លោក ខាមេនី ប្រាប់លោក អាបេ ថា លោក ត្រាំ មិនសក្តិសមឆ្លើយឆ្លងជាមួយលោកទេ

0
53

អន្តរជាតិ៖ លោក ស៊ីនហ្សូ អាបេ កាលពីថ្ងៃព្រហស្បតិ៍ បានក្លាយជានាយករដ្ឋមន្រ្តីជប៉ុនដំបូងគេ ដែលបានចូលជួបពិភាក្សាជាមួយប្រមុខដឹកនាំសាសនាកំពូលរបស់អ៊ីរ៉ង់ ក្នុងកិច្ចប្រឹងប្រែងកាត់បន្ថយភាពតានតឹង រវាងវ៉ាស៊ីនតោន និង ទីក្រុងតេហេរ៉ង់។ ប៉ុន្តែឆ្លើយតបទៅនឹងលោកនាយករដ្ឋមន្រ្តី ជប៉ុន ដែលជាសម្ព័ន្ធមិត្តរបស់អាមេរិក និង ជាអ្នកនាំសាររបស់លោក ដូណាល់ ត្រាំ ប្រមុខដឹកនាំសាសនាអ៊ីរ៉ង់ លោក អាលី ខាមេនី បាននិយាយថា លោក ដូណាល់ ត្រាំ មិនសក្តិសមនឹងទទួលបានសារឆ្លើយឆ្លងពីលោកនោះទេ ។

ប្រមុខសាសនាអ៊ីស្លាមអ៊ីរ៉ង់ បានបដិសេធមិនទទួលយកសំណើចរចា ជាមួយអាមេរិក និងមិនផ្ញើសារឆ្លើយតប ទៅប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ វិញទេ មិនថា នៅពេលនេះ ឬ ទៅថ្ងៃអនាគត ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានអ៊ីរ៉ង់ Fars ។

សម្រាប់ប្រមុខសាសនាអ៊ីរ៉ង់លោក អាលី ខាមេនី អ៊ីរ៉ង់នឹងមិនបង្កើតឲ្យមានសាជាថ្មីនូវបទពិសោធន៍ដ៏ល្វីងជូចត់នៃការចរចា ជាមួយអាមេរិកនោះទេ ព្រោះថា អ៊ីរ៉ង់មិនជឿថា អាមេរិកមានចិត្តស្មោះត្រង់ក្នុងការចរចា ជាមួយអ៊ីរ៉ង់នោះឡើយ ។ យោងតាមទីភ្នាក់ងារព័ត៌មានអ៊ីរ៉ង់ដដែល មេដឹកនាំកំពូលរបស់បដិវត្តអ៊ីរ៉ង់ បានចាត់ទុកសំដីរបស់ប្រធានាធិបតីអាមេរិក ថាជាការភូតកុហក នៅពេលលោក ដូណាល់ ត្រាំ និយាយថា លោកគ្មានបំណងចង់ឲ្យមានការផ្លាស់ប្តូររបបនៅអ៊ីរ៉ង់នោះទេ ។ ជាសម្ព័ន្ធមិត្តរបស់អាមេរិក ប៉ុន្តែ ជាអតិថិជនទិញប្រេងសំខាន់របស់អ៊ីរ៉ង់ ប្រមុខរដ្ឋាភិបាលជប៉ុន លោក ស៊ីនហ្សូ អាបេ បានធ្វើទស្សនកិច្ចជាលើកទី១ ក្នុងនាមជាមេដឹកនាំជប៉ុន ចាប់តាំងពីមានបដិវត្តន៍សាសនានៅអ៊ីរ៉ង់ ។

នៅក្នុងសន្និសីទកាសែត ជាមួយប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសាន់ រ៉ូហានី លោកនាយករដ្ឋមន្រ្តី ជប៉ុន បានលើកឡើងពីការចង់បានសន្តិភាព ស្ថិរភាពនៅក្នុងតំបន់ដើមបូព៌ា និងការចូលរួមដើរតួនាទីសំខាន់របស់ជប៉ុន ដើម្បីកាត់បន្ថយភាពតានតឹង ។ (Reuters ថ្ងៃទី១៤ ខែមិថុនា)

Facebook Comments