ប្រេងឡើងថ្លៃ ក្រោយកប៉ាល់ដឹកប្រេង ២គ្រឿង រងការវាយប្រហារ នៅឈូងសមុទ្រ អូម៉ង់

0
103

អន្តរជាតិ៖ កប៉ាល់ដឹកប្រេង ២គ្រឿង ដែល ១គ្រឿងជារបស់ក្រុមហ៊ុន ជប៉ុន និង ១គ្រឿងទៀតជារបស់ក្រុមហ៊ុនន័រវែស បានរងការវាយប្រហារ នៅក្នុងឈូងសមុទ្រ អូម៉ង់ កាលពីថ្ងៃព្រហស្បតិ៍ ។ ដំណឹងវាយប្រហារធ្វើឲ្យផ្ទុះឆេះកប៉ាល់ដឹកប្រេង នៅឈូងសមុទ្រ អូម៉ង់ នេះ បានធ្វើឲ្យតម្លៃប្រេងឆៅ ឡើងថ្លៃភ្លាមប្រមាណ ៤ ភាគរយ ឬ ៦១,៧៤ ដុល្លារ ក្នុងមួយបារ៉ែល នៅទីផ្សារប្រេងអន្តរជាតិ ។

ការវាយប្រហារដោយអាថ៌កំបាំង ទៅលើកប៉ាល់ដឹកប្រេង ជប៉ុន កើតឡើងនៅចំថ្ងៃដែលនាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ីនហ្សូ អាបេ កំពុងជួបពិភាក្សាជាប្រវត្តិសាស្រ្ត ជាមួយប្រមុខដឹកនាំសាសនា អ៊ីរ៉ង់ ក្នុងកិច្ចប្រឹងប្រែងបន្ថយភាពតានតឹងរវាងអាមេរិក និងអ៊ីរ៉ង់ ។ ការវាយប្រហារទៅលើកប៉ាល់ដឹកប្រេងទាំង ២ គ្រឿង កើតមានឡើងនៅក្នុងឈូងសមុទ្រ អូម៉ង់ ដែលជាច្រកចេញចូលដ៏សំខាន់ សម្រាប់កប៉ាល់ដឹកប្រេងក្នុងពិភពលោក ។ កន្លែងដែលកប៉ាល់ដឹកប្រេងទាំងពីរ រងការវាយប្រហារកាលពីថ្ងៃព្រហស្បតិ៍ ស្ថិតនៅក្នុងដែនទឹករវាងប្រទេសអ៊ីរ៉ង់ និង អារ៉ាប់រួម អេមីរ៉ាត ។

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ ព័ត៌មានអ៊ីរ៉ង់ Irna កប៉ាល់ដឹកប្រេងរបស់ក្រុមហ៊ុន ន័រវែស (Front Altair) ដែលមានទង់ជាតិកោះ Marshall ដែលដឹកប្រេង Ethanol ជាង ១សែនតោន (១១១ ០០០) ចេញពីប្រទេសកាតា សំដៅកោះតៃវ៉ាន់ បានផ្ទុះឆេះ ដោយសារការវាយប្រហារ ។ មួយម៉ោងក្រោយ ស្រាប់តែកប៉ាល់ដឹកប្រេងមួយទៀត ដែលជារបស់ក្រុមហ៊ុនជប៉ុន (ឈ្មោះ Kokoka Courageous) ដែលដឹក Methanol ចេញពីអារ៉ាប៊ី សាអូឌីត សំដៅប្រទេសសិង្ហបុរី ក៏រងការវាយប្រហារដូចគ្នា ។

តាមទីភ្នាក់ងារព័ត៌មានអ៊ីរ៉ង់ ការវាយប្រហារទៅលើកប៉ាល់ដឹកប្រេង កាលពីថ្ងៃព្រហស្បតិ៍ មិនបានបណ្តាលឲ្យមានប្រេងលេចចូលសមុទ្រ និង ធ្វើឲ្យមានអ្នករងរបួសទេ ព្រោះអ្នកធ្វើការទាំង ៤៤នាក់ របស់កប៉ាល់ដឹកប្រេងទាំងពីរ បានលោតចុះទឹកទាន់ពេលវេលា និង ត្រូវបានជួយសង្រ្គោះ ដោយកប៉ាល់សង្រ្គោះអ៊ីរ៉ង់ ។ ការវាយប្រហារទៅលើកប៉ាល់ទាំង ២ នៅតែអាថ៌កំបាំង គ្មានអ្នកចេញមុខទទួលខុសត្រូវឡើយ ហើយរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ លោក ម៉ូហាម៉េដ ហ្សាវ៉ា ហ្សារីហ្វ បានសំដែងការព្រួយបារម្ភ និង សង្ស័យពីចេតនារបស់ឧក្រិដ្ឋជន ដែលវាយប្រហារទៅលើកប៉ាល់ដឹកប្រេងជប៉ុន នៅចំពេលដែលនាយករដ្ឋមន្រ្តីជប៉ុន កំពុងជួបពិភាក្សាជាប្រវត្តិសាស្រ្ត ជាមួយប្រមុខដឹកនាំសាសនាអ៊ីរ៉ង់ នៅទីក្រុងតេហេរ៉ង់ ។

នាវាចម្បាំងទី៥ របស់អាមេរិក ដែលមានវត្តមាននៅឈូងសមុទ្រពែរ្ស បានអះអាងថា អាមេរិកបានទទួលសញ្ញាអាសន្នពីកប៉ាល់ទាំងពីរ ដែលបានលើកឡើងពីការវាយប្រហារ ទៅលើកប៉ាល់របស់ពួកគេ ។ (ក្យូដូ ថ្ងៃទី១៤ ខែមិថុនា)

Facebook Comments