ្មែរជ្រិញ ស្រគៀរ ត្រចៀកលែងចង់ស្តាប់តទៅទៀតព្រោះបើស្តាប់ទៅ គឺសេចក្តីអំពាវនាវរបស់ សម រង្ស៊ី មិនខុសពីសំឡេងភ្លេងខ្លងខែក ដែលកំពុងជូនដំណើរ អ្នក នយោបាយរូបនេះដែលមានអាយុ៧០ឆ្នាំហើយនោះទៅកាន់ទីអវសាននោះឡើយ។

ទី៣៖ ខ្ញុំយល់ថាលោកសម រង្ស៊ី កំពុងតែលួចកម្មសិទ្ធបញ្ញារបស់លោកហ៊ុន សែន ហើយ ~ Sam Rainsy is stealing the Intellectual Property Rights of Mr. Hun Sen ព្រោះគាត់កំពុងតែលួចចម្លងគោលគំនិតនយោបាយឈ្នះៗ របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន យកមកប្រើដោយសន្យារក្សាតួនាទី បុណ្យស័ក្តិ ទ្រព្យសម្បត្តិ ជាដើម។ សម រង្ស៊ី ក៍ថែមទាំងបានលួងលោមកង កម្លាំងប្រដាប់អាវុធដោយសន្យាតម្លើងស័ក្តិ និងប្រាក់ខែដល់ពួកគេថែមទៀត។ ប៉ុន្តែ សម រង្ស៊ី ដូចជាភ្លេចគិតថា នយោបាយឈ្នះៗដែលលោកហ៊ុន សែន បានប្រើដោយជោគជ័យដើម្បីបញ្ចប់សង្គ្រាមនៅកម្ពុជានោះគឺជានយោបាយដែលកើតចេញពីបញ្ញាញាណផ្ទាល់របស់លោកហ៊ុន សែន និងវាបានកើតឡើងក្នុងកាលៈទេសៈដែល ប្រទេសជាតិកំពុងតែមានសង្គ្រាមដែលសូម្បីតែអ៊ុនតាក់ក៍ បរាជ័យដែរ។ ហើយក៍មានតែ លោក ហ៊ុន សែន ម្នាក់គត់ដែល មានគំនិតផ្តួចផ្តើមនិងបញ្ញាវាងវៃក្នុងការបញ្ចប់សង្គ្រាមដោយមិនធ្វើសង្គ្រាមតាមរយៈនយោបាយឈ្នះៗ។

ប៉ុន្តែបច្ចុប្បន្ន ប្រទេសជាតិកំពុងស្ថិតក្នុងសុខសន្តិភាព និងការអភិវឌ្ឍន៍ដែលពលរដ្ឋខ្មែរគ្រប់គ្នា ទាំងស៊ីវិលនិងកម្លាំងប្រដាប់ អាវុធកំពុងសប្បាយរីករាយនឹងសមិទ្ធផលដែលពួកគេទទួល បាន។ ដូច្នេះ តើខ្មែរណាទៅស្តាប់និងធ្វើតាមការអំពាវនាវដែលនាំ ប្រទេសជាតិទៅរកភាពវឹកវរតាម សម រង្ស៊ី ចង់បាននោះ? សម រង្ស៊ី កំពុងលួចកម្មសិទ្ធបញ្ញា ~ Intellectual Property Rights ~ របស់លោក ហ៊ុន សែនទៅប្រើដោយខុសកាលៈទេសៈទាំងស្រុងហើយ។ ខ្ញុំហ៊ានថាខុសត្រង់លោកហ៊ុន សែន បានប្រើនយោបាយឈ្នះៗ ដើម្បីបញ្ចប់សង្គ្រាម រីឯសម រង្ស៊ី កំពុងលួចគំនិតនយោបាយឈ្នះៗ ទៅប្រើដើម្បីបង្កសង្គ្រាម ទៅវិញ។

ទី៤៖ ដោយហេតុថា សម រង្ស៊ី មានខួរក្បាលដឹតដាមដោយចលនាបដិវត្តន៍ពណ៌ និងបានប៉ុនប៉ងចម្លងបដិវត្តន៍ពណ៌មកអនុវត្តន៍នៅកម្ពុជាជាច្រើនលើកតែត្រូវទទួលបរាជ័យគ្រប់ពេល។ ទោះយ៉ាងណា គំនិត បដិវត្តន៍ពណ៌នេះនៅមិនទាន់ចប់នៅឡើយទេ។ ហេតុដូច្នេះហើយបានជា សម រង្ស៊ី បានលើក ឧទាហរណ៍ចំៗដែលខ្លួនបាន ចម្លងមកធ្វើជាគំរូ ដូចជានៅប្រទេសទុយនេស៊ី លីប៊ី អេហ្ស៊ីប ជាដើម។ នេះសបញ្ជាក់ច្បាស់ណាស់ថា សម រង្ស៊ី គឺជា មេចលនាបដិវត្តន៍ពណ៌ចំតួ ទោះកន្លងទៅខ្លួនបានបដិសេធក៏ដោយ តែពេលនេះបានធ្លោយចេញមកសារភាពដោយចំហរ តែម្តង។

ទី៥៖ សម រង្ស៊ី សន្យាផ្តល់បុណ្យ ស័ក្តិ ប្រាក់ខែ ដល់កម្លាំងប្រដាប់ អាវុធ តែ សម រង្ស៊ី ភ្លេចគិតថា បុណ្យស័ក្តិ និងប្រាក់ខែដែលគាត់និយាយជាបុណ្យស័ក្តិ និងប្រាក់ខែខ្យល់។ ដូច្នេះ គ្មានអ្នកណាគេឆោតល្ងង់ទៅចាក់អង្ករចោលដូរយកអង្កាមនោះឡើយ។ ម្យ៉ាងទៀត បើសម រង្ស៊ី ចង់ផ្តល់បុណ្យស័ក្តិ និងលុយកាក់ គួរតែផ្តល់ជូនមន្ត្រីសកម្មជនរបស់ខ្លួនទៅ។ ប៉ុន្តែ មួយជីវិតនយោបាយរបស់ខ្លួន ខ្ញុំមិនដែលឃើញនិងលឺ សម រង្ស៊ី ធ្លាប់បានផ្តល់ប្រយោជន៍ដល់អ្នកណាម្តងនោះទេ? គឺគ្មានទាល់តែសោះក្រៅតែពីខ្លួនឯង ក្រុមគ្រួសាររបស់ខ្លួន និងមនុស្សជិតស្និទ្ធប៉ុន្មាននាក់។ ផ្ទុយទៅវិញ អ្វីដែលយើងបានលឺនិងឃើញច្បាស់នោះគឺអ្នកនយោបាយរូបនេះមានតែដើរបោកប្រាស់កេងចំណេញ ពីប្រជាពលរដ្ឋនិងសកម្មជន របស់ខ្លួនដោយយកពួកគេធ្វើជាឈ្នាន់នយោបាយតែប៉ុណ្ណោះ។ មើលចុះ លទ្ធផលសម្រាប់អ្នក ស្មោះស្ម័គ្រដង្ហែតាមសម រង្ស៊ី គឺទីបំផុត អ្នកខ្លះធ្លាក់ខ្លួនកាន់តែក្រ អ្នកខ្លះរត់ចោលស្រុក ចោលប្រពន្ធកូន និងអ្នកខ្លះទៀតជាប់ គុកដោយសារតែជឿលើការអុជអាល ញុះញង់របស់ សម រង្ស៊ី ហើយប្រព្រឹត្តអំពើខុសច្បាប់។

ដូច្នេះ តើសម រង្ស៊ី មានបុណ្យស័ក្តិ លុយកាក់ឯណាមកសន្យាផ្តល់ឲ្យគេ បើខ្លួនគាត់កំពុងរត់គេចពីសំណាញ់ច្បាប់ផង ហើយក៍រស់ដោយសារតែ នយោបាយបោកយកស្រោមសំបុត្រពីខ្មែរនៅក្រៅស្រុកបែបនេះ?
ផ្ទុយទៅវិញ បើយើងក្រឡេក មើលថយក្រោយ គឺលោក ហ៊ុន សែន នេះហើយដែលជាអ្នក បង្កើតកម្លាំងប្រដាប់អាវុធសព្វថ្ងៃនេះឡើងនិងបានថែទាំពួកគេជារៀងរហូតមកក្នុងគ្រប់កាលៈ ទេសៈ។ នេះហើយជាហេតុផលដែលធ្វើឲ្យកម្លាំងប្រដាប់ អាវុធគ្រប់ប្រភេទគោរព ស្រឡាញ់ និងស្មោះស្ម័គ្របំផុតជាមួយលោក ហ៊ុន សែន។ ហើយនេះជាចំណុចខ្លាំងរបស់លោក ហ៊ុន សែន ជាមួយកម្លាំងប្រដាប់អាវុធដែលសម រង្ស៊ី មិនគួរដេកស្រមៃទាំងកណ្តាលថ្ងៃថាអាច បំបែកកម្លាំងប្រដាប់អាវុធបានឲ្យសោះ។

សរុបទៅ ខ្ញុំយល់ថាសំឡេងអំពាវនាវរបស់ សម រង្ស៊ី គឺជាសំឡេងខ្លងខែកហែកលោក ដែលត្រៀមដង្ហែជីវិត នយោបាយ សម រង្ស៊ី ទៅរកទីបញ្ចប់ជាស្ថាពរតែប៉ុណ្ណោះហើយក៍ជាជាសំឡេងអំពាវនាវក្នុងគ្រាអស់សង្ឃឹម ទាល់ច្រក និងវង្វេងស្មារតីដោយសារតែជាប់កុននឹងពាក្យសន្យាខ្សល់ របស់ខ្លួនដ៍ច្រើនលើសលប់ពេក។ នេះហើយជាប្រភេទមនុស្ស «ភូតច្រើនចាញ់អាត្មា»ហើយពេលនេះ ដោយសារតែពាក្យភូរភររបស់ខ្លួនតាមលង សម រង្ស៊ី កំពុងតប់ប្រមល់មិនដឹងថាត្រូវដោះស្រាយយ៉ាងណា? បើហ៊ានអើតក្បាលមកកម្ពុជាច្បាស់ជាត្រូវគេចាប់ញាត់គុក។ បើមិនមកច្បាស់ជាត្រូវអ្នកគាំទ្រជេរប្រទិចថាកំសាក។ ដូច្នេះ មានតែការអំពាវនាវផ្សងព្រេងតែប៉ុណ្ណោះដើម្បីអូសក្រឡាហើយពេលនេះ អ្វីដែលច្បាស់លាស់
បំផុតគឺ កងកម្លាំងប្រដាបអាវុធគ្រប់ប្រភេទកំពុងត្រៀមរង់ចាំអនុវត្តយ៉ាងហ្មឺម៉ាត់បំផុតនូវធម៍ក្តៅចំពោះសម រង្ស៊ី គឺរង់ចាំនាំខ្លួនទៅញាត់គុកតាមសាលដីការ តុលាការដើម្បីការពារសណ្តាប់ធ្នាប់សង្គម ការពារសន្តិសុខជាតិ និងភាពសុខសាន្តរបស់ប្រជាជន៕

ដោយ៖ អ្នកតាមដាននយោបាយតុកាហ្វេ