ខួបទី ៤២ឆ្នាំ ទិវាចងចាំនៃដំណើរឆ្ពោះទៅការរំដោះជាតិ

1059

ភ្នំពេញ៖ ថ្ងៃនេះ គឺជាខួប ៤២ឆ្នាំ ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានឆ្លងដែនចូល ទឹកដីប្រទេសវៀតណាម ដើម្បីស្វែងរកការគាំទ្រវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ។ ទីនេះ ស្ថិតនៅក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ គឺ ភូមិកោះថ្ម ឃុំទន្លូង ដែលជាបញ្ជាការដ្ឋានវរសេនាធំ តំបន់២១ និងជាទីតាំងបន្ទាយឈរជើងរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ។ ពីទីតាំង កោះថ្ម នារាត្រីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ បានក្លាយជាទិវាមួយដ៏សំខាន់នៃរបត់ប្រវត្តិសាស្រ្តប្រទេស កម្ពុជា ជាពេលវេលាដែលសមមិត្ត ហ៊ុន សែន បានចាប់ផ្តើមដំណើរ ឆ្ពោះទៅការផ្តួលរំលំរបបប្រល័យ ពូជសាសន៍ ប៉ុល ពត ។ មានទីតាំងចំនួន ៧ចំណុច ដែលសមមិត្ត ហ៊ុន សែន បានចាប់ផ្តើមចេញ ដំណើរ និងបានឆ្លងកាត់ឆ្ពោះទៅការវាយផ្តួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ នោះគឺៈ

  • ចំណុចទី១. ទីតាំងកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៃបញ្ជាការដ្ឋានវរសេនាធំ តំបន់២១ វេលាម៉ោង ២១:០០នាទី ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ចំថ្ងៃច័ន្ទ ៥កើត ខែអសាឍ ឆ្នាំម្សាញ់ នពស័ក ព.ស ២៥២១ សមមិត្ត ហ៊ុន សែន និងកម្មាភិបាលដ៏ទុកចិត្តបួននាក់ គឺ នុច ថន, ញឹក ហួន, ស៊ូ គីម ស្រ៊ាង (ហៅសាញ់) និង វ៉ា ប៉ោអ៊ាន ចាប់ផ្តើមដំណើរភៀសខ្លួនទៅវៀតណាម ដើម្បីស្វែងរកការជួយ ឧបត្ថម្ភក្នុងការរំដោះជាតិចេញពីរបបប្រល័យពូជសាន៍ ប៉ុល ពត ។ ទីតាំងដែលសមមិត្ត ហ៊ុន សែន និង ក្រុមឆ្លងកាត់ពីខាងកម្ពុជា គឺនៅត្រង់ពាំងខ្ទរ និងអាងដាច់ដែលមានដើមទ្រយឹងធំស្កឹមស្កៃនៅក្បែនោះ ។ នៅទល់ខាងមុខ គឺជាស្រុកឡុកនិញ ក្នុងខេត្តសុងប៊ែររបស់វៀតណាម ។ មុនពេលឈានជើងចូលក្នុងទឹក ដីវៀតណាមសមមិត្ត ហ៊ុន សែន បានបែរមុខមកខាងទឹកដីកម្ពុជា ទាំងទឹកភ្នែក ដោយនិយាយក្នុង ចិត្តថាអាយុ១៣ឆ្នាំ បែកពីស្រុកកំណើតដោយអត់សាលារៀន អាយុ២៥ឆ្នាំ បែកពី ប្រទេសដោយពួកឃាតក ។
  • ចំណុចទី២. វេលាម៉ោង ០២:០០នាទីទៀបភ្លឺ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ១៩៧៧ សមមិត្ត ហ៊ុន សែន បានដើរចូលចម្ងាយប្រមាណ ២០០ម៉ែត្រ ទៅក្នុងទឹកដីវៀតណាម ។ អ្នកទាំងអស់គ្នាក៏បាន សម្រាករងចាំពេលភ្លឺ ដើម្បីកំណត់ទិសដៅសម្រាប់បន្តដំណើរ និងពុំមានអ្វីទទួលទាននោះឡើយ ។ សំណួរមួយចំនួនដែលសមមិត្ត ហ៊ុន សែន បានចោទសួរខ្លួនឯងថា តើអាចត្រូវស្លាប់នៅពេលឆ្លងព្រំដែន កម្ពុជា-វៀតណាមដោយការជាន់មីន ឬដោយកងការពារព្រំដែនរបស់វៀតណាមឬទេ ? តើអាចត្រូវជាប់គុក ដោយសារការឆ្លងដែនខុសច្បាប់ឬទេ? តើវៀតណាមជឿហើយសុខចិត្តជួយក្នុងការផ្តួលរំលំរបបប្រល័យ ពូជសាសន៍ ប៉ុល ពត ឬទេក្នុងពេលដែលវៀតណាមកំពុងមានទំនាក់ទំនងការទូតជាមួយកម្ពុជាប្រជាធិប តេយ្យ? សំណួរចុងក្រោយ គឺតើវៀតណាមអាចចាប់បញ្ជូនមកឲ្យ ប៉ុល ពត វិញឬទេ? នោះជាពេលដែល សមមិត្ត ហ៊ុន សែន ចាប់ផ្តើមយកជីវិតធ្វើដើមទុន ដើម្បីធ្វើការតស៊ូផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត បន្ទាប់ពីការចូលរួមក្នុងកងកម្លាំង​ប្រដាប់អាវុធនៃចលនារំដោះជាតិរហូតដល់ពិការភ្នែកម្ខាង នៅ ឆ្នាំ១៩៧៥ ។
  • ចំណុចទី៣. ក្រោយពីធ្វើដំណើរកាត់ព្រៃក្នុងទឹកដីវៀតណាមបានប្រមាណជិត ៦គីឡូម៉ែត្រ វេលា ម៉ោង១១:០០នាទី ជិតថ្ងៃត្រង់ ក្រុមសមមិត្ត ហ៊ុន សែន បានទៅជួបផ្លូវលំមួយក្រាលគ្រួសក្រហមក៏ បានសម្រេចលាក់អាវុធរួចរៀបចំដាំបបរដោយ​អង្ករ ដែលនៅសល់ក្នុងទៃបន្តិចបន្តួច រួចបន្តដំណើរតាមផ្លូវ ថ្នល់ទៅរកជួបកងទ័ពវៀតណាម និងប្រជាជនវៀតណាម ។
  • ចំណុចទី៤. វេលាម៉ោង ១៤:០០នាទីថ្ងៃទី២១ ខែមិថុនា ឆ្នាំ១៩៩៧ សមមិត្ត ហ៊ុន សែន និង ក្រុមបានដើរទៅដល់ភូមិវៀតណាមមួយ ដែលមានចម្ងាយប្រមាណ ១៤គីឡូម៉ែត្រ ពីព្រំដែន ។ ពេល ប្រទះនឹងកម្មករចម្ការកៅស៊ូវៀតណាមដែលកំពុងធ្វើដំណើរ សមមិត្ត ហ៊ុន សែន ដើរសំដៅ ហើយ កម្មករនោះក៏ឲ្យក្រុមសមមិត្តរងចាំនៅទីនោះសិន ។ បន្ទាប់មកកម្មករបាននាំកម្លាំងស្វ័យការពារវៀតណាម មកដល់ដោយមានអាវុធមកជាមួយផង ។ ដំបូងវៀតណាមសង្ស័យទៅលើជនកម្ពុជាទាំងប្រាំនាក់នេះ ថា ជាក្រុមវាយឆ្មក់ ឬក្រុមចារកិច្ចរបស់ ប៉ុល ពត ហើយបានធ្វើការសាកសួរ ។
  • ចំណុចទី៥. ក្រោយពីចាប់ផ្តើមជឿជាក់ខ្លះលើការអះអាងរបស់សមមិត្ត ហ៊ុន សែន ថាមិនមែន ជាក្រុមវាយឆ្មក់របស់ ប៉ុល ពត ទេ ភាគីវៀតណាមក៏បានដាំបាយឆ្នាំងលេខ១០ និងធ្វើម្ហូបជូនសម្រាប់ មនុស្ស៥នាក់ ដែលធ្លាប់តែហូបបបរជាង១ឆ្នាំហើយ ។ ក្រោយពីបានទទួលទានរួច ជនកម្ពុជាទាំង៥រូប ត្រូវគេនាំធ្វើដំណើរចម្ងាយ ៤គីឡូម៉ែត្រ ទៅដល់ភូមិឡាំងជីន នៅវេលាម៉ោង ១៦:៤៥នាទី ។
  • ចំណុចទី៦. ជនកម្ពុជាទាំងប្រាំត្រូវបានសាកសួរព័ត៌មានម្តងទៀតនៅទីនោះ ពីសំណាក់បញ្ជាការ កង អនុសេនាធំម្នាក់របស់វៀតណាម ។ វេលាម៉ោង ១៧:១៥នាទី ថ្ងៃទី២១ ខែមិថុនា ឆ្នាំ១៩៧៧ អ្នក ទាំងប្រាំត្រូវបានគេដឹកក្នុងរថយន្តធុនធ្ងន់ម៉ាក GMC ពីភូមិឡាំងជីនទៅដល់ស្រុកឡុកនិញ នៅវេលា ម៉ោង ១៨:០០នាទី។
  • ចំណុចទី៧. សមមិត្ត ហ៊ុន សែន ត្រូវគេបំបែកចេញពីអ្នករួមដំណើរទាំងបួននាក់ ដែលមក ជាមួយគ្នាហើយត្រូវបានគេសួរព័ត៌មានសាជាថ្មី ដោយសំណួរដេញដោលជាច្រើនទៀត ។ នោះគឺជាពេល វេលាដែលតានតឹងភិតភ័យជាងពេលណាទាំងអស់សម្រាប់អ្នកទាំងបួនដែលធ្វើដំណើរមកជាមួយ ដោយ គិតថា គេអាចយកសមមិត្ត ហ៊ុន សែន ទៅសម្លាប់ ឬទៅណាមិនដឹង ប្រសិនបើមិនឃើញត្រឡប់មក វិញ ។ ពួកគាត់ទាំងបួនមានអារម្មណ៍ច្រាស់ច្រាល ទោះអស់កម្លាំង ក៏ដេកមិនលក់ បក់មិនល្ហើយ និង រងចាំរហូតសមមិត្ត ហ៊ុន សែន ត្រឡប់មកវិញពេលជាងពាក់កណ្តាលអាធ្រាតឆ្លងចូល ថ្ងៃទី២២ ខែ មិថុនា ឆ្នាំ១៩៧៧ ។ ដោយសារការសាកសួរដេញដោលព័ត៌មានតាមលំដាប់ថ្នាក់ ដែលមានពីថ្នាក់ភូមិ ឃុំ រហូតដល់ស្រុកនេះ បានធ្វើឲ្យភាគីវៀតណាមឃើញច្បាស់នូវឆន្ទៈមោះមុត និងជំហរដាច់ខាតរបស់ សមមិត្ត ហ៊ុន សែន ក្នុងគោលបំណងដ៏មុតស្រួច គឺឆ្ពោះទៅរកការកៀរគរកម្លាំងសម្រាប់រំដោះជាតិមាតុ ភូមិ ប្រជាជនពីរបបប្រល័យពូជសាសន៍ ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើការរំលឹកឡើងវិញពីប្រវត្តិនៃការតស៊ូរំដោះជាតិ ដោយបានចាប់ ផ្តើមចេញពីភូមិកោះថ្ម  ដែលត្រូវធ្វើការសម្រេចចិត្តមួយប្រកបដោយការឈឺចាប់បំផុត ។ សម្តេចតេជោបានធ្វើការបកស្រាយហេតុផល ដែលសម្តេចត្រូវជ្រើសរើសប្រទេសវៀតណាមជាគោលដៅ ដែលត្រូវភៀសខ្លួន ដើម្បីឈានទៅបង្កើតចលនាតស៊ូរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដោយបានលើកឡើងថា តើការពឹងវៀតណាមឲ្យមកជួយរំដោះជាតិជាការខុសដែរឬ? បើគ្មានកងទ័ព វៀតណាមជួយតើយើងអាចរំដោះបានទេ?

ហេតុអ្វីត្រូវជ្រើសរើសប្រទេសវៀតណាមជាគោលដៅដែលត្រូវទៅ? នោះគឺ ដោយសារតែប្រទេសវៀត ណាមមានភូមិសាស្រ្តនៅជិតកម្ពុជាជាងគេ ។ ចំណែកប្រទេសឡាវមានចម្ងាយប្រមាណ២០០គីឡូម៉ែត្រ ពីកម្ពុជា ។ បញ្ហាសំខាន់តើឡាវមានលទ្ធភាពឬទេ? បើទៅពឹងថៃដែលនៅម្ខាងប្រទេស តើថៃមានលទ្ធ ភាពឬទេ? សម្រាប់វៀតណាម គឺនៅកៀកតែប៉ុន្មានគីឡូម៉ែត្រពីកម្ពុជា ហើយវៀតណាមក៏មិនមែនជា រឿងថ្មីទេ ។ ព្រះមហាក្សត្រ នរោត្តម សីហនុ ក៏ធ្លាប់ពឹងវៀតណាមឲ្យជួយរំដោះប្រទេសពីរបប លន់ នល់ ។ ម្យ៉ាងទៀតរឿងរ៉ាវដែលយើងត្រូវដឹងដើម្បីឲ្យមនុស្សមួយចំនួនស្គាល់បញ្ហា មេដឹកនាំប្រទេសជា ច្រើន សុទ្ធតែតស៊ូពីក្រៅប្រទេសដើម្បីរំដោះទឹកដី មិនមែនតស៊ូតែត្រឹមក្នុងប្រទេសទេ ។ វៀតណាមក៏ធ្លាប់ បានពឹងកម្ពុជាឲ្យជួយរំដោះទឹកដី ដែលមេដឹកនាំវៀតណាមតែងតែបានសម្តែងការដឹងគុណចំពោះកម្ពុជា កាលពីសង្រ្គាមជាមួយវៀតណាមខាងត្បូង ។ សម្តេចតេជោក៏បានលើកឡើងផងដែរ អំពីពាក្យសង្រ្គោះ ជាតិដែលត្រូវបានពួកប្រឆាំងយកមកប្រើនៅក្នុងដំណាក់កាលដែលប្រទេសមានប្រជាធិបតេយ្យ និងមាន អ្វីៗគ្រប់បែបយ៉ាងថា ពាក្យ  “សង្រ្គោះជាតិ” ជាពាក្យរបស់គណបក្សប្រជាជនកម្ពុជា ។ ហេតុផលបើមាន ប្រជាធិបតេយ្យ ឬមានការផ្តល់ឱកាសដូចសព្វថ្ងៃគ្មានការចាំបាច់ទៅសង្រ្គោះជាតិអីទេ ។ វាមិនមែនជា រឿងនិទានមួយទេនៅកម្ពុជាសុំមើលឲ្យច្បាស់ក្នុងឯកសារ ដែលបន្សល់នូវរូបថតជាច្រើនបានបង្ហាញតួអង្គ នៃការបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជា ។ សម្តេចតេជោ ហ៊ុន សែន មាន ប្រសាសន៍ទៀតថា នេះគឺជាទិវានៃការចងចាំ ហើយចេញពីចំណុ​ចនេះហើយ ដែលអង្គការចាត់តាំងខាង យោធាត្រវបានបង្កើតឡើងខុសពីឆ្នាំ១៩៧០ ។ ឆ្នាំ១៩៧០ អង្គការចាត់តាំងខាងនយោបាយ បានកើត មុនតាមរយៈការបង្កើតរណសិរ្សរួបរួមជាតិ​​ ដឹកនាំដោយសម្តេចព្រះ នរោត្តម សីហនុ និងរាជរដ្ឋា ភិបាលនៅពេលនោះដឹកនាំដោយសម្តេច ប៉ែន នុត ។  ចំណែកកម្លាំងយោធាមិនទាន់មានទេ ។ ​ឯការ សង្រ្គោះជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត អង្គការចាត់តាំងខាងយោធាបានកើតមុនអង្គការ ចាត់តាំងនយោបាយ ហើយដែលអង្គការចាត់តាំងយោធានោះ គឺមានសម្តេចជាមេបញ្ជាការ​ដឹកនាំកងទ័ព រៀបរយនេះ ។ យើងទាំងអស់គ្នាពិតជានៅចាំបានថានៅក្នុងអំឡុងចុងឆ្នាំ ១៩៧៥ ដល់ ១៩៧៩ ប្រជា ជនកម្ពុជាទូទាំងប្រទេសបានបន់ស្រន់សុំឲ្យមានអ្នកជួយសង្រ្គោះជីវិតរបស់ខ្លួនឲ្យរស់ ទោះបីត្រូវធ្វើអ្វីក៏ធ្វើ ដែរឲ្យតែបានរស់រានមានជីវិត ។ ស្របពេលដែលប្រជាជនកម្ពុជាកំពុងដង្ហោយរកអ្នកជួយសង្រ្គោះនោះ កម្លាំងតស៊ូដឹកនាំដោយអ្នកស្នេហាជាតិមួយចំនួនដែលរត់ភៀសខ្លួនទៅកាន់ប្រទេសវៀតណាម ស្វែងរក កម្លាំងគាំទ្រពីវៀតណាមបានជួយសង្គ្រោះរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ។

សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា កម្ពុជាមិនអាចរបូតផុតពីដៃនូវសន្តិភាពទេ  ទោះជាដោយតម្លៃណាក៏ដោយកម្លាំងប្រដាប់អាវុធត្រូវក្តាប់ឲ្យជាប់ ។ អណ្តាតរបស់ពួកប្រឆាំង គឺជាមូល ហេតុនៃសង្រ្គាម ។ សុំបញ្ជាក់ឲ្យច្បាស់ គឺដោយសារតែអណ្តាតរបស់លោកនេះហើយ គឺជាមូលហេតុនៃ សង្រ្គាម ហើយបើសិនជាអស់​លោកនៅតែនិយាយអំពីការប្រមាថអំពីការគំរាមសម្លាប់ អស់លោកត្រូវ ត្រៀមក្តារមឈូសទុកឲ្យហើយ ។ ខ្ញុំសូមព្រមាន ។ ប្រជាជនកម្ពុជាស្លាប់អស់ច្រើនណាស់ ដោយសារ សង្រ្គាម ។ បើគ្មានរដ្ឋប្រហារឆ្នាំ១៩៧០ ក៏មិនមានសង្គ្រាម និងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែរ ។ ដូចនេះអ្នកកសាងកំហុសទាំងឡាយត្រូវទទួលស្គាល់ឲ្យច្បាស់នូវប្រវត្តិសាស្រ្តនេះ​ មិនមែនចាំតែមានកាំ ភ្លើងទេ អណ្តាតរបស់អ្នកឯងក៏អាចបង្កើតសង្រ្គាមបានដែរ ដរាបណាអណ្តាតរបស់អ្នកឯង,​ ការសរសេរ របស់អ្នកឯងនៅតែប្រមាថមាក់ងាយខ្ញុំ ។ ខ្ញុំនៅតែនិយាយថា កម្ពុជានៅសល់សង្រ្គាមនៅឡើយនោះ កង ទ័ពត្រូវត្រៀមជានិច្ចដើម្បីបង្រ្កាបរាល់ចលនានៃការផ្តួលរំលំ និងការធ្វើឲ្យខូចខាតដល់ប្រទេសជាតិ ។  សម្តេចតេជោបានបន្តថា​ «មានអ្នកឲ្យខ្ញុំបញ្ជាក់ថា តើរូបគេស្ថិតក្នុងចំណោមមនុស្ស១០០ ឬ ២០០នាក់ ដែលត្រូវកម្ចាត់ទេ ។ ខ្ញុំបាននិយាយថា ដើម្បីការពារសន្ដិភាព ការពារប្រជាជនរាប់លាននាក់ បើចាំបាច់ ត្រូវកម្ចាត់ ១០០ ឬ ២០០នាក់ ក៏ត្រូវតែកម្ចាត់ដែរ ។ អីចឹងសូមអ្នកស្ដាប់ឲ្យច្បាស់ ។ បើអ្នកមិនចូលរួម បំផ្លាញសន្ដិភាពទេ អ្នកមិនមែនគោលដៅនៃការកម្ចាត់ទេ ។ អ្នកណាក៏ដោយឲ្យតែមានគោលដៅបំផ្លាញ សន្ដិភាពនេះ អ្នកនឹងទទួលផលនូវអ្វីដែលអ្នកចង់ ។ អ្នកដកខ្លូនចេញទៅ»

សម្តេចតេជោក៏ធ្លាប់បានធ្វើការព្រមានផងដែរ ចំពោះអ្នកដែលចង់កំចាត់ត្រកូល ហ៊ុន ដោយសម្តេច បញ្ជាក់ច្បាស់ៗថា ត្រកូល ហ៊ុន មិនមែនសម្រាប់អ្នកឯងវ៉ៃលេងទេ ។ ត្រកូល ហ៊ុន ជាត្រកូលដែលរួម សុខរួមទុក្ខជាមួយប្រជាជនកម្ពុជា ។ ត្រកូល ហ៊ុន មិនបានយកប្រទេសនេះធ្វើជាប្រទេសផ្តាច់មុខរបស់ ខ្លួនទេ តែត្រកូល ហ៊ុន សុំធានាការពារនូវសន្តិភាពសម្រាប់ប្រទេសនេះ ការពាររដ្ឋធម្មនុញ្ញ ការពារ ព្រះមហាក្សត្រ ការពារនូវអ្វីដែលជាសមិទ្ធផលសង្គមជាតិ ។ សូមអស់លោកកុំញុះញង់បង្កើតចលាចល  ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការសង្គ្រោះប្រទេសចេញពីរបប ប្រល័យពូជសាសន៍ និងការនាំយកឧក្រិដ្ឋជនសង្រ្គាម ឧក្រិដ្ឋជនប្រល័យពូជសាសន៍ យកទៅកាត់ទោស ប្រសិនបើគេចាត់ទុកថា ការកាត់ទោសនេះត្រឹមត្រូវ មានន័យថា សម្តេចតស៊ូផ្តួលរំលំរបស់ប្រល័យពូជ សាសន៍ ប៉ុល ពត និងការជួយរបស់វៀតណាមគ្មានអ្វីខុសទេ ។

សម្តេចតេជោ ហ៊ុន សែន ធ្លាប់មានប្រសាសន៍ថា ពេលនោះ គឺជាថ្ងៃដែលមានការឈឺ ចាប់បំផុតរបស់សម្តេច ដោយសម្តេចបានធ្វើ​ដំណើរចាកចេញពីប្រទេសកម្ពុជា ភៀសខ្លួនមកកាន់ប្រទេស វៀតណាម ស្វែងរកការជួយឧបត្ថម្ភរបស់​វៀតណាម ដើម្បីឈានទៅវាយរំលំរបបប្រល័យពូជសាសន៍ ដើម្បីសង្រោ្គះប្រទេស និងប្រជាជនកម្ពុជាចេញពីរបបមួយ ដែលមិនធ្លាប់មានទាល់តែសោះលើពិភព លោក ។ សម្តេចតេជោបន្តថា ដំណើរទស្សនកិច្ចការងាររបស់សម្តេចទៅកាន់ប្រទេសវៀតណាមនៅពេល នេះ គឺជាដំណើរប្រវត្តិសាស្រ្ត និងក៏មិនមែនជារឿងដាច់ដោយឡែករបស់សម្តេចនោះទេ ប៉ុន្តែគឺជារឿង ប្រវត្តិសាស្រ្តរបស់ប្រទេស និងប្រជាជនកម្ពុជាដូចអ្វីដែលរូបសម្តេចធ្លាប់បានមានប្រសាសន៍ជម្រាបដល់ ប្រជាជនកម្ពុជាកាលពីពេលកន្លងមក ។ សម្តេចតេជោ​បន្តថា ជីវិតរបស់សម្តេច គឺជាឆាកជីវិតមួយពោរពេញទៅដោយការលំបាកខ្លាំងបើប្រៀបធៀបទៅនឹងបណ្តាមេដឹកនាំបរទេសជាច្រើនទៀតនោះ ។ តាមរយៈនេះសម្តេចសូមអរគុណ យ៉ាងជ្រាលជ្រៅបំផុតជូនចំពោះថ្នាក់ដឹកនាំ និងប្រជាជនវៀតណាម ដែលតែងតែជួយដល់រូបសម្តេច រហូតជួយវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត រហូតទទួលបាននូវសុខសន្តិភាព និងការអភិវឌ្ឍ រីកចម្រើនក្នុងដំណាក់កាលបច្ចុប្បន្ន ។

ទិវាចងចាំនៃដំណើរឆ្ពោះទៅការរំដោះជាតិពីរបបប្រល័យពូជសាសន៍ថ្ងៃ២០ មិថុនា ឆ្នាំ១៩៧៧ បានបង្ហាញឲ្យខ្មែរគ្រប់រូបឃើញច្បាស់នូវគំរូវីរភាពដ៏ឧត្តុង្គឧត្តមរបស់សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្តទាំងឡាយរបស់សម្តេច ដែលបានយកជីវិតធ្វើជាដើមទុន ហ៊ានធ្វើពលីកម្មឥតរុញរា ដើម្បី ប្រទេសជាតិ និងប្រជាជនកម្ពុជា។ គឺផ្តើមពីសកម្មភាពដ៏ប្តូរផ្តាច់នេះហើយ ដែលបាននាំដល់ការបង្កើត ប្រវត្តិសាស្រ្តកម្ពុជា ហើយថ្មីនេះប្រកបដោយមោតនភាពបំផុតហើយ ដែលខ្មែរគ្រប់រូប គ្រប់ជំនាន់គប្បី ចងចាំទុកជារៀងរហូត៕

ដោយ៖ លី ទួង

Post: វង្ស