អាជីវកម្មនៅ China Town ក្នុងសហរដ្ឋអាមេរិក កំពុងរងគ្រោះដោយសារ សង្គ្រាមពាណិជ្ជកម្ម

0
80

អន្តរជាតិ៖ ម្ចាស់អាជីវកម្មជាច្រើន ដែលកំពុងប្រកបរបររកស៊ី នៅ China Town ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក បានចាប់ផ្តើម រងផលប៉ះពាល់ហើយ ដោយសារតែ រដ្ឋាភិបាលដូណាល់ត្រាំ បានតម្លើងពន្ធពី ១០ ទៅ ២៥ភាគរយ លើទំនិញចិន ដែលមានតម្លៃជាង ២០០ពាន់លានដុល្លារអាមេរិក ហើយម្ចាស់អាជីវកម្មទាំងអស់នោះ សុទ្ធតែរកស៊ី ពឹងផ្អែកលើ ទំនិញនាំចូលពីប្រទេសចិន។

ដោយសារតែ ការចរចាពាណិជ្ជកម្មអាមេរិក និងចិន បានជាប់គាំងក្នុងខែ ឧសភា កន្លងទៅនេះ ម្ចាស់អាជីវកម្ម បានឲ្យដឹងថា ការដឹកជញ្ជូនទំនិញរបស់ពួកគេ ត្រូវបានពន្យារពេល និងកាន់តែឡើងថ្លៃ ថែមទៀត។

លោកស្រី ឆីង យេ ឆេន ម្ចាស់ហាងម៉ាត Pearl River ដែលបានបើកដំណើរការអស់ជាង ៤៨ឆ្នាំទៅហើយនោះ បានឲ្យដឹងថា ប្រជាជនទីក្រុងញូវយ៉ក ភាគច្រើន ជាអ្នកទិញទំនិញតម្លៃសមរម្យពីទីផ្សារអាស៊ី ក៏ប៉ុន្តែ តម្លៃទំនិញជាច្រើនមុខ លែងសមរម្យទៀតហើយ គឺចាប់ផ្តើមឡើងថ្លៃហើយ ព្រោះទំនិញរបស់ហាងគាត់ ស្ទើរតែ ៧០ភាគរយទៅហើយ ដែលផលិតក្នុងប្រទេសចិន។

លោកស្រី ពន្យល់ទៀតថា កាលពីមុន លោកស្រីបង់ថ្លៃពន្ធ ៣០ភាគរយទៅហើយ តែក្រោយលោក ដូណាល់ ត្រាំ បន្ថែមពន្ធ ២៥ភាគរយ លើទំនិញនាំចូលមកពីចិនទៀត ពោលគឺ លោកស្រី ត្រូវបង់ពន្ធសរុប ៥៥ភាគរយនៃថ្លៃទំនិញ។

អាជីវកម្មជាច្រើននៅក្នុង China Town នៃសហរដ្ឋអាមេរិក ទំនងជានឹងតម្លើងថ្លៃទំនិញ ឆាប់ៗនេះដូចគ្នាដែរ តែអ្នកជំនាញ បានអះអាងថា ពន្ធលើការនាំចូល មិនមែនជាបញ្ហាចំបងទេនៅពេលនេះទេ គឺមាន ការពន្យារពេលដឹកជញ្ជូនទេ ដែលជាបញ្ហាពិតប្រាកដ ដោយសារសង្គ្រាមពាណិជ្ជកម្ម។

យ៉ាងណាមិញ ម្ចាស់អាជីវកម្មនៅ China Town មិនទាន់ជាភ័យព្រួយខ្លាំងនៅឡើយទេ ដោយពួកគេ អាចនឹងតម្លើងថ្លៃទំនិញ ក៏ដូចជា នាំចូលទំនិញពីប្រទេសដទៃវិញ ដូចជា កម្ពុជា និងវៀតណាមជាដើម៕

Facebook Comments