ហុងកុង៖ ក្រោយការប៉ះទង្គិចយ៉ាងហិង្សា ស្ថានការណ៍បានត្រឡប់មករកភាពស្ងប់ស្ងាត់វិញ

0
41

អន្តរជាតិ៖ បន្ទាប់ពីមានការប៉ះទង្គិចគ្នាយ៉ាងហិង្សា រវាងក្រុមបាតុករ និង កម្លាំងប៉ូលិសកាលពីថ្ងៃពុធ ទី១២ ខែមិថុនា ក៏មានការជួបជុំគ្នាជាថ្មីពេញមួយថ្ងៃកាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែមិថុនាមក ស្ថានការណ៍ហាក់បានត្រឡប់មករកភាពស្ងប់ស្ងាត់ឡើងវិញនៅយប់ថ្ងៃព្រហស្បតិ៍ដដែល ។ ចំណែកសេចក្តីព្រាងច្បាប់ដ៏ចម្រូងចម្រាស ស្តីពីការធ្វើបត្យាប័ន ជនសង្ស័យហុងកុងទៅកាត់ទោសនៅចិនប៉េកាំង ត្រូវបានសភាហុងកុង លើកពេលពិនិត្យទៅថ្ងៃក្រោយវិញ ដោយមិនបានបញ្ជាក់ពីថ្ងៃខៃច្បាស់លាស់ទេ ។

យ៉ាងណាក៏ដោយ ក្រុមបាតុករបានប្រកាសថា ពួកគេនឹងនាំគ្នាចុះធ្វើបាតុកម្មកាន់តែធំ នៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ ។ អ្វីដែលគេបានសម្គាល់ឃើញ នៅក្នុងក្បួនបាតុកម្ម ប្រឆាំងនឹងសេចក្តីព្រាងច្បាប់មួយនេះ គឺវត្តមានជាថ្មីរបស់ហ្វូងយុវជន នៅជួរមុខក្បួនបាតុកម្ម ។

លោក Jimmy Sham នៃអង្គការសិទ្ធិមនុស្ស Civil Human Rights Front ដែលជាអង្គការចម្បងមួយ នៅក្នុងការដឹកនាំបាតុកម្មនេះ បាននិយាយថា៖ «យើងនឹងតស៊ូ ជាមួយប្រជាពលរដ្ឋហុងកុងរហូតដល់ទីបញ្ចប់‍» ។ លោកបានបន្ថែមថា ពួកគេបានដាក់ពាក្យដល់អាជ្ញាធរ ដើម្បីសុំសិទ្ធិធ្វើបាតុកម្មនៅថ្ងៃអាទិត្យខាងមុខនេះហើយ ។

លោកបានប្រាប់អ្នកកាសែតថា៖ ‍«នៅពេលប្រឈមនឹងការធ្វើព្រងើយកន្តើយ ការមិនធ្វើតាមការទាមទារ និងការគាបសង្កត់ គឺវាកាន់តែធ្វើឲ្យយើងមានភាពខ្លាំងក្លាបន្ថែមទៀត គឺប្រជាពលរដ្ឋហុងកុងកាន់តែច្រើនជាងមុននឹងចូលរួមនៅក្នុងការតវ៉ានេះ‍» ៕ (ស៊ីនហួរ ថ្ងៃទី១៤ ខែមិថុនា)

Facebook Comments